«​ក្រុម​អ្នក​អក្សរសាស្ត្រ​និង​សង្គមសាស្ត្រ​ចេញផ្សាយ​វចនានុក្រម​ភាសា​ខ្មែរ​បច្ចុប្បន្ន ភាគ​ទី​១ ជា​ផ្លូវការ​»

0
83

​ភ្នំពេញៈ​ក្រុម​អ្នក​អក្សរសាស្ត្រ​និង​សង្គមសាស្ត្រ​ក្នុង​គម្រោង​បច្ចុប្បន្ន​កម្ម​វចនានុក្រម​ខ្មែរ​នៅ​រាជបណ្ឌិត្យសភាកម្ពុជា​និង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បានចេញ​ផ្សាយ​វចនានុក្រម​ភាសា​ខ្មែរ​បច្ចុប្បន្ន ភាគ​ទី​១ (​ក​-​ន​) បោះពុម្ព​លើក​ទី​១ ជា​ផ្លូវការ ដើម្បី​លើកកម្ពស់​ការអភិរក្ស​និង​អភិវឌ្ឍ​អក្សរសាស្ត្រ​ជាតិ​នៅពេល​បច្ចុប្បន្ន​។​

ឯកឧត្តម​កិត្តិ​បរិរក្ស​បណ្ឌិត គាត ឈន់ ប្រធានកិត្តិយស​ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ និង​ជា​ប្រធាន​គម្រោង​នៃ​បច្ចុប្បន្ន​កម្ម​វចនានុក្រម​ខ្មែរ​បាន​មានប្រសាសន៍​ក្នុង​បុព្វកថា​ឱ្យដឹងថា គោលបំណង​នៃ​ការរៀបចំ​វចនានុក្រម​ភាសា​ខ្មែរ​បច្ចុប្បន្ន​ភាគ​ទី​១ គឺ​ដើម្បី​បន្ស៊ី​គ្នា​រវាង​វចនានុក្រម​និង​ភាសា​ខ្មែរ​បច្ចុប្បន្ន​។​

​ឯកឧត្តម​កិត្តិ​បរិរក្ស​បណ្ឌិត​មានប្រសាសន៍​ដូច្នេះ​៖«​ខ្ញុំ​បាន​សង្កេតឃើញថា វចនានុក្រម​រៀប​រៀបចំ​ដោយ​សម្តេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ព​គ្រា​ទី​៥ (​ភាគ​ទី​១​នៅ​ឆ្នាំ​១៩៦៧ និង​ភាគ​ទី​២​នៅ​ឆ្នាំ​១៩៦៨) មាន​អាយុកាល​ជាង​៥០​ឆ្នាំ​ហើយ​។ ដោយ​ភាសា​ខ្មែរ​ចេះតែ​វិ​វត្ត​មិន​ឈប់ឈរ​នោះ ការនិយាយស្តី​ក៏មាន​បម្រែបម្រួល​គួរ​ជាទី​កត់សម្គាល់​ហើយ ពាក្យថ្មីៗ​ជាច្រើន​សន្ធឹកសន្ធាប់​ក៏ត្រូវ​បាន​ប្រើប្រាស់​លើសពី​ពាក្យ​ដែលមាន​ស្រាប់​ក្នុង​វចនានុក្រម​របស់​ព្រះអង្គ​; ដូច្នេះ​ខ្ញុំ​គិតថា ការ​បន្ស៊ី​គ្នា​រវាង​វចនានុក្រម​និង​ភាសា​ខ្មែរ​បច្ចុប្បន្ន​ជាការ​ចាំបាច់ ដើម្បី​បម្រើ​សេចក្តីត្រូវការ​នៅពេល​បច្ចុប្បន្ន​»​។​

​ជាមួយនេះដែរ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ព្រុំ ម៉​ល់ ប្រធាន​ក្រុមការងារ​គម្រោង​នៃ​បច្ចុប្បន្ន​កម្ម​វចនានុក្រម​ខ្មែរ​និង​ជា​សមាជិក​ពេញសិទ្ធិ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​បាន​មានប្រសាសន៍ថា ក្រុមការងារ​នឹង​បន្ត​ការខិតខំ​ស្រាវជ្រាវ​យកគំនិត​ថ្មីៗ​បង្គ្រប់​បន្ថែមទៀត ដើម្បី​ធ្វើឱ្យ​វចនានុក្រម​ខ្មែរ​មាន​ចំនួន​សម្បូរបែប​។​

​ឯកឧត្តម​បណ្ឌិត យង់ ពៅ អគ្គលេខាធិការ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​យ​ល់​ឃើញថា វចនានុក្រម​ភាសា​ខ្មែរ​បច្ចុប្បន្ន ភាគ​ទី​១ (​ក​-​ន​) ពិតជា​បានរួម​ចំណែក​ជាមួយ​ប្រជា​ជាតិខ្មែរ​នូវ​ការអភិរក្ស​និង​អភិវឌ្ឍ​អក្សរសាស្ត្រ​ជាតិ​ព្រមទាំង​ធ្វើឱ្យមាន​ភាពសម្បូរ​បែប​នូវ​វចនានុក្រម​ខ្មែរ​។​

​សូម​ជម្រាបជូន​ថា វចនានុក្រម​ភាសា​ខ្មែរ​បច្ចុប្បន្ន ភាគ​ទី​១ (​ក​-​ន​) បោះពុម្ព​លើក​ទី​១​នេះ​នឹង​ត្រូវដាក់​ទៅជា​វចនានុក្រម​អេ​ឡិ​ក​ត្រូ​និក​ផងដែរ​៕

ប្រភព : រស្មីកម្ពុជា

LEAVE A REPLY

Please enter your comment!
Please enter your name here