រកឃើញវិជ្ជមានកូវីដ១៩ លើកម្មករជិត ១០០នាក់ ក្នុងរោងចក្រមួយកន្លែង សង្កាត់ព្រែកឯង

0
501

រាជធានី​ភ្នំពេញ៖ ក្នុង​រយៈពេល​២​ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី​០១ និង​ថ្ងៃ​ទី​០២ ខែកញ្ញា ឆ្នាំ​២០២១នេះ ​ក្រុម​គ្រូពេទ្យធីតា  បានរក​ឃើញ​មាន​វិជ្ជមាន​កូ​វី​ដ​១៩ លើក្រុម​កម្មករ​ផ្នែក​សាងសង់​ជិត​១០០​នាក់ ​បម្រើ​ការ​ក្នុង​ក្រុមហ៊ុន​មួយ​កន្លែង​ឈ្មោះ VATTANAC (BERWERY) គឺជា​រោងចក្រ​ផលិត​ស្រា​បៀរ មានអាស័យដ្ឋាន ស្ថិត​ក្នុង​ផ្លូវ​លេខ​១១៤ ក្នុងភូមិ​រំ​បោះ​អង្កាញ់ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារ​អំពៅ។
សូមជម្រាបថា រោងចក្រ​ផលិតស្រាបៀរខាងលើ ពុំ​ទាន់​ដំណើរការ​សង្វា​ក់​ផលិតកម្ម​របស់​ខ្លួន​ឡើយ ពោល គឺ​កំពុង​តែ​ដំណើរការ​សាងសង់​ទីតាំង​ប៉ុណ្ណោះ ដោយ​មាន​ចំនួន​កម្មករ​សរុប​ជិត​១​ពាន់​នាក់​កំពុងធ្វើការ​សាងសង់។

បើយោងតាម លោក​វរសេនីយ៍ត្រី ពៅ ពិសី នាយ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ព្រែក​ឯង បាន​បញ្ជាក់​អោយ​ដឹង​ថា ដំបូង​ឡើយ​នៅ​វេលា​ម៉ោង​១៩​យប់ ថ្ងៃ​ទី​០១ ខែសីហា ឆ្នាំ​២០២១ ក្រុម​គ្រូពេទ្យ​បាន​តេ​ស្តិ៍​សំណាក​រក​ឃើញ​មាន​កម្មករ​ក្នុង​រោងចក្រ​ចំនួន​៣៣​នាក់ មាន​ស្រី​០៥​នាក់ ដែល​មាន​វិជ្ជមាន​កូ​វី​ដ​១៩ ព្រោះតែ ពួក​គេ​បាន​ប៉ះពាល់​ជាមួយ​អ្នក​វិជ្ជមានកូវីដ១៩ ។
ក្រោយពីរក​ឃើញ​មាន​កម្មករ​វិជ្ជមាន​ហើយ​នោះ​ នៅ​វេលា​ថ្ងៃត្រង់​ថ្ងៃ​ទី​០២ ខែកញ្ញា ឆ្នាំ​២០២១ ក្រុម​គ្រូពេទ្យ​ធីតា ក៏​បាន​បន្ត​ចុះ​ធ្វើ​សំណាក​លើ​ក្រុម​កម្មករ​ទាំងអស់​ក្នុង​រោងចក្រ​ចំនួន​៦៧៩​នាក់ មាន​ស្រី​១៩១​នាក់ ។
ទីបំផុត ការ​តេស្ត​សំណាក​រួច​មក​ក្រុម​គ្រូពេទ្យ​បាន​រក​ឃើញ​កម្មករ​ចំនួន​៥១​នាក់ ក្នុង​នោះ​មាន​ជនជាតិ​ខ្មែរ​៣៧​នាក់ (​ស្រី​១០​នាក់​) និង​ជនជាតិ​វៀតណាម​១៤​នាក់ ដែល​មាន​វិជ្ជមាន​កូ​វី​ដ​១៩។


ដូច្នេះ លទ្ធផល​រួម​ទាំង​២​ថ្ងៃ គឺ​ក្រុម​គ្រូពេទ្យ​បាន​ពិនិត្យ​រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩ សរុប​៨៤​នាក់។
គួរបញ្ជាក់ផងដែរថា ចំពោះអ្នក​ដែលត្រូវបានតេស្តឃើញមានលទ្ធផល​វិជ្ជមានមេរោគកូវីដ១៩ គឺ​ត្រូវ​បានដឹក​យក​ទៅ​ព្យាបាល។ ខណៈអ្នក​ដែល​បាន​ឆ្លងកាត់​ការ​តេស្ត​សំណាក​ទាំងអស់ គឺ​តម្រូវ​ឱ្យធ្វើ​ច​ត្តា​ឡី​ស័កដាក់ខ្លួនដាច់ដោយឡែក ​នៅ​ក្នុង​រោងចក្រ​ផ្ទាល់​តែ​ម្តង ដើម្បី​តាមដាន​អាកា​រៈ និង​រង​ចាំ​ការ​តេស្ត​សំណាក​ជា​បន្តបន្ទាប់​នៅ​ពេល​ក្រោយ។
ក្នុង​នោះ​ដែរ ភាគី​ខាង​ថៅកែ​រោងចក្រ ជា​អ្នកធានារ៉ាប់រងទទួលខុសត្រូវ​លើ​ការ​ហូប​ចុក និង​ស្នាក់​នៅ​ទាំងអស់​កំឡុង​ជាប់ការធ្វើច​ត្តា​ឡី​ស័ក​នេះ។ ចំណែកឯ ទីតាំង​រោងចក្រខាងលើ មកទល់ពេលនេះ​ ត្រូវ​បានបិទ​ខ្ទប់​បណ្តោះអាសន្ន ដោយ​មាន​កងកម្លាំង​សមត្ថកិច្ច​ប្រចាំការ​យាមកាមយ៉ាងតឹងរ៉ឹង​៕

LEAVE A REPLY

Please enter your comment!
Please enter your name here