ភ្នំពេញៈ នារីស្រស់ស្អាត បីនាក់ បានស្លាប់ ដោយសារតែផឹកស្រាអុក នៅក្នុងបន្ទប់ជួល ស្ថិតនៅភូមិ ៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីវេលាម៉ោងជាង ១២ ថ្ងៃត្រង់ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១នេះ។ ករណីនេះ ក្នុងចំណោមនារី បីនាក់នេះ គឺនារីពីរនាក់ បានស្លាប់ នៅក្នុងបន្ទប់ជួល និងនារីម្នាក់ទៀត បានស្លាប់នៅឯស្រុកកំណើត។
ជនរងគ្រោះទាំង ៣ នាក់ ដែលស្លាប់មានដូចជាៈ ១.ឈ្មោះ ផល ដាវី អាយុ ១៨ឆ្នាំ មុខរបរសំអាងការ។ ២.ឈ្មោះ ស្រ៊ុន ស្រីកា អាយុ ១៧ឆ្នាំ មុខរបរសំអាងការ អ្នកទាំងពីរ មានស្រុកកំណើត នៅភូមិអ្នកលឿង ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង (ស្លាប់នៅក្នុងបន្ទប់ជួល)។ ៣. ឈ្មោះ ស្រីថៃ អាយុ ១៨ឆ្នាំ ស្លាប់នៅស្រុកកំណើត ស្ថិតនៅស្រុកល្វាឯម ខេត្តកណ្ដាល។
ប្រជាពលរដ្ឋ រស់នៅជិតខាងកន្លែងកើតហេតុ បានឲ្យដឹងថាៈ ជនរងគ្រោះទាំងបីនាក់ និងមិត្តភ័ក្តិ កាលពីល្ងាចថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ បាននាំគ្នាផឹកស្រា អស់ជាច្រើនដប ដែលមានស្រា សាំប៉ាញ និងស្រាក្រហម ទិញយកអុកផឹកជុំគ្នា។ នៅពេលដែលផឹក រួចរាល់ហើយ នារីម្នាក់ បានចេញទៅស្រុកកំណើត ចំណែកនារី ពីរនាក់ ដេកនៅក្នុងបន្ទប់ជួល៕/V