បន្ទាប់ឃើញចំណងជើងផលិតទឹកសុទ្ធឲ្យជ្រូកផឹក ជឿថាមានបងប្អូនខ្លះប្រាកដជាឆ្ងល់ថា ហេតុអ្វីបានជាចាំបាច់ផលិតទឹកសុទ្ធឲ្យជ្រូកផឹក? តើការផលិតទឹកសុទ្ធឲ្យជ្រូកផឹកនេះ មានផលប្រយោជន៍អ្វីខ្លះទៅដល់សត្វជ្រូករបស់យើង?
ជាការពិតណាស់កាលពីពេលថ្មីនេះបណ្ឌិត ម៉ុង ឫទ្ធី ដែលត្រូវបានគេដាក់រហ័សនាមថាជាបិតាកសិកម្មនៅស្រុកខ្មែរ បានបង្ហោះវីដេអូមួយដែលនិយាយអំពីការងារសាងសង់ទំនប់ទឹក និងអាងចម្រោះទឹកបរិសុទ្ធ សម្រាប់អោយជ្រូកផឹក ដែលត្រូវចំណាយថវិការអស់ប្រមាណជាជាងUSD2,000,000,00 (ពីរលានដុល្លារ)។
តាមរយៈវីដេអូខ្លីនោះដែរ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ក៏បានបញ្ចាក់ឲ្យដឹងផងដែរថា មូលហេតុដែលឯកឧត្តមចំណាយថវិកាដ៏ច្រើនដើម្បីផលិតទឹកបរិសុទ្ធ ក៏ព្រោះតែឯកឧត្តមបានគិតគូពីសុខភាពរបស់ជ្រូក ប្រភពទឹកគឺជាកត្តាសំខាន់បំផុតសម្រាប់ជ្រូកដូច្នេះហើយអ្នកចិញ្ចឹមជ្រូកគួរតែគិតគូរឲ្យបានម៉ត់ចត់ជាមួយរឿងទាំងនេះ។
មួយវិញទៀត ដើម្បីសុវត្ថិភាពម្ហូបអាហារ យើងត្រូវគិតចាប់តាំងពីបន្តពូជ រហូតដល់លើចានម្ហូបតែម្តង បើយើងមិនហ៊ានចំណាយថវិកា ទៅលើការងារបន្សុតពូជ ទឹក ចំណី និងថែទាំទេនៅពេលដែលជ្រូកឆ្លងរោគនោះ យើងនិងត្រូវទទួលការខាតបង់រិតតែ ធ្ងន់ធ្ងរជាងនេះទៅទៀត ។ ពិតប្រាកដណាស់ ជ្រូកអាចលូតលាស់បានល្អ ឆាប់ធំ និងមានសុខភាពល្អ គឺទាមទាឲ្យអ្នកចិញ្ចឹមមើលថែឲ្យបានដិតដល់ តាំងពីនៅតូចរហូតដល់ពេលចាប់លក់ មិនសខុសអីពីមនុស្សនោះទេ កាលណាយើងហូបចំណីអាហារដែលមានជីវជាតិខ្ពស់ សម្បូរទៅដោយសារធាតុចិញ្ចឹមនោះយើងនឹងមានសុខភាពល្អ នឹងឈ្នះជំងឺទាំងឡាយ។
គូសបញ្ជាក់ផងដែរថា ការគិតគូរយ៉ាងល្អិតល្អន់ចំពោះសុខភាពសត្វបែបនេះ គឺជាគំរូដ៏ល្អមួយដើម្បីចែករំលែកទៅដល់កសិករផ្សេងទៀត បើទោះជាយើងមិនមានលទ្ធភាពក្នុងការកែច្នៃទឹកបរិសុទ្ធឲ្យជ្រូកផឹកក៏ដោយ ប៉ុន្តែយើងក៏ត្រូវគិតគូពីប្រភពទឹកឲ្យបានត្រឹមត្រូវមុននឹងយកមកឲ្យជ្រូក ក៏ដូចជាសត្វចិញ្ចឹមផ្សេងទៀតផឹក៕ ប្រភព៖ Business Cambodia