ស្ត្រីម្នាក់ស្រែកទ្រហោយំ ចោទប្រកាន់លោកស្នងការរងនគរបាលខេត្តប៉ៃលិនម្នាក់ហៅប្តីគាត់ទៅផឹកស៊ី ដូចហៅទៅឱ្យគេវាយសម្លាប់

0
424

ខេត្តប៉ៃលិន ៖ ស្រ្តីម្នាក់ ស្រែកទ្រហោយំ ក្រោយលោកស្នងការរងនគរបាលខេត្តប៉ៃលិន បានទូរស័ព្ទ ហៅប្តីរបស់ខ្លួនទៅផឹកស៊ីនៅក្នុងរោងដីចំការ ដែលនៅក្បែរគ្នា តាំងពីម៉ោង៦ល្ងាច រហូតដល់វេលាម៉ោង១០យប់ ស្រាប់តែទូរស័ព្ទហៅទៅយកប្តី ប្រាប់ថាមិនស្រួលខ្លួន ។ ពេលគាត់ទៅដល់ភ្លាមឃើញប្តីរងរបួសក្បាលផ្នែកខាងក្រោយធ្ងន់ធ្ងរ ដេកស្លាប់ក្នុងថ្លុកឈាមបាត់ទៅហើយ ។ គេសង្ស័យថា ជាករណីឃាតកម្ម ដោយកម្លាំងនគរបាលឃាត់ខ្លួន ជនសង្ស័យម្នាក់ ខណ:លោកស្នងការរងបានឆ្លើយឡើងថា ជនរងគ្រោះដួលធ្លាក់ពីលើស្ពានថ្មរងរបួសស្លាប់ដោយខ្លួនឯង ។


ហេតុការណ៍ បុរសម្នាក់ដេកស្លាប់នៅលើស្ពានថ្មដីចំការលោកស្នងការរងដោយសង្ស័យជាករណីឃាតកម្មនេះ បានកើតឡើង កាលពីវេលាម៉ោង១០ និង១០នាទីយប់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតលើដីចំការលោក សោម ប៉ិម ស្នងការរងនគរបាលខេត្តប៉ៃលិន ក្នុងភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
ប្រភពព័ត៌មានបានឱ្យដឹងថា ៖ ជនរងគ្រោះ មាន ឈ្មោះ ប៉ូត ពៅ ភេទប្រុស អាយុ៥៥ឆ្នាំ មានប្រពន្ធ ឈ្មោះ សំ អឿន អាយុ៤៩ឆ្នាំ មានកូន៤នាក់ក្នុងបន្ទុក ស្រី២ ប្រុស២ រស់នៅភូមិកើតហេតុខាងលើ ។ ចំណែកជនសង្ស័យម្នាក់ ត្រូវបាននគរបាលឃាត់ខ្លួន មាន ឈ្មោះ យឹម ខេង ភេទប្រុស អាយុ៥៥ឆ្នាំ ជាកម្មករទឹកស្អាត រស់នៅភូមិក្បាលព្រលាន សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ។
បើតាមប្រភពពីស្រ្តី ឈ្មោះ សំ អឿន បានអះអាងឱ្យដឹងថា ៖ កាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ លោកស្នងការរងនគរបាលខេត្តប៉ៃលិន ដែលមានដីចំការនៅជាប់នឹងផ្ទះរបស់ខ្លួន បានទូរស័ព្ទហៅប្តីទៅជួបជុំមិត្តភក្តិ ផឹកស៊ីនៅកន្លែងខ្យុសក្នុងដីចំការរបស់ខ្លួន ។ គាត់បន្តទៀតថា ក្រោយពេលផឹកស៊ីតាំងពីល្ងាច រហូតដល់វេលាម៉ោង១០យប់ថ្ងៃដដែល ឃើញលោក សោម ប៉ិម ស្នងការរងនគរបាលខេត្ត ទូរស័ព្ទហៅឱ្យគាត់ទៅយកប្តី ដោយប្រាប់ថា មិនស្រួលខ្លួន ។

ពេលនោះគាត់ទៅជិតដល់កន្លែងកើតហេតុ ស្រាប់តែឮសម្លេងប្តីរបស់ខ្លួនស្រែកយំយ៉ាងក្រលួចឱ្យគេជួយ ស្របពេលនោះគាត់ជាប់ផុងស្បែកជើងព្រោះភ្លៀងធ្លាក់ខ្លាង ក៏ខំប្រឹងដកជើងចេញ បន្តរត់ទៅដល់លើស្ពានថ្ម ឃើញប្តីរបស់ខ្លួនដាច់ខ្យល់ស្លាប់បាត់ទៅហើយ ដោយមានស្នាមរបួសបែកក្បាលផ្នែកខាងក្រោយធ្ងន់ធ្ងរ ហូរឈាមជោកតែម្តង ។
ស្រ្តីខាងលើ ក៏បានសំណូមពរឱ្យអាជ្ញាធរមានសមត្ថកិច្ចជួយរកយុត្តិធម៌ជូនប្តីរបស់គាត់ ខណ:ដែលលោកស្នងការនគរបាលខេត្តប៉ៃលិន ទូរស័ព្ទហៅប្តីខ្លួនឱ្យទៅផឹកស៊ីសម័យកូវីដ១៩ ដែលគេហាមមានការជួបជុំ ដូចជាហៅឱ្យគេវាយសម្លាប់ប្តីរបស់ខ្លួន ទុកឱ្យគាត់រស់នៅមេម៉ាយមានកូន៤នាក់ក្នុងបន្ទុក ។
ពាក់ព័ន្ធទៅនឹងបញ្ហានេះ លោក សោម ប៉ិម ស្នងការរងនគរបាលខេត្តប៉ៃលិន បានឱ្យដឹងថា ៖ ខាងលោកមិនបានទូរស័ព្ទហៅជនរងគ្រោះឱ្យទៅផឹកស៊ីនៅលើខ្យុសក្នុងដីចំការរបស់ខ្លួនឡើយ គឺជនរងគ្រោះទៅចូលរួមផឹកស៊ីខ្លួនឯង ហើយលោកក៏បិទទូរស័ព្ទភ្លាមៗ ដោយប្រាប់ថា កំពុងជាប់រវល់ ព្រោះមានព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ចុះទៅពិនិត្យកន្លែងកើតហេតុ ហើយក៏បិទទូរស័ព្ទភ្លាមៗតែម្តង ។
ចំណែកលោក សេង សុគន្ធ ស្នងការនគរបាលខេត្តប៉ៃលិន បានឱ្យដឹងដែរថា ៖ បុរសម្នាក់ដែលស្លាប់ខាងលើ គេសង្ស័យថា ជាករណីឃាតកម្ម ហើយមន្រ្តីនគរបាល ក៏បានឃាត់ខ្លួនជនសង្ស័យម្នាក់ យកទៅសួរនាំនៅស្នងការនគរបាលខេត្ត ដើម្បីចាត់ការបន្ត ៕

LEAVE A REPLY

Please enter your comment!
Please enter your name here