អាមេរិកបិទបញ្ចប់ជាស្ថាពរសង្រ្គាមរ៉ាំរ៉ៃ ២០ឆ្នាំ នៅអាហ្វហ្កានីស្ថាន

0
59

មន្រ្តីជាន់ខ្ពស់របស់តាលីបង់ ដែលបានទៅធ្វើទស្សនកិច្ចផ្ទាល់នៅព្រលានយន្តហោះក្រុងកាប៊ុល បានថ្លែងកាលពីព្រឹកថ្ងៃអង្គារ នៅចំពោះមុខទាហានតាលីបង់ ដោយចាត់ទុកថ្ងៃដកទ័ពអាមេរិកអស់ពីអាហ្វហ្កានីស្ថាន ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ដែលទាហានតាលីបង់ត្រូវមានមោទនភាព។ ចាប់ពីថ្ងៃអង្គារ ទី៣១ ខែសីហា ក្រុមតាលីបង់បានចូលកាន់កាប់ព្រលានយន្តហោះក្រុងកាប៊ូល បន្ទាប់ពីយន្តហោះយោធាចុងក្រោយរបស់ អាមេរិកហោះចេញពីអាហ្វហ្កានីស្ថាន កាលពីយប់ថ្ងៃចន្ទ។ អាមេរិកបានបិទបញ្ចប់សង្រ្គាមរ៉ាំរ៉ៃ ២០ឆ្នាំ នៅអាហ្វហ្កានីស្ថាន ជាមួយនឹងការជម្លៀសមនុស្សដ៏ប្រផិតប្រផើយបំផុត ចំណែកក្រុមតាលីបង់បានក្លាយជា ម្ចាស់ដឹកនាំពេញមុខនៅអាហ្វហ្កានីស្ថាន។ នៅមុនម៉ោង ១២ អាធ្រាត្រថ្ងៃចន្ទ គ្រាន់តែយន្តហោះយោធាអាមេរិកចុងក្រោយហោះចេញពីព្រលានយន្តហោះក្រុងកាប៊ុលភ្លាម គេឃើញក្រុមតាលីបង់បានបាញ់កាំភ្លើងទៅលើមេឃយ៉ាងស្រុះគ្នា ដើម្បីអបអរជ័យជំនះទាំងស្រុងរបស់ពួកគេនៅអាហ្វហ្កានីស្ថាន និងជាមេរៀនសំខាន់មួយ សម្រាប់អ្នកផ្សេងទៀត ដែលចង់ឈ្លានពានអាហ្វហ្កានីស្ថាន និងសម្រាប់មនុស្សជំនាន់ក្រោយ។ នៅថ្ងៃចាកចេញពីអាហ្វហ្កានីស្ថាន កងទ័ពអាមេរិកបានបំផ្លាញសព្វាវុធ ឬ ធ្វើឲ្យលែងដំណើរការរាល់យន្តហោះយោធា និងរថពាសដែកជាង ១០០គ្រឿង រួមទាំង ប្រព័ន្ធខែលមីស៊ីល ដែលអាមេរិកធ្លាប់បានប្រើ សម្រាប់វាយបកទប់ទល់ការវាយប្រហារគ្រាប់មីស៊ីលរបស់ក្រុមជីហាតអ៊ីស្លាម កាលពីប៉ុន្មានថ្ងៃមុន។ តាមមេបញ្ជាការកងទ័ពអាមេរិកប្រចាំមជ្ឈឹមបូព៌ាលោក  Kenneth McKenzie សព្វាវុធដែលសេសសល់នៅព្រលានយន្តហោះក្រុងកាប៊ុល មិនអាចដំណើរការ ឬ ហោះហើរបានទៀតនោះទេ។ អ្នកនាំពាក្យសំខាន់ម្នាក់របស់ក្រុមតាលីបង់លោក Zabihullah Mujahid បានទៅធ្វើទស្សនកិច្ចនៅព្រលានយន្តហោះក្រុងកាប៊ុល កាលពីព្រឹកថ្ងៃអង្គារថា ជ័យជំនះលើកនេះ ជាជ័យជំនះរបស់មនុស្សគ្រប់គ្នា។ វាជាថ្ងៃប្រវត្តិសាស្រ្ត ដែលក្រុមតាលីបង់មានមោទនភាពបំផុត។ តាមរដ្ឋមន្រ្តីការបរទេសអាមេរិកលោក អង់តូនី ប្លីងកិន ដែលបានថ្លែងនៅក្រោយយន្តហោះយោធាអាមេរិកចុងក្រោយចាកចេញពីក្រុងកាប៊ុល ក្នុងរយៈពេល ២សប្តាហ៍ ដែលអាមេរិក និង ប្រទេសលោកខាងលិចចាប់ផ្តើមជម្លៀសមនុស្សចេញពីព្រលានយន្តហោះក្រុងកាប៊ុល មានជាង ១សែន ២ម៉ឺននាក់ ក្នុងនោះ មានជាង ៦ពាន់នាក់ ជាជនជាតិអាមេរិក។ ប៉ុន្តែប្រមុខការបរទេសអាមេរិក ទទួលស្គាល់ថា នៅមានជនជាតិអាមេរិក ជាង ១០០នាក់ផ្សេងទៀត និងជនជាតិអាហ្វហ្កានីស្ថានជាច្រើនផ្សេងទៀត ដែលចង់ចាកចេញពីអាហ្វហ្កានីស្ថាន ប៉ុន្តែកំពុងជាប់គាំងក្នុងទឹកដីអាហ្វហ្កានីស្ថាន ដោយមិនអាចចាកចេញទាន់ជាមួយយន្តហោះយោធាអាមេរិកចុងក្រោយ កាលពីថ្ងៃចន្ទនោះ។ ដំណើរការជម្លៀសមនុស្សដែលនៅសេសសល់នឹងក្លាយជាបន្ទុករបស់ក្រសួងការបរទេសអាមេរិក ដោយពួកគេអាចចាកចេញពីអាហ្វហ្កានីស្ថានតាមផ្លូវចរចានយោបាយការទូត ដែលអាមេរិកត្រូវបន្តចរចាផ្ទាល់ជាមួយរដ្ឋាភិបាលតាលីបង់។ អាមេរិកបានប្រកាសបិទផងដែរ ស្ថានទូតរបស់ខ្លួនប្រចាំក្រុងកាប៊ុល ដោយរើទៅនៅទីក្រុងដូហា ប្រទេសការតាវិញ។ ដូច្នេះស្ថានទូតនៅទីក្រុងដូហា ជាអ្នកចាត់ចែងទទួលបន្ទុកបន្តជម្លៀសជនជាតិអាមេរិកដែលនៅសល់ និងជនបរទេស ជនជាតិអាហ្វហ្កានីស្ថានដែលធ្លាប់ធ្វើការឲ្យកងទ័ពអាមេរិក និងដែលចង់ចាកចេញពីអាហ្វហ្កានីស្ថាន៕ Reuters

LEAVE A REPLY

Please enter your comment!
Please enter your name here