ព្រះសីហនុៈ លោក សរ កក្កដា អភិបាលស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានប្រាប់ឲ្យ រស្មីកម្ពុជាដឹង នៅល្ងាចថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១នេះថាៈ មានពលរដ្ឋ ជាអាជីវករ មួយគ្រួសារ មានគ្នាចំនួន ៦ នាក់ ក្នុងនោះ មានមនុស្សចាស់ ចំនួន ៤ នាក់ និងក្មេងតូច ២ នាក់ រស់នៅភូមិបឹងវែង ទីប្រជុំជនវាលរេញ ត្រូវបានគ្រូពេទ្យធ្វើតេស្ត សំណាករកឃើញមាន ឆ្លងកូវីដ-១៩ បំប្លែងថ្មី ដែលតា (Delta) បច្ចុប្បន្ន ត្រូវបាននាំយក ទៅកន្លែងព្យាបាលហើយ។
លោកអភិបាលស្រុក បានបន្ថែមថាៈ នៅល្ងាចថ្ងៃដដែលនេះ កម្លាំងចំរុះរបស់ គណៈបញ្ជាការឯកភាព រដ្ឋបាលស្រុកព្រៃនប់ បានចុះណែនាំប្រជាពលរដ្ឋ លក់ដូរ នៅតាមផ្ទះទាំងអស់ ម្តុំខាងមុខផ្សារវាលរេញ ស្រុកព្រៃនប់ ឲ្យបិទផ្អាកការលក់ដូរ ជាបណ្តោះអាសន្នសិន ដើម្បីអាជ្ញាធរ គ្រប់គ្រង និងកាត់ផ្តាច់ ប្រភពចម្លង មិនឲ្យរាលដាល បន្តទៀត៕
ប្រភព : រស្មីកម្ពុជា