រ៉ូកែត ៥គ្រាប់ ហោះសំដៅមកព្រលានយន្តហោះក្រុងកាប៊ុល ខណៈទាហានអាមេរិកកំពុងបង្កើយការជម្លៀសមនុស្ស

0
82

យោងតាមការបញ្ជាក់ពីមន្ត្រីយោធាអាមេរិក កាលពីព្រឹកថ្ងៃចន្ទ គឺមានគ្រាប់រ៉ូកែត យ៉ាងហោចចំនួន ៥គ្រាប់ ត្រូវបានគេបាញ់បង្ហោះសំដៅមកព្រលានយន្តហោះតែម្តងតែជាសំណាងល្អប្រព័ន្ធខែលមីស៊ីលរបស់កងទ័ពអាមេរិកបានស្ទាក់កំទេចបាន។ យោងតាមការចុះផ្សាយរបស់បណ្តាញព័ត៌មានអាហ្វហ្កានីស្ថាន គឺពិតជាមានគ្រាប់រ៉ូកែតច្រើនគ្រាប់ ត្រូវបានបាញ់ចេញពីរថយន្តមួយ ស្ថិតនៅមិនឆ្ងាយប៉ុន្មានពីក្រុងកាប៊ុល។ ទីភ្នាក់ងារព័ត៌មាន Pajhwok បានចុះផ្សាយថា គ្រាប់រ៉ូកែតជាច្រើនគ្រាប់ បានធ្លាក់ទៅលើសង្កាត់មួយចំនួន ក្នុងក្រុងកាប៊ុលថែមទៀតផង។ ស្ថានការណ៍នៅក្រុងកាប៊ុល ជាពិសេស នៅព្រលានយន្តហោះ គឺមានភាពតានតឹងប្រកបដោយការភ័យបារម្ភខ្លាំងណាស់ សេតវិមានអាមេរិក បានអះអាងថា គេនៅតែបន្តប្រឹងប្រែងធ្វើប្រតិបត្តិជម្លៀសមនុស្សតាមយន្តហោះ ដោយឥតមានរអាក់រអួលទេ ព្រោះនៅសល់ពេលត្រឹមថ្ងៃទី៣១ ខែសីហាតែប៉ុណ្ណោះ។ យោងតាមតួលេខផ្តល់ឲ្យដោយសេតវិមាន គឺមានមនុស្សប្រមាណ ១១៤៤០០នាក់ ត្រូវបានជម្លៀសចេញពីក្រុងកាប៊ុលតាមយន្តហោះ ទៅកាន់ប្រទេសផ្សេងៗ គិតចាប់ពីថ្ងៃទី១៤ ខែសីហាមក។ ក្នុងចំណោមអ្នកដែលគេជម្លៀសចេញរួចរាល់ គឺមានជនជាតិអាមេរិក ចំនួន ៥៥០០នាក់ ក្រៅពីនោះ មាន បុគ្គលិកស្ថានទូតបរទេស អ្នកកាសែត បុគ្គលិកអង្គការសហប្រជាជាតិ និងបុគ្គលិករបស់អង្គការអូតង់ជាដើម តែភាគច្រើនលើសលុប គឺប្រជាជនអាហ្វហ្កានីស្ថានដែលប្រឈមនឹងគ្រោះថ្នាក់។ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិបានបើកការប្រជុំកាលពីថ្ងៃចន្ទ ដើម្បីឆ្លើយតបទៅនឹងការស្នើសុំរបស់បារាំង និងអង់គ្លេសឲ្យបង្កើតតំបន់សុវត្ថិភាពនៅព្រលានយន្តហោះក្រុងកាប៊ុល។ ការបង្កើតតំបន់សុវត្ថិភាពពិសេស គឺមានន័យថា ត្រូវតែមានកងកម្លាំងអន្តរជាតិទៅយាមការពារសន្តិសុខ។ ក្រុមតាលីបង់ តាមរយៈអ្នកនាំពាក្យឈ្មោះ Souhail Shaheen បានប្រកាសថា ក្រុមគេនឹងមិនអនុញ្ញាតឲ្យបង្កើតតំបន់សុវត្ថិភាពនេះទេ ដោយបានអះអាងថា មិនមានប្រយោជន៍ទេ ព្រោះថាពួកគេនឹងមិនទៅរារាំងមិនឲ្យមនុស្សធ្វើដំណើរ ចាប់ពីថ្ងៃទី ១ ខែកញ្ញាទៅឡើយ ដូច្នេះមិនចាំបាច់មានតំបន់សុវត្ថិភាពពិសេសអ្វីទេ៕ AP

LEAVE A REPLY

Please enter your comment!
Please enter your name here