បន្ទាយមានជ័យៈ ស្ថានភាពនៅក្រុងប៉ោយប៉ែត នាពេលនេះ មុនដំបូង ជំនន់ទឹកភ្លៀង បានលិចទីធ្លាវត្តស្ទឹងបត់ ជាប់អូរ (ស្តឹង) ព្រំដែនកម្ពុជា ថៃ នាភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ។
លោក ញឹម ផឿង នាយករដ្ឋបាលសាលាក្រុងប៉ោយប៉ែត បានអោយដឹង នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ថាៈ លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាល ក្រុងប៉ោយប៉ែត អមដំណើរដោយលោក កែវ តារារស្មី អភិបាលរង មន្ត្រីរាជអាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ ចុះពិនិត្យមើលស្ថានភាព ទឹកជំនន់លិច វត្តស្ទឹងបត់ និងភូមិស្ទឹងបត់ ហើយរកវិធីដោះស្រាយ រំដោះទឹកជំនន់។
លោកបានបន្តថាៈ ប៉ុន្តែស្ថានភាពទឺកជំនន់ ពីទឹកភ្លៀង និងពីព្រំដែនកម្ពុជា ថៃ បានហក់ឡើង ច្រើនឡើងក្រឺតៗ ។ ចំណែកមេឃ រកតែបង្អុរភ្លៀង ថ្មីៗមកទៀត។
បើតាមប្រភពព័ត៌មាននានា បានអោយដឹង នាព្រលប់ ថ្ងៃទី៣ ខែកញ្ញានេះថាៈ យោងប្រវត្តិ ស្ថានភាពទឹកជំនន់ និងជំនន់ទឹកភ្លៀង នៅព្រំដែន និងភូមិសាស្ត្រ ក្រុងប៉ោយប៉ែត (ប៉ែកខាងត្បូង) ទំនងជាចៀសមិនផុត ពីត្រូវលិចលង់ ដោយទឹកជំនន់ ដូចរាល់ឆ្នាំទៀតហើយ។ នោះមកពីស្ថានភាព ដីទំនាបបាតខ្ទះ ហើយផ្លូវទឹកធម្មជាតិ និងប្រឡាយរំដោះទឹក នៅពុំទាន់មានសមស្រប តែដដែល នៅឡើយ ៕
ប្រភព : រស្មីកម្ពុជា