តៃវ៉ាន់បានទទួលវ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន Pfizer និង BioNTech

0
162

វ៉ាក់សាំង Pfizer ចំនួន ៩៣០ ០០០ដូស ដែលបញ្ជូនទៅដល់ទីក្រុងតៃប៉ិ កាលពីថ្ងៃព្រហស្បតិ៍ ជាផ្នែកមួយនៃការកុម្ម៉ង់ទិញវ៉ាក់សាំង Pfizer ១៥លានដូស ដែលក្រុមហ៊ុនឯកជនតៃវ៉ាន់បានចុះកិច្ចសន្យាទិញពីក្រុមហ៊ុនចិន Fosun (Shanghai Fosun Pharmaceutical Group Co Ltd) ដែលមានទីតាំងនៅទីក្រុងសៀងហៃ។ ដោយសារឧបសគ្គការទូត និងរដ្ឋបាល បង្កឡើងដោយប្រទេសចិន តៃវ៉ាន់ដែលប្រឈមនឹងរលកឆ្លងថ្មីនៃជំងឺកូវីដ១៩ ជួបការលំបាកច្រើន ដើម្បីទិញវ៉ាក់សាំង សម្រាប់ចាក់ឲ្យប្រជាជនរបស់ខ្លួន។ តៃវ៉ាន់ធ្លាប់បានទាក់ទងទិញវ៉ាក់សាំងដោយផ្ទាល់ពីក្រុមហ៊ុន Pfizer និង BioNTech ដែលមានទីតាំងនៅប្រទេសអាល្លឺម៉ង់ ប៉ុន្តែត្រូវបរាជ័យ ព្រោះក្រុមហ៊ុនឱសថចិន Fosun នៅសៀងហៃ ជាអ្នកនាំចូលផ្តាច់មុខវ៉ាក់សាំង Pfizer ពីក្រុមហ៊ុននៅអាល្លឺម៉ង់ សម្រាប់ការចែកចាយនៅប្រទេសចិនទាំងមូល ដែលនៅក្នុងនោះមាន ម៉ាកាវ ហុងកុង និងតៃវ៉ាន់ផងដែរ។ រដ្ឋាភិបាលតៃវ៉ាន់បានរិះគន់ចោទប្រកាន់ប៉េកាំងថា ប្រើយុទ្ធសាស្រ្តរារាំងមិនឲ្យតៃវ៉ាន់អាចទិញវ៉ាក់សាំងបរទេស។ ប្រទេសចិនបានបដិសេធការចោទប្រកាន់ និងវាយបកទៅវិញថា គឺតៃវ៉ាន់ ដែលយកបញ្ហាវ៉ាក់សាំងមកធ្វើជាលេសនយោបាយចោទប្រកាន់ចិន។ តាមប៉េកាំង តៃប៉ិផ្ទាល់ ដែលមិនព្រមទៅចរចាទិញវ៉ាក់សាំង Pfizer ពីក្រុមហ៊ុនចិននៅសៀងហៃ។ ដើម្បីស្តារមុខមាត់រដ្ឋាភិបាល ក្រុមហ៊ុនតៃវ៉ាន់ចំនួន ២ (Foxconn និង Taiwan Semiconductor Manufacturing Co (TSMC) រួមគ្នា ជាមួយវិទ្យាសា្ថនពុទ្ធសាសនានៅតៃវ៉ាន់ ចេញមុខអន្តរាគមន៍ទៅចរចាចុះកិច្ចសន្យាទិញវ៉ាក់សាំង Pfizer ពីក្រុមហ៊ុនឱសថចិន ដែលជាអ្នកនាំចូលផ្តាច់មុខវ៉ាក់សាំង Pfizer សម្រាប់ទឹកដីម៉ាកាវ ហុងកុង និងតៃវ៉ាន់។

នៅក្នុងពិធីប្រគល់វ៉ាក់សាំង Pfizer កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋមន្រ្តីសុខាភិបាលតៃវ៉ាន់បានថ្លែងអំណរគុណដល់ក្រុមហ៊ុនឯកជន ដែលបានផ្តល់ជំនួយវ៉ាក់សាំង Pfizer សម្រាប់រដ្ឋាភិបាល។ លោកស្រី Sophi Chang ប្រធានក្រុមហ៊ុន Taiwan Semiconductor Manufacturing Co (TSMC) វិញ ទទួលស្គាល់ថា ពិតជាមានឧបសគ្គ ការលំបាកច្រើននៅក្នុងដំណើរការទិញវ៉ាក់សាំង Pfizer។ ដោយចាត់ទុកតៃវ៉ាន់ ជាដែនដីខេត្តមួយរបស់ខ្លួន ចិនបានព្យាយាមដាក់តៃវ៉ាន់ឲ្យឯកោក្នុងឆាកអន្តរជាតិ និងបំបាត់កៅអីរបស់តៃវ៉ាន់នៅក្នុងអង្គការសុខភាពពិភពលោក។ តៃវ៉ាន់ធ្លាប់បានទទួលជំនួយវ៉ាក់សាំងពីអាមេរិក ជប៉ុន និងយន្តការកូវ៉ាក់ ប៉ុន្តែនៅតែមិនគ្រប់គ្រាន់សម្រាប់ប្រជាជន ចំនួន ២៣លាននាក់។ នយោបាយរារាំងរបស់ចិន មិនឲ្យតៃវ៉ាន់អាចទទួលទិញថ្នាំបង្ការកូវីដ១៩ ពីបរទេស បានជំរុញឲ្យតៃវ៉ាន់បង្កើនសមត្ថភាពផលិតបានវ៉ាក់សាំងក្នុងស្រុក។ នៅប៉ុន្មានសប្តាហ៍មុននេះ តៃវ៉ាន់បានបើកយុទ្ធនាការចាក់វ៉ាក់សាំង Medigen ដែលតៃវ៉ាន់ទើបស្រាវជ្រាវផលិតបានដោយខ្លួនឯង។ គិតរហូតមកដល់ថ្ងៃនេះ តៃវ៉ាន់ចាក់ថ្នាំបង្ការកូវីដ១៩ ដល់ប្រជាជនរបស់ខ្លួនបាន ៤៣% នៃប្រជាជនសរុប។ ភាគច្រើន ជាវ៉ាក់សាំង អាស្ត្រាហ្សេនេកា និង ម៉ូដែនណា របស់អាមេរិក បន្ទាប់មកគឺ វ៉ាក់សាំងផលិតក្នុងស្រុក Medigen។ តាមក្រសួងសុខាភិបាលតៃវ៉ាន់ រដ្ឋាភិបាលមានគោលនយោបាយចាក់វ៉ាក់សាំងដូសទី១ ឲ្យប្រជាជនទាំងអស់ មុននឹងសម្រេចចាប់ផ្តើមចាក់ដូសទី២៕AP

LEAVE A REPLY

Please enter your comment!
Please enter your name here