ក្រោមរបបតាលីបង់ ចំនួនអ្នកកាសែតស្រីធ្លាក់ចុះយ៉ាងគំហុកនៅអាហ្វហ្កានីស្ថាន

0
68

តាមអង្គការអ្នកកាសែតគ្មានព្រំដែន Reporter Sans Frontière នៅមុនទាហានតាលីបង់ចូលដល់រដ្ឋធានីកាប៊ុល អ្នកកាសែតស្រីនៅអាហ្វហ្កានីស្ថាន មានចំនួន ៧០០នាក់។ ប៉ុន្តែនៅក្នុងរយៈពេល ២សប្តាហ៍ដំបូង ដែលក្រុមតាលីបង់ចូលគ្រប់គ្រងប្រទេសអាហ្វហ្កានីស្ថាន ចំនួនអ្នកកាសែតស្រីបានធ្លាក់ចុះ ចំនួនក្រោម ១០០នាក់។ ការស៊ើបអង្កេតរបស់អង្គការអ្នកកាសែតគ្មានព្រំដែន រួមជាមួយមជ្ឈមណ្ឌលសម្រាប់អ្នកកាសែតស្រីអាហ្វហ្កានីស្ថាន បានបង្ហាញថា នៅឆ្នាំ២០២០ រដ្ឋធានីកាប៊ុល មានប្រព័ន្ធផ្សព្វផ្សាយ ចំនួន ១០៨ ដែលមានបុគ្គលិកស្ត្រីជាង ១០០០នាក់។ ប៉ុន្តែតាមការកត់សំគាល់របស់អង្គការអ្នកកាសែតគ្មានព្រំដែន ក្នុងចំណោមមនុស្សស្រី ៥០១ នាក់ ដែលធ្លាប់ធ្វើការឲ្យប្រព័ន្ធផ្សព្វផ្សាយធំៗ ចំនួន ៨ នៅអាហ្វហ្កានីស្ថាន គេឃើញនៅសល់មនុស្សស្រីតែ ៧៦នាក់។ ការអនុវត្តច្បាប់អ៊ីស្លាមតឹងរ៉ឹង ជាដើមហេតុមួយដែលធ្វើឲ្យអ្នកកាសែតស្រីបាត់មុខនៅកន្លែងធ្វើការ ក៏ដូចជា ក្នុងប្រព័ន្ធផ្សព្វផ្សាយអាហ្វហ្កានីស្ថាន។ តាមអង្គការអ្នកកាសែតគ្មានព្រំដែន ចាប់តាំងពីចូលគ្រប់គ្រងរដ្ឋធានីកាប៊ុល កងកម្លាំងតាលីបង់បានបញ្ជាប្រាប់ឲ្យអ្នកកាសែតស្រីនៅក្នុងផ្ទះ ឬ បើមិនដូច្នោះទេ ក្រុមនេះបៀតបៀនវាយធ្វើបាប ឬ ចាប់ស្ទាក់ ហាមមិនឲ្យចុះទៅយកព័ត៌មាន។ អង្គការអ្នកកាសែតគ្មានព្រំដែន បានលើកយកករណីរបស់ស្រ្តីអ្នកកាសែត ឈ្មោះ Nahid Bashardost ដែលត្រូវទាហានតាលីបង់វាយដំ នៅពេលកំពុងថតរាយការណ៍ក្បែរព្រលាន យន្តហោះក្រុងកាប៊ុល កាលពីថ្ងៃទី២៥ ខែសីហាកន្លងទៅ។ កាលពីថ្ងៃចន្ទ ទី៣០ ខែសីហា ពិធីការនីទូរទស្សន៍ឯកជនអាហ្វហ្កានីស្ថានម្នាក់ Beheshta Arghand បាននិយាយប្រាប់ទូរទស្សន៍ CNN ថា នៅ ២ថ្ងៃក្រោយ សម្ភាសន៍មន្រ្តីតាលីបង់ក្នុងស្ទូឌីយោ នៅទីក្រុងកាប៊ុល នាងបានសម្រេចចិត្តរត់ភៀសខ្លួនចេញពីអាហ្វហ្កានីស្ថាន ព្រោះនាងខ្លាចក្រុមតាលីបង់។ នៅតំបន់ផ្សេងទៀត ក្រៅក្រុងកាប៊ុល ក៏ជាទីដែលក្រុមហ៊ុនទូរទស្សន៍ វិទ្យុឯកជនបានបិទទ្វារ ដោយសារតែការបោះជំហានចូលកាន់តែជិតរបស់ទាហានតាលីបង់ កាលពីប៉ុន្មានខែមុន អ្នកកាសែតស្រីមួយចំនួននៅតែព្យាយាមបន្តអាជីពរបស់ខ្លួន ដូចជា ធ្វើការពីផ្ទះជាដើម។ ការបាត់មុខ សឹងតែទាំងស្រុងរបស់អ្នកកាសែតស្រីនៅរដ្ឋធានីកាប៊ុល ផ្ទុយស្រឡះពីការអះអាងរបស់មន្រ្តីតាលីបង់ ដែលធ្លាប់បានសន្យាគោរពសិទ្ធិអ្នកកាសែត និងផ្តល់សិទ្ធិឲ្យមនុស្សស្រីធ្វើការដូចមុន។ នៅមុនការទាញសញ្ញាអាសន្នរបស់អង្គការអ្នកកាសែតគ្មានព្រំដែន របាយការណ៍របស់អង្គការ យូណេស្កូ បានបង្ហាញហើយថា ចំនួនមនុស្សស្រីក្នុងប្រព័ន្ធផ្សព្វផ្សាយអាហ្វហ្កានីស្ថាន (ដែលមានជាង ១៧០០នាក់ នៅឆ្នាំ២០២០ ក្នុងនោះមានជាង ១០០០នាក់ ជាអ្នកកាសែតស្រី) បានថយចុះបណ្តើរៗ ចាប់តាំងពីចុងឆ្នាំ២០២០។ អ្នកកាសែតស្រី ១នាក់ ក្នុងចំណោម ៥នាក់ បានលាឈប់ពីការងារ ដោយសារតែអំពើហិង្សា និងការគំរាមកំហែងជាប្រចាំនៅអាហ្វហ្កានីស្ថាន៕ Reuters

LEAVE A REPLY

Please enter your comment!
Please enter your name here