កម្ពុជាគឺជាឋានសួគ៌សេរីភាពនៃសារព័ត៌មាន

0
105

កម្ពុជាគឺជាប្រទេសដែលប្រកាន់យករបបប្រជាធិបតេយ្យ សេរី និយម ពហុបក្ស ។ សេរីភាពសារព័ត៌មាន និងការបញ្ចេញមតិដែលធានាដោយរដ្ឋធម្មនុញ្ញ ត្រូវបានលើកស្ទួយ និងកំពុងមានការវិវត្តន៍ជាវិជ្ជមានគួរកត់សម្គាល់បំផុត។ បើធៀបនឹងប្រទេសជាច្រើននៅលើពិភពលោក ព្រះរាជាណាចក្រកម្ពុជា គឺជាឋានសួគ៌សេរីភាពនៃសារព័ត៌មាន នេះបើយើងមិននិយាយដល់ថា កម្ពុជាគឺជាឋានសួគ៌នៃសមាគម និងអង្គការមិនមែនរដ្ឋាភិបាលទាំងក្នុងស្រុក និងបរទេសផងនោះ។

គិតត្រឹមដំណាច់ឆ្នាំ២០២០ ប្រទេសកម្ពុជា មានគេហទំព័រ និងTV Online ចំនួន៦៦០អង្គភាព កាសែត៤៥០អង្គភាព សមាគមសារព័ត៌មាន៥១អង្គភាព ទស្សនាវដ្តី១៩៦អង្គភាព ព្រឹត្តិបត្រ ២២អង្គភាព រោងពុម្ព១១៤អង្គភាព ទីភ្នាក់ងារសារព័ត៌មានបរទេស២៤អង្គភាព ស្ថានីយវិទ្យុ FM មាន៨៣ស្ថានីយ ទូរទស្សន៍អាណាឡូក ១៩ស្ថានីយ ទូរទស្សន៍ឌីជីថល៨ស្ថានីយ ទូរទស្សន៍ខ្សែកាប២ស្ថានីយ ប្រព័ន្ធ OTT ចំនួន៧ និងប្រព័ន្ធ Satellite ចំនួន២។ សារព័ត៌មាននៅកម្ពុជាត្រូវបានធានាដោយច្បាប់ស្តីពីសារព័ត៌មាន ហើយអ្នកសារព័ត៌មានទាំងអស់មានសិទ្ធិសេរីភាពក្នុងការសរសេរ ក្នុងការបញ្ចេញមតិយោបល់ ដោយអនុលោមទៅតាមច្បាប់ ដូចដែលបណ្តាប្រទេសប្រជាធិបតេយ្យទំាងឡាយនៅលើពិភពលោកបាននិងកំពុងអនុវត្តដូចគ្នា។

ប៉ុន្តែទោះបីជាយ៉ាងនេះក្តី ក៏ពួកប្រឆាំងតែងតែធ្វើការវាយប្រហារមកលើដំណើរការនៃការអនុវត្តនូវសិទ្ធិសេរីភាពរបស់សារព័ត៌មាននៅកម្ពុជាទាំងងងើលបំផុត។ នៅក្នុងទិវាសេរីភាពនៃសារព័ត៌មានកាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ អង្គការសង្គមស៊ីវិលមួយក្តាប់តូចធ្វើជាស្រែកឆោឡោអំពីរបស់ដែលហៅថា កម្ពុជាបំបិទសិទ្ធិសេរីភាពនៃការបញ្ចេញមតិ រួមទាំងសិទ្ធិប្រព័ន្ធផ្សព្វផ្សាយ ហើយគេធ្វើជាទាមទារកុំឲ្យមានការជ្រៀតជ្រែកសិទ្ធិសេរីភាព ក្នុងការស្វែងរក ការទទួល និងការផ្សព្វផ្សាយព័ត៌មាន។ ដោយតាំងខ្លួនឯងធ្វើដូចជាអ្នកស្វះស្វែងប្រមាញ់រកសេរីភាពសម្រាប់ផ្តល់ជូនអ្នកសារព័ត៌មាន អង្គការសង្គមស៊ីវិលមួយក្តាប់តូចនេះ បែរជាធ្វើឲ្យលេចធ្លាយចេញនូវពោះវៀនបត់ចន្ទាសរបស់ខ្លួន ដោយសុំឲ្យរាជរដ្ឋាភិបាលលុបចោលច្បាប់ស្តីពីសារព័ត៌មានដែលកំពុងស្ថិតនៅជាធរមាន ហើយដែលច្បាប់នេះ បាននិងកំពុងដើរតួនាទីយ៉ាងសកម្មក្នុងការការពារសិទ្ធិសេរីភាព តួនាទី ភារកិច្ច របស់អ្នកសារព័ត៌មានគ្រប់ៗរូបនៅកម្ពុជា។

