អាជ្ញាធរជាតិអប្សរា បិទការឡើងចុះទស្សនា ប្រាសាទភិមានអាកាស ដើម្បីធ្វើការជួសជុល !

0
26

ប្រាសាទភិមានអាកាស ដែលស្ថិតនៅក្នុងបរិវណអតីតព្រះរាជវាំងក្រុងអង្គរធំ ត្រូវបានអាជ្ញាធរជាតិអប្សរា ធ្វើការបិទចុះឡើងទស្សនាជាបណ្ដោះអាសន្ន ដើម្បីសិក្សាលើចំណុចប្រឈមនានា ដើម្បីលើកគម្រោងធ្វើការជួសជុលបន្ទាន់ ដើម្បីជៀសវាងគ្រោះថ្នាក់ជាយថាហេតុដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
យោងតាមសេចក្ដីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរា ចេញផ្សាយថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១នេះ បានបង្ហាញថា បច្ចុប្បន្នប្រាសាទភិមានអាកាស ដែលស្ថិតនៅក្នុងបរិវេណអតីតព្រះរាជវាំងក្រុងអង្គរធំ កំពុងមានសភាពទ្រុឌទ្រោមយ៉ាងខ្លាំងប្រឈមហានិភ័យខ្ពស់ ដោយសារកត្តាអាយុកាល និងធម្មជាតិ។

ក្នុងលិខិតដដែលបានបន្ដថា ដោយសង្កេតឃើញពីបញ្ហាចំពោះមុខនេះ ក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរា បាននឹងកំពុងសិក្សាលើចំណុចប្រឈមនានា ដើម្បីលើកគម្រោងសម្រាប់ការងារជួសជុលបន្ទាន់ ក្នុងន័យដើម្បីសម្រួលការងារនេះ ក៏ដូចជាដើម្បីជៀសវាងគ្រោះថ្នាក់ ជាយថាហេតុ ដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ និងសាធារណជនទូទៅ អាជ្ញាធរជាតិអប្សរានឹងធ្វើការបិទឡើងចុះទស្សនាប្រាសាទអតីតភិមានអាកាសតាមច្រកផ្នែកខាងលិចជាបណ្ដោះអាសន្ន គិតចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ ២០២១តទៅ រហូតដល់ការដ្ឋានត្រូវបានជួសជុលរួចរាល់។ អាជ្ញាធរជាតិអប្សរា បានជម្រាបជូនដំណឹងដល់ក្រសួង ស្ថាប័នជាតិ-អន្តរជាតិ អាជ្ញាធរដែនដី មន្ទីរ-អង្គភាព សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុនទេសចរណ៍ ភ្ញៀវទេសចរជាតិ-អន្តរជាតិ សាធារណជន ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាប។


យោងតាមឯកសារផ្សេងៗបានបញ្ជាក់ថា ប្រាសាទភិមានអាកាស ដែលស្ថិតនៅក្នុងបរិវណអតីតព្រះរាជវាំងក្រុងអង្គរធំ ក្នុងភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប ប្រាសាទនេះ ជាព្រះបរមរាជវាំងរបស់ព្រះរាជាច្រើនជំនាន់ រួមមានព្រះបាទរាជេន្ទ្រវរ្ម័នទី២ ពាក់កណ្ដាលស.វ.ទី១០, ព្រះបាទជ័យវរ្ម័នទី៥ ចុងសតវត្សទី១០ និងព្រះបាទសូរ្យវរ្ម័នទី១ ដើមសតវត្សទី១១ជាដើម។ ទ្រង់បានយកប្រាសាទហេមស្រិង្គគិរី ធ្វើជាប្រាសាទសម្រាប់រាជ្យ និងសម្រាប់ការគោរពបូជាដល់អាទិទេព។ប្រាសាទភិមានអាកាស កសាងពីថ្មភក់ មានទម្រង់ជាប្រាសាទភ្នំ នៅលើគ្រឹះថ្មបាយក្រៀមបីជាន់។ គ្រឹះថ្មបាយក្រៀមទាំងពីរជាន់ មានរាងបួនជ្រុងទ្រវែង ហើយមួយជាន់ៗ មានកម្ពស់ ៤ម៉ែត្រ និងមានជណ្ដើរគ្រប់ទិសទាំងបួន។ ជាន់ក្រោមបង្អស់ មានទទឹងជើង-ត្បូង ប្រវែង ២៨ម៉ែត្រ និងបណ្ដោយកើត-លិច ប្រវែង ៣៥ម៉ែត្រ។ នៅអមសងខាងជណ្ដើរឡើង ត្រង់មុំជ្រើងគ្រឹះទាំងបីជាន់ មានចម្លាក់រូបសិង្ហ និងរូបដំរី៕

LEAVE A REPLY

Please enter your comment!
Please enter your name here