ភ្លៀងធ្លាក់ប៉ុណ្ណឹងហើយក៏មិនទាន់រួចខ្លួនដែរ នៅមានធ្លាក់មកថែមទៀត

0
165

ការធ្លាក់ភ្លៀងនៅល្ងាចថ្ងៃទី០១ខែកញ្ញាលើរាជ ធានីភ្នំពេញសម្រាប់តំបន់ក្នុងក្រុងមានកម្រិតរង្វង់ពី៥១ដល់៦០មីលីម៉ែត្រនិងនៅចោមចៅ៦២មីលីម៉ែត្រ បង្កឱ្យមានការលិចលង់ផ្លូវនិងតំបន់ទំនាបមួយចំនួនក្នុងរយៈពេលខ្លី ដោយសារបរិមាណទឹក ភ្លៀងធ្លាក់មានចំនួនច្រើនហូរមិនទាន់។ នេះបើតាមការឱ្យដឹងពីឯកឧត្តមចាន់ យុត្ថា អ្នកនាំពាក្យនិងជា រដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយមបានប្រាប់ឱ្យដឹងនៅយប់ថ្ងៃទី០១ខែកញ្ញាបន្ទាប់ពីភ្លៀងធ្លាក់លើក្រុង​ភ្នំពេញបានរាំងទៅវិញ។

រំលឹកឱ្យដឹងថាកម្រិតទឹកភ្លៀងដែលបានធ្លាក់រយៈពេល២៤ម៉ោងនៅរាជធានីភ្នំត្រឹមព្រឹកថ្ងៃទី០១ខែកញ្ញាមាន១៦មីលីម៉ែត្រនៅចាក់អង្រែ ១៨មីលីម៉ែត្រនៅសាក់សំពៅ ២២មីលីម៉ែត្រនៅទួលសង្កែ ២៨មីលីម៉ែត្រនៅចោមចៅនិង១០៥មីលីម៉ែត្រនៅសែនសុខ។

ក្រសួងធនធានទឹកនិងឧតុនិយមនៅថ្ងៃទី៣១ខែសីហាឆ្នាំ២០២១នេះបានជូនដំណឹងស្តីអំពីការព្យាករអាកាសធាតុ សម្រាប់ពីថ្ងៃទី០១ដល់ថ្ងៃទី៧ខែសីហាថានៅក្នុងសប្តាហ៍នេះព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា​​​​កម្រិតខ្លាំងជាមួយនិងប្រព័ន្ធសម្ពាធទាបហើយទទួលបន្ថែមនូវខ្យល់សមុទ្រ(Breeze)។


​ នៅក្នុងសេចក្តីជូនដមណឹងបានសរសេរទៀតថាស្ថានភាពអាកាសធាតុបែបខាងលើធ្វើឲ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាលមានសីតុណ្ហភាពអប្បបរមាពី​២៤ទៅ២៦អង្សាសេ សីតុណ្ហភាពអតិបរមា មានពី៣០ទៅ៣២អង្សាសេ។អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ។ ​​​ទន្ទឹមនោះអាចមានជំនន់ទឹកភ្លៀងកើតឡើងនៅតំបន់ខ្លះ ។
សម្រាប់បណ្តាខេត្តនៅជាប់ជួរភ្នំដងរែកនិងខ្ពង់រាបឦសានមានសីតុណ្ហភាពអប្បបរមាពី២៣ទៅ២៥អង្សាសេ សីតុណ្ហភាពអតិបរមាមានពី២៩ទៅ៣១អង្សាសេ។អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។


តំបន់មាត់សមុទ្រមានសីតុណ្ហភាពអប្បបរមាពី២៤ទៅ២៦អង្សាសេ សីរតុណ្ហភាពអតិបរមាមានពី៣២ទៅ៣៤អង្សាសេ។អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅច្រើន លាយឡំទៅដោយ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ នៅលើផ្ទៃសមុទ្រ ពិសេសក្បែរបណ្តាកោះ រលកសមុទ្រនឹងអាចកើតមានឡើងក្នុងកម្រិតមធ្យម ។
​​​ ក្រសួងធនធានទឹកនិងឧតុនិយមបានអំពាវនាវនៅក្នុងសេចក្តីជូនដំណឹងនេះឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់អំពីគ្រោះថ្នាក់ដែលអាចនឹងកើតមានពីបាតុ​ភូតធម្មជាតិនេះជាយថាហេតុ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here