ទឹកលិចផ្លូវជាតិលេខ៤ ក្នុងខេត្តកំពង់ស្ពឺ បន្ទាប់ពីភ្លៀងធ្លាក់ ដល់ ១២៥ មីលីម៉ែត្រ មិនទាន់ស្រក

0
53

ភ្នំពេញៈ ភ្លៀងធ្លាក់ កាលពីយប់ថ្ងៃទី៣០ ខែសីហា បានរាយប៉ាយ នៅគ្រប់រាជធានីខេត្ត ដោយខេត្តខ្លះ ក្នុងកម្រិតមធ្យម និងខេត្តខ្លះ ដល់កម្រិតពីបង្គួរ ទៅច្រើន បង្កឱ្យមាន ជំនន់ទឹកភ្លៀង ដូចជា នៅខេត្តកំពង់ស្ពឺ ទឹកលិចផ្លូវជាតិលេខ៤ មិនទាន់ស្រកអស់នៅឡើយទេ បន្ទាប់ពីមានភ្លៀងធ្លាក់ ដល់កម្រិត ១២៥ មីលីម៉ែត្រ រួចមក។ ភ្លៀងធ្លាក់ដោយបរិមាណ ច្រើន កើតមានជាបន្តបន្ទាប់ ចាប់ដើមខែកញ្ញា ស្អែកនេះទៅ។

លោក ចាន់ យុត្ថា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យ រស្មីកម្ពុជាដឹង នៅថ្ងៃទី៣១ ខែសីហាថាៈ ភ្លៀងដែលធ្លាក់ កាលពីយប់ថ្ងៃទី៣០ ខែសីហា បានរាយប៉ាយ ស្ទើរគ្រប់ខេត្ត ក្នុងកម្រិតពីតិច ទៅមធ្យម និងមានខេត្តខ្លះ ពីបង្គួរទៅច្រើន ដូចជា រាជធានីភ្នំពេញ ខេត្តកណ្តាល ព្រៃវែង ស្វាយរៀង និងខេត្តកំពង់ស្ពឺ មានភ្លៀងធ្លាក់ ស្ទើរគ្រប់ស្រុក ដល់កម្រិតជិត ១០០ ឬលើសពី ១០០ មីលីម៉ែត្រ បង្កឱ្យមានជំនន់ទឹកភ្លៀង ដូចជា នៅខេត្តកំពង់ស្ពឺ បន្ទាប់ពីមានភ្លៀងធ្លាក់ ដល់ ១២៥ មីលីម៉ែត្រ រួចមក។

អ្នកនាំពាក្យក្រសួងជំនាញខាងលើ បាននិយាយឱ្យដឹងទៀតថាៈ នៅខេត្តកំពង់ស្ពឺ មានភ្លៀងធ្លាក់ច្រើន ជាងគេ ដល់ ១២៥ មីលីម៉ែត្រ និងគ្រប់ឃុំ មានភ្លៀងធ្លាក់ ជិតដល់ ១០០ មីលីម៉ែត្រ ។ នៅផ្ទៃរងទឹកភ្លៀង ស្រែខ្លុង មានភ្លៀងធ្លាក់ច្រើន ជន់ឡើងខ្លាំង តែស្ទឹងឃ្លាច និងស្ទឹងតាសាល ដែលជាប្រភពទឹកស្ទឹង ព្រែកត្នោត មិនទាន់មានសញ្ញាណ ជំនន់កើតឡើង ទេ តែមន្ទីរធនធានទឹក ខេត្តកំពង់ស្ពឺ បានចាត់ចែង កម្លាំងប្រចាំការ នៅទ្វារទឹករលាំងជ្រៃ រួចហើយ ដើម្បីចាំបិទបើកទ្វារទឹក បញ្ចៀសការលិចលង់ ទាំងនៅផ្នែកខាងលើ និងផ្នែកខាងក្រោម។

ចំពោះការលិចលង់ផ្លូវជាតិលេខ៤ នៅចំណុចមុខបុរីសុវណ្ណ ក្រុងច្បារមន ដែលជាតំបន់មានភ្លៀងធ្លាក់ ដល់ ១១០ មីលីម៉ែត្រ មកដល់រសៀល ថ្ងៃទី៣១ ខែសីហា មិនទាន់ស្រកនៅឡើយទេ ដោយសារ ប្រព័ន្ធដោះទឹក មានទំហំតូច ពេលនេះ ក្រុមការងារ កំពុងបង្ហោះដ្រូនរកផ្លូវដោះទឹក ឱ្យបានលឿន

លោក ចាន់ យុត្ថា បាននិយាយឱ្យដឹងផងដែរថាៈ នៅថ្ងៃទី៣១ ខែសីហា នេះ ភ្លៀងធ្លាក់រាយប៉ាយ មាននៅទូទាំងប្រទេស តែមិនខ្លាំងដូចកាលពីថ្ងៃទី៣០ ខែសីហាទេ។ កម្ពុជា ពេលនេះ ចាប់ផ្តើមទទួលឥទ្ធិពល ខ្យល់មូសុងនិរតីខ្លាំង ជាមួយនឹងប្រព័ន្ធសម្ពាធទាបខ្សោយ។

