តើឥណ្ឌា ឬ ប៉ាគីស្ថាន ដែលទទួលបានផលចំណេញពីការឡើងកាន់អំណាចរបស់ពួកតាលីបង់នៅអាហ្វហ្កានីស្ថាន?

0
155

សម្រាប់ប្រទេសប៉ាគីស្ថាន ក៏ដូចជា ប្រទេសឥណ្ឌា ការឡើងកាន់អំណាចជាថ្មីរបស់ពួកតាលីបង់ នៅអាហ្វហ្កានីស្ថាន មិនបានធ្វើឲ្យអ្នកណាម្នាក់ចំណេញផ្តាច់មុខ ឬ ខាតផ្តាច់មុខទេ។ ប៉ុន្តែប៉ាគីស្ថាន អាចជាអ្នកកំពុងទទួលបានប្រយោជន៍ត្រឡប់វិញ និងមានប្រៀបលើឥណ្ឌា ដែលជាគូប្រជែងរបស់ខ្លួននៅក្នុងតំបន់។ សម្រាប់ទីក្រុងអ៊ីស្លាម៉ាបាត ជ័យជំនះរបស់ពួកតាលីបង់នៅអាហ្វហ្កានីស្ថាន មានបង្កប់ដោយអត្ថន័យពីរ គឺទី១ ជា ជ័យជំនះនៃយុទ្ធសាស្រ្តរបស់ខ្លួនលើទីក្រុងញូដែលី ព្រោះតាំងពីអាមេរិករំលំរបបតាលីបង់ ក្នុងឆ្នាំ២០០១មក ទីក្រុងអ៊ីស្លាម៉ាបាតមិនត្រឹមតែមិនបានផ្តាច់ទំនាក់ទំនងជាមួយពួកតាលីបង់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានផ្តល់ជម្រកឲ្យពួកតាលីបង់ទៀតផង និងទី២ ជាជ័យជំនះនៃការសងសឹកប្រវត្តិសាស្រ្ត ព្រោះសង្រ្គាមអាមេរិកនៅអាហ្វហ្កានីស្ថាន បានធ្វើឲ្យប៉ាគីស្ថានបាត់បង់សមរភូមិក្រោយ និងបានឲ្យឥណ្ឌាពង្រឹងទំនាក់ទំនងជាមួយអាហ្វហ្កានីស្ថាន និងអាមេរិក នារយៈពេល ២០ឆ្នាំកន្លងទៅ។ ដូច្នេះហើយបានជាក្រោយការវាយចូលក្រុងកាប៊ុលរបស់ពួកតាលីបង់ នាយករដ្ឋមន្រ្តីប៉ាគីស្ថានលោក អ៊ីមរ៉ាន់ ខាន់ បានថ្លែងតាមកញ្ចក់ទូរទស្សន៍ដោយរីករាយថា ចៅហ្វាយថ្មីនៅអាហ្វហ្កានីស្ថានបានបំបែកសង្វាក់ទាសភាពជាមួយបស្ចិមលោក។ ចំណែកឥណ្ឌាវិញ មានការខកចិត្ត និងបានចាត់ទុកជ័យជំនះរបស់ពួកតាលីបង់ ជាបរាជ័យនៃយុទ្ធសាស្រ្តរបស់ខ្លួន ព្រោះពេលរបបតាលីបង់រលំក្នុងឆ្នាំ២០០១ និងអាហ្វហ្កានីស្ថានមានរដ្ឋាភិបាលថ្មីភ្លាម ទីក្រុងញូដែលីបានចងសម្ព័ន្ធមិត្តជាមួយទីក្រុងកាប៊ុល តាំងពីជំនាន់ប្រធានាធិបតីលោក ហាមីដ កាហ្សៃ រហូតដល់លោក អាស្រាហ្វ ហ្កានី ដែលទើបរត់ចោលស្រុក។ គិតតាំងពីឆ្នាំ២០០១មក ឥណ្ឌាបានចំណាយលុយប្រមាណជា ៣ ០០០លានដុល្លារ ដើម្បីជួយកសាងប្រទេសអាហ្វហ្កានីស្ថានឡើងវិញ តាមរយៈការសាងសាង់សាលារៀន មន្ទីរពេទ្យ គ្លីនិក បណ្តាញអគ្គីសនី ផ្លូវថ្នល់ និងទំនប់វារីអគ្គិសនី ដែលបានធ្វើឲ្យឥណ្ឌាក្លាយជាប្រទេសផ្តល់ជំនួយទី៥ ដល់អាហ្វហ្កានីស្ថាន។ ភ្លាមៗនាពេលនេះ ឥណ្ឌាបានប្រកាសបិទទ្វារស្ថានកុងស៊ុល ចំនួន ៤ និងស្ថានទូតនៅក្នុងទីក្រុងកាប៊ុល រួមទាំងជម្លៀសពលរដ្ឋទាំងអស់របស់ខ្លួនចេញពីទឹកដីអាហ្វហ្កានីស្ថាន។ សម្រាប់ទីក្រុងញូដែលី ការធ្លាក់ទីក្រុងកាប៊ុលក្នុងដៃតាលីបង់ ជាការបាត់បង់សម្ព័ន្ធមិត្តម្នាក់នៅក្នុងតំបន់។ សម្រាប់ទីក្រុងអ៊ីស្លាម៉ាបាត ជាឱកាសល្អ ដើម្បីបង្កើនឥទ្ធិពលបន្ថែម ពង្រឹងការអភិវឌ្ឃន៍លើទំនាក់ទំនងពាណិជ្ជកម្មជាមួយអាស៊ីកណ្តាល តាមរយៈអាហ្វហ្កានីស្ថាន និងពង្រឹងទម្ងន់នយោបាយរបស់ខ្លួននៅក្នុងតំបន់។ ជាការពិតណាស់ ជ័យជំនះរបស់ពួកតាលីបង់នៅអាហ្វហ្កានីស្ថានពេលនេះ បានធ្វើឲ្យមានការផ្លាស់ប្តូរតុល្យភាព នៅក្នុងតំបន់អាស៊ីខាងត្បូង ពិសេស រវាងឥណ្ឌា និងប៉ាគីស្ថាន ដែលជាសត្រូវស៊ូពូជនឹងគ្នា។ ប៉ុន្តែទាំងឥណ្ឌា និងប៉ាគីស្ថាន ក៏មានក្តីបារម្ភដូចគ្នា ពីបញ្ហាសន្តិសុខផ្ទាល់ខ្លួនដែរ។ តើវារហស័ពេកទេ ដែលនាយករដ្ឋមន្រ្តី ប៉ាគីស្ថានលោក អ៊ីមរ៉ាន់ ខាន់ ចាត់ទុកជ័យជំនះរបស់ពួកតាលីបង់ពេលនេះ ជាជ័យជំនះរបស់ខ្លួនដែរនោះ?៕ AP

LEAVE A REPLY

Please enter your comment!
Please enter your name here