ក្រុមតាលីបង់ទើបប្រទះជាលើកទី១ បាតុកម្មតវ៉ារបស់ស្ត្រីអាហ្វហ្កានីស្ថាន

0
74

ត្រលប់ចូលកាន់អំណាចបានតែ ២សប្តាហ៍ ក្រុមតាលីបង់បានស្គាល់រសជាតិជាលើកទី១ បាតុកម្មតវ៉ារបស់ ស្រ្តីអាហ្វហ្កានីស្ថាន។ នៅទីក្រុង Hérat ភាគខាងលិចប្រទេស ស្រ្តីអាហ្វហ្កានីស្ថានជាង ៥០នាក់ បានធ្វើបាតុកម្មទាមទារសិទ្ធិទទួលបានការសិក្សា ការងារ និងសន្តិសុខក្នុងសង្គម។ តាមអ្នកកាសែតរបស់ទីភ្នាក់ងារព័ត៌មានបារាំង AFP ទាហានតាលីបង់បានត្រឹមឈរមើលដោយគ្មានអន្តរាគមន៍ ប្រើកម្លាំងហិង្សាបង្រ្កាបនោះទេ។ មានកាន់បដាសរសេរជាអក្សរអង់គ្លេស និងអាហ្វហ្កានីស្ថាន ស្រ្តីអាហ្វហ្កានីស្ថានមិនខ្លាចអំណាច អំពើហិង្សារបស់ទាហានតាលីបង់ ដែលសំអាងច្បាប់អ៊ីស្លាម ដើម្បីបំបិទសិទ្ធិមនុស្សស្រីនៅអាហ្វហ្កានីស្ថាន។ ពួកគេបានស្រែកថា “ពួកយើងមិនខ្លាច ពួកយើងរួបរួមគ្នាជានិច្ច”។ ពួកគេបានស្រែកទាមទារសិទ្ធិធ្វើការ និងតួនាទីក្នុងអនាគតរដ្ឋាភិបាលថ្មី។ តាមអ្នករៀបចំបាតុកម្មម្នាក់ ក្រុមតាលីបង់កំពុងបន្តចរចាជាមួយគ្រប់ភាគី ដើម្បីបង្កើតរដ្ឋាភិបាល ដែលមានការចូលរួមពីគ្រប់និន្នាការនយោបាយ ប៉ុន្តែនៅរាល់ការពិភាក្សាចរចា គេមិនបាននិយាយពីការចូលរួមរបស់មនុស្សស្រីនោះទេ។ ប្រជាជនអាហ្វហ្កានីស្ថាន និងពិភពលោកកំពុងរង់ចាំតាមដានមើលការបង្កើតរដ្ឋាភិបាលថ្មី ដែលក្រុមតាលីបង់បានសន្យាដាក់បញ្ចូលគ្រប់ភាគីនយោបាយ។ តាមប្រភពតាលីបង់ ដែលដកស្រង់សំដីដោយទីភ្នាក់ងារព័ត៌មានបារាំង ថ្នាក់ដឹកនាំតាលីបង់អាចប្រកាសសមាសភាពរដ្ឋាភិបាលថ្មី នៅក្រោយពិធីសូត្រធម៌ នៅថ្ងៃសុក្រនេះ។ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អង់គ្លេស BBC អនុប្រធានការិយាល័យនយោបាយ នៅទីក្រុងដូហា ប្រទេសកាតារ Sher Mohammad Abbas Stanekzai បានអះអាងសាជាថ្មី ពីការសន្យាបង្កើតរដ្ឋាភិបាលចម្រុះ។ លោកបានបញ្ជាក់ដែរថា មនុស្សស្រីនឹងត្រូវអនុញ្ញាតឲ្យធ្វើការ ប៉ុន្តែនឹងគ្មានមនុស្សស្រីក្នុងតំណែងជាន់ខ្ពស់របស់រដ្ឋាភិបាល ដូចជា រដ្ឋមន្រ្តី ឬអ្នកទទួលខុសត្រូវសំខាន់របស់រដ្ឋាភិបាលនោះទេ។ អ្នកនយោបាយតាលីបង់ព្យាយាមបង្ហាញជំហរអធ្យាស្រ័យ ដើម្បីបញ្ចុះបញ្ចូលសហគមន៍អន្តរជាតិឲ្យបំភ្លេចចោលរូបភាពផ្តាច់ការ ការប្រព្រឹត្តអំពើហិង្សាទៅលើអ្នកប្រឆាំង និងការអនុវត្តច្បាប់អ៊ីស្លាមដ៏តឹងរ៉ឹង បិទសិទ្ធិមនុស្សស្រី នៅក្នុងអំឡុងកាន់អំណាចពីឆ្នាំ ១៩៩៦ ដល់ឆ្នាំ២០០១៕ AFP

LEAVE A REPLY

Please enter your comment!
Please enter your name here