យើងយល់បានអំពីការព្រួយបារម្ភទាំងអស់នេះ តែយើងក៏យល់បានដែរអំពីអ្វីមួយដែលកំពុងលាក់ខ្លួនបង្កប់ក្នុងការព្រួយបារម្ភរបស់ពួកគេ។ មិនមែនពួកនេះ មិនយល់អំពីស្ថានភាពនៃដំណើរវិវត្តន៍របស់សារព័ត៌មាននៅព្រះរាជាណាចក្រកម្ពុជានាពេលបច្ចុប្បន្ននេះទេ។ អ្វីដែលកាន់តែចម្លែកទៀតនោះគឺ អង្គការសង្គមស៊ីវិលមួយក្តាប់តូចនេះបាននិងកំពុងធ្វើសេចក្តីថ្លែងការណ៍មួយ មកលើរាជរដ្ឋាភិបាលកម្ពុជាថាបានរឹតត្បិតសេរីភាពសារព័ត៌មាន និងសិទ្ធិនៃការបញ្ចេញមតិក្នុងពេលដែលពួកគេកំពុងផ្សព្វផ្សាយរបាយការណ៍បំភ្លៃនេះនៅលើទឹកដីកម្ពុជា។ បើរាជរដ្ឋាភិបាលរឹតត្បិតដូចអ្វីដែលពួកគេចោទប្រកាន់ និងនិយាយមួលបង្កាច់មែននោះ យើងសួរថា តើសេចក្តីថ្លែងការណ៍រួមដ៏គគ្រិចមួយនេះ អាចត្រូវផ្សព្វផ្សាយយ៉ាងទូលំទូលាយ និងតាមតែអំពើចិត្តរបស់ខ្លួនបានដែរឬយ៉ាងណា?។ ពួកគេនៅបានលើកឡើងអំពីការចាប់ខ្លួន ការឃុំខ្លួន ការដាក់ពន្ធធនាគារទៅលើបុគ្គលមួយចំនួន ដែលជាអ្នកសារព័ត៌មាន និងទាមទារឲ្យមានការដោះលែង ឬទម្លាក់ចោលបទចោទប្រកាន់ ដោយពួកគេសរសេររួមៗមិនហ៊ាននិយាយអង្គហេតុឲ្យបានច្បាស់លាស់ ដែលបង្ហាញឲ្យឃើញថា របាយការណ៍របស់ពួកគេមានលក្ខណៈបំភ្លៃ និងបំភាន់សាធារណៈមតិយ៉ាងច្បាស់ក្រឡែត។ គេត្រូវបែងចែកឲ្យដាច់រវាងឋានៈ តួនាទីរបស់បុគ្គលជាមួយនឹងបទល្មើសដែលបុគ្គលនោះបានប្រព្រឹត្ត។ បុគ្គលមួយចំនួនជាអ្នកសារព័ត៌មានពិតជាត្រូវបានជាប់បណ្តឹងនៅតុលាការ និងត្រូវបានឃុំខ្លួន ប៉ុន្តែគឺដោយសារបុគ្គលនោះប្រព្រឹត្តិខុសច្បាប់រដ្ឋ មិនមែនដោយសារតែពួកគេបានប្រព្រឹត្តិត្រឹមត្រូវតាមវិជ្ជាជីវៈ និងក្រមសីលធម៌ ដែលធានាដោយច្បាប់នោះទេ។ ក្នុងករណីដូចគ្នានេះក៏មិនខ្វះដែរមន្រ្តីរាជការដែលកំពុងប្រកបរបរវិជ្ជាជីវៈក្រៅពីអ្នកសារព័ត៌មានដែលប្រព្រឹត្តិខុសច្បាប់គឺត្រូវតែទទួលបានការផ្តន្ទាទោសតាមច្បាប់ដូចគ្នា។ យើងចង់បញ្ជាក់ឲ្យច្បាស់ថា ប្រទេសប្រជាធិបតេយ្យត្រូវតែប្រកាន់ខ្ជាប់គោលការណ៍នីតិរដ្ឋ។ សេរីភាពសារព័ត៌មាន និងសិទ្ធិនៃការបញ្ចេញមតិត្រូវតែស្ថិតក្នុងរង្វង់នៃក្របខណ្ឌច្បាប់។

