អង្គការអូតង់សន្យាមិនបំភ្លេចជនជាតិអាហ្វហ្កានីស្ថាន ដែលមិនទាន់អាចជម្លៀសចេញពីអាហ្វហ្កានីស្ថាន

0
60

អគ្គលេខាធិការអង្គការអូតង់លោក យែន ស្តុលទែនប៊ែរ កាលពីថ្ងៃអង្គារ ទី៣១ ខែសីហា បានថ្លែងថា៖ «វាសំខាន់ដែលត្រូវរក្សាទ្វារព្រលានយន្តហោះក្រុងកាប៊ុលបើកចំហរ ដើម្បីអនុញ្ញាតឲ្យមានការនាំជំនួយមនុស្សធម៌ទៅឲ្យប្រជាជនអាហ្វហ្កានីស្ថាន និងធានាពីការបន្តយុទ្ធនាការជម្លៀសប្រជាជនអាហ្វហ្កានីស្ថានណា ដែលចង់ភៀសខ្លួនចេញតែនៅមិនទាន់អាចចេញរួច។ យើងទាំងអស់គ្នាបានសន្យាបន្តការងារដ៏លំបាក ដើម្បីជម្លៀសពួកគេចេញ ហើយយើងនឹងមិនបំភ្លេចពួកគេទេ»។ លោក ស្តុលទែនប៊ែរ បានធានាថា សម្ព័ន្ធមិត្តនឹងបន្តដាក់គំនាបការទូតលើពួកតាលីបង់ ដើម្បីឲ្យពួកនេះអនុញ្ញាតឲ្យពលរដ្ឋអាហ្វហ្កានីស្ថានណា ដែលកំពុងស្ថិតក្នុងគ្រោះថ្នាក់អាចចាកចេញពីអាហ្វហ្កានីស្ថានបាន។ គួរបញ្ជាក់ថា ពួកតាលីបង់ធ្លាប់បានបញ្ជាក់ពីការយល់ព្រមឲ្យមានការចាកចេញរបស់ប្រជាជនអាហ្វហ្កានីស្ថានណាដែលចង់ចាកចេញ។ ត្រង់ចំណុចនេះ ត្រូវបានលោក ស្តុលទែនប៊ែរ ថ្លែងថា អូតង់នឹងធ្វើការវិនិច្ឆ័យលើអ្វីដែលពួកតាលីបង់បាននិយាយ និងអ្វីដែលពួកតាលីបង់ ធ្វើ។ សម្រាប់ពេលខាងមុខ ត្រូវបានប្រមុខអង្គការអូតង់ គូសបញ្ជាក់ថា សមាជិកអូតង់ទាំង៣០ ប្រទេស នឹងធ្វើការសិក្សាយ៉ាងល្អិតល្អន់ លើភាពចន្លោះប្រហោងនៅក្នុងក្របខណ្ឌ នៃបេសកម្មរបស់ខ្លួននៅអាហ្វហ្កានីស្ថាន ដែលសំដៅបង្កើតរដ្ឋាភិបាលមួយ និងកងទ័ពមួយ ដែលមានសមត្ថភាពប្រឆាំងនឹងពួកតាលីបង់។ ដោយមិននិយាយពីបរាជ័យរបស់អង្គការអូតង់នៅអាហ្វហ្កានីស្ថាន លោក ស្តុលទែនប៊ែរ បានត្រឹមបញ្ជាក់ថា វាជាពេលវេលាដែលអូតង់ត្រូវចាប់ផ្តើមវាយតម្លៃ និងវិភាគ ដើម្បីទាញជាមេរៀនសម្រាប់អង្គការអូតង់៕ AP

LEAVE A REPLY

Please enter your comment!
Please enter your name here