ជាប់គុក ឬ និរទេសខ្លួន ជាជម្រើសរបស់អ្នកនយោបាយប្រឆាំងរបស់រុស្ស៊ី

0
39

ចរន្តអន្តោប្រវេសន៍ដែលបណ្ដាលមកពីអស្ថិរភាពនយោបាយ ក្រោមការគ្រប់គ្រងជាង ២ទសវត្សរ៍របស់លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បានប្រែក្លាយទៅជាព្យុះបក់បោក។ ឥស្សរជនប្រឆាំង សកម្មជនសិទ្ធិមនុស្ស និងសូម្បីតែអ្នកសារព័ត៌មានឯករាជ្យ មានតែជម្រើស ២ប៉ុណ្ណោះ គឺទី១ ការរត់គេចខ្លួន និងទី២ ប្រឈមមុខជាប់ពន្ធនាគារ។ ក្នុងយុគសម័យ ដែលគេហៅថា ការគាបសង្កត់របស់សូវៀតនេះ ធ្វើឱ្យអ្នកនយោបាយ និង អ្នកកាសែតរុស្ស៊ីកាន់តែច្រើនឡើងៗ ត្រូវនិរទេសខ្លួន។ អ្នកជំនាញនិយាយថា បើរាប់អ្នកនិរទេសខ្លួនចូលគ្នា គឺជារលកដ៏ធំបំផុតនៃការធ្វើចំណាកស្រុកនយោបាយនៅក្នុងប្រវត្តិសាស្ត្ររបស់រុស្ស៊ី ក្រោយសហភាពសូវៀតដួលរលំ។ លោក Dmitri G. Gudkov អ្នកនយោបាយប្រឆាំងដ៏ល្បីឈ្មោះម្នាក់រត់ចេញពីប្រទេស កាលពីខែមិថុនា បានប្រាប់កាសែតញូវយ៉កថែមស៍ថា៖ «យុទ្ធសាស្រ្តទី១ របស់រដ្ឋាភិបាលរុស្ស៊ី គឺច្របាច់អ្នកប្រឆាំងឱ្យចេញ បើធ្វើមិនបានទេក៏ចាប់ដាក់គុក»។ កាលពីថ្ងៃទី៧ ខែសីហា លោកស្រី LyubovSobol ជាសម្ព័ន្ធមិត្តលេចធ្លោជាងគេរបស់មេដឹកនាំបក្សប្រឆាំងលោក Aleksei A. Navalny បាននិយាយថា៖ «ជាការប្រសើរបំផុតក្នុងការចូលរួមធ្វើនយោបាយរុស្ស៊ីពីខាងក្នុងប្រទេស ប៉ុន្តែឥឡូវហានិភ័យនៃរឿងនេះ គឺធំធេងពេក»។ លោក Andrei Soldatov ជាអ្នកនិពន្ធសៀវភៅ «The Compatriots» ស្តីពីប្រវត្តិជនជាតិរុស្ស៊ីនៅបរទេស ជាមួយលោកស្រី Irina Borogan ហៅការធ្វើទុក្ខអ្នកប្រឆាំងឱ្យចេញក្រៅប្រទេសថា ជា «យុទ្ធសាស្ត្រដ៏ឆ្លាត» របស់វិមានក្រឹមឡាំង។ កាលពីខែមិថុនា តុលាការក្រុងម៉ូស្គូបានដកអាជ្ញាប័ណ្ណ «មូលនិធិដើម្បីប្រយុទ្ធប្រឆាំងអំពើពុករលួយ» របស់លោក Navalny ដោយហៅមូលនិធិនេះថា ជាអង្គការជ្រុលនិយម ។ អាជ្ញាធររុស្ស៊ីបានបិទគេហទំព័រ ចំនួន ៥០ ដែលគ្រប់គ្រងដោយក្រុមរបស់លោក Navalny ក្រោមការចោទប្រកាន់ថា បានផ្សព្វផ្សាយការឃោសនាក្រុមជ្រុលនិយម និងបានបើកការស៊ើបអង្កេតឧក្រិដ្ឋកម្មប្រឆាំងនឹងសម្ព័ន្ធមិត្តកំពូលសំខាន់ៗរបស់លោក Navalny។ លោកស្រី Yulia Galyamina ដែលជួយដឹកនាំយុទ្ធនាការប្រឆាំងនឹងការធ្វើប្រជាមតិ ដែលអនុញ្ញាតឱ្យលោក ពូទីន កាន់អំណាចជិត ២ ទសវត្សរ៍ទៀត និយាយថា លោកស្រីបានបដិសេធមិនទទួលយកតម្រុយ ដើម្បីចាកចេញទេ ខណៈពេលដែលលោកស្រីកំពុងស្ថិតក្រោមការស៊ើបអង្កេតព្រហ្មទណ្ឌ។ សកម្មជននយោបាយដែលជាប់ការរារាំងមិនឱ្យឈរឈ្មោះក្នុងការបោះឆ្នោតសភា នាខែកញ្ញារូបនេះ និយាយថា៖ «តើអ្វីនឹងផ្លាស់ប្ដូរ បើគ្រប់គ្នានិរទេសចេញ?នៅពេលអ្វីៗចាប់ផ្ដើមដួលចុះ អំណាចនឹងធ្លាក់ចូលក្នុងកណ្ដាប់ដៃមនុស្សដែលនៅក្បែរ»។ ការបោះឆ្នោតនៅខែកញ្ញា ត្រូវបានគេមើលឃើញថា ជាផ្នែកសំខាន់មួយនៃកិច្ចខិតខំប្រឹងប្រែងរបស់លោក ពូទីន ដើម្បីពង្រឹងការគ្រប់គ្រងរបស់លោក នៅមុនការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៤។ មេដឹកនាំវ័យ ៦៨ ឆ្នាំ លោក ពូទីន បានជំរុញឱ្យមានការផ្លាស់ប្តូររដ្ឋធម្មនុញ្ញ កាលពីឆ្នាំមុន ដែលអាចអនុញ្ញាតឱ្យលោកកាន់អំណាចរហូត ដល់ឆ្នាំ២០៣៦៕ AFP

LEAVE A REPLY

Please enter your comment!
Please enter your name here