ស្ថិតក្នុងកាលៈទេសៈបច្ចុប្បន្ននេះ នៅពេលដែលកម្ពុជាកំពុងប្រឈមនឹងវិបត្តិនៃជំងឺកូវីដ១៩ អ្នកសារព័ត៌មានប្រកបដោយវិជ្ជាជីវៈបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយព័ត៌មាននានាដែលមានផលប្រយោជន៍សម្រាប់ប្រជាជន និងបានរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងជំងឺដ៏កាចសាហាវនេះ​ និងការប្រឆាំងព័ត៌មានក្លែងក្លាយបំពុលសង្គម បំពុលសាធារណៈមតិប្រកបដោយប្រសិទ្ធភាព។ ក្នុងន័យនេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាក៏បានធ្វើការកត់សម្គាល់អំពីតួនាទីដ៏មានសារៈសំខាន់របស់សារព័ត៌មានដែលបានរួមចំណែកទៅដល់ជោគជ័យរបស់រាជរដ្ឋាភិបាល ជាពិសេសគឺការឃោសនា ផ្សព្វផ្សាយអំពីវិធានការទាំងឡាយរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ជំងឺឆ្លងកូវីដ១៩ និងការចូលរួមយុទ្ធនាការចាក់វ៉ាក់សាំងដែលកំពុងមានភាពផុលផុស។

យើងទទួលស្គាល់អំពីភាពខ្វះខាតខ្លះក្នុងវិស័យសារព័ត៌មាននៅកម្ពុជា ប៉ុន្តែនោះគឺគ្រាន់តែជាចំណុចចន្លោះប្រហោងដែលតែងតែកើតមាននៅក្នុងវឌ្ឍនភាពនៃវិស័យមួយនេះតែប៉ុណ្ណោះ ហើយនេះគឺជាក្រឹតក្រមនៃការវិវត្តន៍ដូចវិស័យដទៃទៀតដែរ។ ប៉ុន្តែ ការចោទប្រកាន់ដោយភាពខ្មៅងងឹតរបស់អង្គការសង្គមស៊ីវិលមួយក្តាប់តូចនោះ មិនបានឆ្លុះបញ្ចាំងអំពីតថភាពនៃវិស័យសារព័ត៌មាននៅកម្ពុជាទេ ប៉ុន្តែវាគ្រាន់តែជាការបង្កប់នូវរបៀបវារៈនយោបាយដែលជាឧបាយកលដ៏ទុច្ចរឹតបម្រើឲ្យក្រុមប្រឆាំងដ៏ងងឹតងងុលនោះឯង៕ ( ដោយ: លី​ ទួង )

LEAVE A REPLY

Please enter your comment!
Please enter your name here