ភ្នំពេញៈ នៅរដូវវស្សាភ្លៀង ធ្លាក់ជោកជាំ បានមកដល់ ពលរដ្ឋដែលធ្លាប់រងគ្រោះ ពីជំនន់ទឹកស្ទឹងព្រែកត្នោត ចាប់ផ្តើមព្រួយបារម្ភ នៅពេលមានដំណឹងថា ភ្លៀងបានធ្លាក់ច្រើន នៅក្នុងខេត្តកំពង់ស្ពឺ ដែលជាប្រភពទឹករបស់ស្ទឹងនេះ នាំឱ្យមានជំនន់លិច ផ្នែកខ្លះរបស់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ។
ទឹកស្ទឹងព្រែកត្នោត មុននឹងហូរធ្លាក់ចូល ដល់ទន្លេបាសាក់ គឺឆ្លងកាត់ភូមិសាស្ត្រ ភាគនិរតី នៃរាជធានីភ្នំពេញ និងខេត្តកណ្តាល ដោយនៅសងខាង នៃស្ទឹងមានទំនប់សណ្តរស្ទឹង ហើយទំនប់នេះ តែងតែហៀរហូរទឹក និងបាក់ ពេលមានជំនន់ខ្លាំង ដូចនៅក្នុងរដូវវស្សា ឆ្នាំ២០២០ ពោលគឺ វាស្ទើរតែរាល់ឆ្នាំ ។ បញ្ហាជំនន់ទឹកស្ទឹងព្រែកត្នោតនេះ កើតមាន តាំងពីជំនាន់លោក ជា សុផារ៉ា លោក កែប ជុតិម៉ា ធ្វើជាអភិបាលរាជធានី និងចុងក្រោយនេះ គឺលោក ឃួង ស្រេង ក៏នៅតែខ្វល់ខ្វាយ អំពីទឹកជំនន់ ពេលរដូវភ្លៀងធ្លាក់ ជោកជាំមកដល់ ហើយនៅចុងសប្តាហ៍ លោកអភិបាលរាជធានី នឹងទៅពិនិត្យទំនប់សណ្តរស្ទឹង ឱ្យបាន មុនទឹកជំនន់មកដល់។
នៅពេលមានអាសន្ន ទឹកជំនន់ មកដល់ម្តងៗ អ្នកពាក់ព័ន្ធនឹងការទទួលខុសត្រូវ តែងតែអះអាង និងសន្យាជាមួយគ្នាថា នឹងធ្វើការពង្រឹងទំនប់ សណ្តរស្ទឹងព្រែកត្នោត ឱ្យបានរឹងមាំ ដើម្បីចៀសវាងនូវ ការលិចលង់ ដល់តំបន់ដែលប្រមូលផ្តុំ ដោយរោងចក្រ សហគ្រាសនេះ តែពេលទឹកស្រកអស់ទៅវិញ ការសន្យា ក៏ស្ងាត់ទៅវិញដែរ គឺស្រដៀងនឹងពាក្យចាស់ដំណាលថា ពេលឈឺ យកដំរីទៅបន់ ពេលស្រន់ យកពងមាន់ ទៅថ្វាយ។
សណ្តរស្ទឹងព្រែកត្នោត ដែលម្ខាងជារាជធានីភ្នំពេញ ម្ខាងជាស្រុកកណ្តាលស្ទឹង និងក្រុងតាខ្មៅ ខេត្តកណ្តាល ដែលជាតំបន់ កំពុងមានការអភិវឌ្ឍចម្រុះខ្លាំង ក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គេមានគម្រោងសាងសង់រឹងមាំ ជិត ២០ ឆ្នាំមកហើយ តែមិនទាន់បានអនុវត្ត រហូតដល់ពេលសព្វថ្ងៃ ធ្វើឱ្យក្តីព្រួយបារម្ភ របស់អាជ្ញាធរ និងប្រជាពលរដ្ឋ អំពីទឹកជំនន់ នៅតែកើតមាន នៅពេលរដូវភ្លៀង ធ្លាក់ជោកជាំមកដល់ គឺដល់ពេលគិតពីរឿង ទឹកជន់ទៀតហើយ៕/V