រយៈពេល ៥០ឆ្នាំ គ្រោះមហន្តរាយធម្មជាតិក្នុងពិភពលោកកើនឡើង ៥ដង

0
235

ក្នុងរបាយការណ៍ដែលផ្តោតទៅលើគ្រោះមហន្តរាយធម្មជាតិ ពីឆ្នាំ១៩៧០ ដល់ឆ្នាំ២០១៩ ទីភ្នាក់ងារឧតុនិយមរបស់អង្គការសហប្រជាជាតិ បានរកឃើញថា ក្នុងរយៈពេល ៥០ឆ្នាំចុងក្រោយនេះ គ្រោះមហន្តរាយ ធម្មជាតិបានកើនឡើង ចំនួន ៥ដង ចំណែកការខូចខាតផ្នែកសេដ្ឋកិច្ចវិញ បានកើនឡើង ៧ដង ប្រៀបធៀបនឹងទសវត្សរ៍ឆ្នាំ១៩៧០។ របាយការណ៍របស់អង្គការឧតុនិយមរបស់អង្គការសហប្រជាជាតិ ចេញផ្សាយនៅចំពេលដែលកំពុងកើតមានភ្លើងឆេះព្រៃនៅអឺរ៉ុប នៅរដ្ឋភាគខាងលិចអាមេរិក ទឹកជំនន់នៅអាល្លឺម៉ង់ ចិន ជប៉ុន ឥណ្ឌូណេស៊ី និងខ្យល់ព្យុះសង្ឃរា Ida ដែលកំពុងវាយបោកបង្កឲ្យមានទឹកជំនន់ នៅភាគខាងត្បូង អាមេរិក។ ដោយសារកត្តាប្រែប្រួលអាកាសធាតុ គ្រោះធម្មជាតិដែលបណ្តាលមកពីអាកាសធាតុ (បាតុភូត ឧតុនិយម អាកាសធាតុ និងជលសាស្រ្ត) នឹងមានកាន់តែញឹកញាប់ និងធ្ងន់ធ្ងរ នៅតាមកន្លែងជាច្រើន នៅលើផែនដី។ នេះបើតាមអគ្គលេខាធិការរបស់ទីភ្នាក់ងារឧតុនិយមលោក Petteri Taalas។

តាមរបាយការណ៍ដែលពឹងផ្អែកលើទិន្នន័យរបស់មជ្ឈមណ្ឌលស្រាវជ្រាវគ្រោះមហន្តរាយធម្មជាតិ នៅប្រទេសបែលហ្ស៊ិក ក្នុងអំឡុងទសវត្សរ៍ ឆ្នាំ១៩៧០ គ្រោះមហន្តរាយធម្មជាតិក្នុងពិភពលោក មានចំនួន ៧១១ ក្នុងមួយឆ្នាំៗ ប៉ុន្តែចាប់ពីឆ្នាំ២០០០ ដល់ឆ្នាំ២០០៩ ចំនួនគ្រោះធម្មជាតិ បានកើនឡើងដល់ ៣៥៣៦ ក្នុងមួយឆ្នាំ ឬ គេអាចថា ក្នុង ១ថ្ងៃ មានគ្រោះធម្មជាតិ ចំនួន១០ បានកើតឡើងនៅក្នុងពិភពលោក។ គ្រោះធម្មជាតិបានកើនឡើងចំនួន ៥ដង ប៉ុន្តែបានសម្លាប់មនុស្សតិចជាងមុន ពី ៥ម៉ឺននាក់ ក្នុងមួយឆ្នាំ ក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៧០ មកនៅត្រឹម ២ម៉ឺននាក់ ចាប់ពីឆ្នាំ២០០០ នេះដោយសារមកពីមានវិធានការប្រុងប្រយ័ត្ន និងការដាក់ឲ្យប្រើប្រាស់ប្រព័ន្ធប្រកាសអាសន្នទុកជាមុន។ ផ្ទុយទៅវិញ ការខាតបង់សេដ្ឋកិច្ចបានកើនឡើងពី ១៧៥ លានដុល្លារ ក្នុងមួយឆ្នាំ នៅទសវត្សរ៍ ឆ្នាំ១៩៧០ ទៅដល់ ១ ៣៨០ លានដុល្លារ នៅឆ្នាំ២០១០។ នៅក្នុងរយៈពេលតែ ៥ឆ្នាំចុងក្រោយនេះ គេឃើញមានគ្រោះធម្មជាតិ ដល់ទៅជាង ១១០០០ ដែលបានសម្លាប់មនុស្ស ជាង ២លាននាក់ និងបង្កការខូចខាតសេដ្ឋកិច្ចក្នុងតម្លៃជាង ៣ ទ្រីលានដុល្លារ។ នៅពេលប្រទេសកំពុងអភិវឌ្ឍ មានចំនួនមនុស្សស្លាប់ច្រើន ដោយសារគ្រោះមហន្តរាយធម្មជាតិ (៩០%នៃ ២លាននាក់) ក្រុមប្រទេសអ្នកមាន រងការខូចខាតសេដ្ឋកិច្ចធ្ងន់ធ្ងរ គឺស្មើនឹង ៦០% នៃការខាតបង់សរុបក្នុងពិភពលោក។ ជាមធ្យម សម្រាប់រយៈពេលសរុប ៥០ឆ្នាំចុងក្រោយនេះ គ្រោះមហន្តរាយធម្មជាតិកើតមាន រៀងរាល់ថ្ងៃ នៅក្នុងពិភពលោក ដោយបានសម្លាប់មនុស្ស ១១៥នាក់ និងបង្ហិនបំផ្លាញសេដ្ឋកិច្ចប្រមាណ ២០២ លានដុល្លារ ក្នុងមួយថ្ងៃ។ គេវាយតម្លៃថា គ្រោះរាំងស្ងួត ខ្យល់ព្យុះ ទឹកជំនន់ និងអាកាសធាតុក្តៅខ្លាំង ជាមូលហេតុធ្វើឲ្យមនុស្សស្លាប់ច្រើន និងបង្កការខាតបង់ធ្ងន់ធ្ងរផ្នែកសេដ្ឋកិច្ច៕ AP

LEAVE A REPLY

Please enter your comment!
Please enter your name here