លោកម៉ូត ហូសាន់ តំណាងឲ្យក្រុមអ្នកធ្វើអាជីវកម្មនេសាទតាមគន្លងដាយត្រីក្នុងភូមិសាស្ត្ររាជធានីភ្នំពេញបានលែងអំណរគុណយ៉ាងជ្រាល ជ្រៅ ចំពោះឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញដែលឯកឧត្តមបានអនុញ្ញាតឱ្យបងប្អូនខ្មែរឥស្លាមជាអ្នកនេសាទបានចូលមកធ្វើការរៀបចំឧបករណ៍នេសាទនៅតាមគន្លងដាយត្រីដើម្បីត្រៀមធ្វើនេសាទឱ្យបានទាន់ពេលវេលានៅថ្ងៃទី០១ខែតុលាខាងមុខនេះ។
ព្រមពេលជាមួយគ្នានេះ រដ្ឋបាលជលផលកាលពីថ្ងៃទី៣០ខែសីហាឆ្នាំ២០២១បានជូនដំណឹងស្តីពីការជួលដាយត្រីតាមការព្រមព្រៀងសម្រាប់ធ្វើអាជីវកម្ម ក្នុងរដូវនេសាទឆ្នាំ២០២១-២០២២និងឆ្នាំ២០២២-២០២៣ ចំពោះគន្លងដាយចំនួន៩នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
នៅក្នុងលិខិតជូនដំណឹងដែលចុះហត្ថលេខាដោយលោក ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានរដ្ឋបាលជលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទនេះបានសរសេរទៀតថារដ្ឋបាលជលផលរៀបចំទទួលពាក្យសុំជួលដាយត្រីនៅរាជធានីភ្នំពេញតាមការព្រមព្រៀងសម្រាប់ធ្វើអាជីវកម្មក្នុងរដូវនេសាទឆ្នាំ២០២១-២០២២និងឆ្នាំ២០២២-២០២៣ ចាប់ពីថ្ងៃផ្សាយដំណឹងនេះ(៣០សីហា)រហូតដល់ថ្ងៃទី៨ខែកញ្ញា នៅរដ្ឋបាលជលផលថ្នាក់កណ្តាល មានគន្លងដាយចំនួន៩ត្រូវដាក់ជួល។
គន្លងដាយចំនួន៩ដែលរដ្ឋបាលជលផលជូនដំណឹងដាក់ឱ្យជួលនេះ ជាគន្លងដាយដែលគ្មានអ្នកដេញថ្លៃឈ្នួលកាលពីលើកទី១និងលើកទី២ ដោយសារស្ថានភាពទឹកទន្លេទាបនិងជាគន្លងដាយដែលឆ្នាំមុនៗចាប់ត្រីមិនសូវបានដោយសារមិនស្ថិតនៅចំផ្លូវត្រី។
លោកងិន ឌី នាយខណ្ឌរដ្ឋបាលជលផលរាជធានីភ្នំពេញបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី០១ខែកញ្ញាថាអ្នកនៅសល់ច្បាប់អនុញ្ញាតធ្វើអាជីវកម្មបន្តមួយឆ្នាំទៀតនិងអ្នកដេញថ្លៃបាននៅឆ្នាំនេះសរុបចំនួន១៣នាក់ ពេលនេះកំពុងរៀបចំឧបករណ៍នេសាទដើម្បីត្រៀមធ្វើនេសាទពេលរដូវបើកនេសាទមកដល់នៅថ្ងៃទី០១ខែតុលា គឺនៅសល់មួយខែទៀត បន្ទាប់ពីអភិបាលរាជធានីភ្នំពេញបានយល់ព្រមឱ្យបងប្អូនចូលមកធ្វើការរៀបចំឱ្យបានទាន់ពេលវេលា។ ចំពោះបែត្រីនិងផែ ដែលពុំមានច្បាប់ធ្វើអាជីវកម្មនេសាទនៅតាមគន្លងដាយ អាជ្ញាធរបានដេញឱ្យចេញទៅវិញអស់ហើយ៕