របាយទឹកភ្លៀង ដែលបានធ្លាក់ រយៈពេល ២៤ ម៉ោង ត្រឹមព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ នៅខេត្តកំពង់ស្ពឺ ពី ៦ ដល់ ១២៥ មីលីម៉ែត្រ, ព្រៃវែងពី ៦ ដល់ ១០២ មីលីម៉ែត្រ, ភ្នំពេញពី ៧ ដល់ ៧១ មីលីម៉ែត្រ, កំពង់ចាម ពីតិចដល់ ៣២ មីលីម៉ែត្រ, កណ្តាលពី ១០ ដល់ ៧០ មីលីម៉ែត្រ, កែបពី ១៣ ដល់ ៣៧ មីលីម៉ែត្រ, បន្ទាយមានជ័យ ១៥ មីលីម៉ែត្រ, តាកែវ ពី ១០ ដល់ ៥១ មីលីម៉ែត្រ, កំពត ៤ ដល់ ៥៧ មីពីលីម៉ែត្រ, ឧត្តរមានជ័យ ពីតិចដល់ ៣១ មីលីម៉ែត្រ, ត្បូងឃ្មុំ ពីតិចដល់ ៣៤ មីលីម៉ែត្រ, មណ្ឌលគិរី ពី១៣ ដល់ ៥៣ មីលីម៉ែត្រ, កំពង់ឆ្នាំង ពី ៨ ដល់ ៤១ មីលីម៉ែត្រ, ក្រចេះពី ០ ដល់ ៨ មីលីម៉ែត្រ, ពោធិសាត់ ពី ២ ដល់ ៥ មីលីម៉ែត្រ, កោះកុង ពី ៣ ដល់ ៤១ មីលីម៉ែត្រ, បាត់ដំបង ពី ២ ដល់ ៤៣ មីលីម៉ែត្រ, ស្ទឹងត្រែង ពី ០ ដល់ ១២ មីលីម៉ែត្រ, កំពង់ធំ ពី ២ ដល់ ៩ មីលីម៉ែត្រ, សៀមរាប ពី ២ ដល់ ១០ មីលីម៉ែត្រ, ស្វាយរៀង ពី ៧ ដល់ ៨០ មីលីម៉ែត្រ, ប៉ៃលិន ពី ៨ ដល់ ២៥ មីលីម៉ែត្រ។

ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ នេះ បានជូនដំណឹង ស្តីអំពីការព្យាករ អាកាសធាតុ សម្រាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែសីហាថាៈ នៅក្នុងសប្តាហ៍នេះ ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពល ពីជ្រលងសម្ពាធទាបឥណ្ឌា កម្រិតខ្លាំង ជាមួយនឹងប្រព័ន្ធ សម្ពាធទាប ហើយទទួលបន្ថែម នូវខ្យល់សមុទ្រ (Breeze)។

នៅក្នុងសេចក្តីជូនដំណឹង បានសរសេរទៀតថាៈ ស្ថានភាពអាកាសធាតុ បែបខាងលើ ធ្វើឲ្យបណ្តាខេត្ត នៅតំបន់វាលទំនាបកណ្តាល មានសីតុណ្ហភាព អប្បបរមា ពី ២៤ ទៅ ២៦ អង្សាសេ សីតុណ្ហភាព អតិបរមា មានពី ៣០ ទៅ ៣២ អង្សាសេ។ អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីមធ្យម ទៅច្រើន លាយឡំ ទៅដោយផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ។ ទន្ទឹមនោះ អាចមានជំនន់ទឹកភ្លៀង កើតឡើងនៅតំបន់ខ្លះ ។

សម្រាប់បណ្តាខេត្ត នៅជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន មានសីតុណ្ហភាព អប្បបរមាពី ២៣ ទៅ ២៥ អង្សាសេ សីតុណ្ហភាព អតិបរមា មានពី ២៩ ទៅ ៣១ អង្សាសេ។ អាចនឹងមានភ្លៀងធ្លាក់ ក្នុងកម្រិតពី មធ្យមទៅច្រើន លាយឡំទៅដោយ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

តំបន់មាត់សមុទ្រ មានសីតុណ្ហភាព អប្បបរមាពី ២៤ ទៅ ២៦ អង្សាសេ សីរតុណ្ហភាព អតិបរមា មានពី ៣២ ទៅ ៣៤ អង្សាសេ។ អាចនឹងមានភ្លៀងធ្លាក់ ក្នុងកម្រិតពីបង្គួរ ទៅច្រើន លាយឡំទៅដោយ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ នៅលើផ្ទៃសមុទ្រ ពិសេសក្បែរបណ្តាកោះ រលកសមុទ្រ នឹងអាចកើតមានឡើង ក្នុងកម្រិតមធ្យម ។

ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវ នៅក្នុងសេចក្តីជូនដំណឹងនេះ ឱ្យប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នខ្ពស់ អំពីគ្រោះថ្នាក់ ដែលអាចនឹងកើតមានពីបាតុ ភូតធម្មជាតិនេះ ជាយថាហេតុ ៕

ប្រភព : រស្មីកម្ពុជា

LEAVE A REPLY

Please enter your comment!
Please enter your name here