កូរ៉េខាងជើងទំនងជាដាក់ឱ្យដំណើរការមជ្ឈមណ្ឌលនុយក្លេអ៊ែរឡើងវិញ

0
60

មជ្ឈមណ្ឌលនុយក្លេអ៊ែរ Yongbyon ដែលបានផ្អាកសកម្មភាព តាំងពីដើមខែធ្នូ ឆ្នាំ២០១៨ ទំនងមានដំណើរការឡើងវិញ កាលពីដើមខែកក្កដា ឆ្នាំ២០២១ ដោយគេបានសង្កេតឃើញមានសញ្ញាជាច្រើន ដែលបញ្ជាក់អំពីដំណើរការនៃម៉ាស៊ីនប្រតិករនុយក្លេអ៊ែរ មានជាអាទិ៍ ការបង្ហូរទឹកសម្រាប់បញ្ចុះកម្តៅម៉ាស៊ីន។ នេះបើតាមការលម្អិតនៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ ហៅកាត់ថា AIEA។ ម៉ាស៊ីនប្រតិករនុយក្លេអ៊ែរ ដែលមានសមត្ថភាពដល់ទៅ ៥ មេហ្កាវ៉ាត់ ចាប់ដំណើរការឡើងវិញ មានន័យថា ក្រុងព្យុងយ៉ាងចាប់អភិវឌ្ឍកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនឡើងវិញ ដោយរំលោភយ៉ាងងងើលសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ការដាក់ឱ្យដំណើរការមជ្ឈមណ្ឌលនុយក្លេអ៊ែរឡើងវិញ ជាមួយនឹងដំណឹងដែលគេទើបទទួលបាន កាលពីពេលថ្មីៗថា ក្រុងព្យុងយ៉ាងបានប្រើមន្ទីរពិសោធន៍វិទ្យុគីមី នៅក្បែរមជ្ឈមណ្ឌលនុយក្លេអ៊ែរ សម្រាប់ញែកសារធាតុភ្លុយតូនីញ៉ូម ចេញពីសំណល់ចំហេះរបស់ម៉ាស៊ីនប្រតិករ ជាតំណាងនៃការព្រួយបារម្ភយ៉ាងក្រែលែង។ មជ្ឈមណ្ឌលនុយក្លេអ៊ែរនេះ ជាដើមហេតុនាំឱ្យជំនួបលើកទីពីរ រវាងអតីតលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន នៅទីក្រុងហាណូយ ឆ្នាំ២០១៩ ត្រូវបរាជ័យ។ ស្ថិតនៅចម្ងាយប្រមាណជាង ១០០គីឡូម៉ែត្រ ពីក្រុងព្យុងយ៉ាង មជ្ឈមណ្ឌល Yongbyon សាងសង់ហើយនៅឆ្នាំ១៩៨៦ មានបំពាក់ម៉ាស៊ីនប្រតិករនុយក្លេអ៊ែរដំបូងគេ និងជាប្រភពផ្តល់រ៉ែភ្លុយតូនីញ៉ូមតែមួយរបស់កូរ៉េខាងជើងដែលគេស្គាល់ ប៉ុន្តែវាមិនមែនជាមជ្ឈមណ្ឌលតែមួយគត់របស់ព្យុងយ៉ាងឡើយ។ ដូច្នេះការបិទមជ្ឈមណ្ឌលនេះ មិនមែនមានន័យថា កម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើងត្រូវចប់នោះទេ៕ Reuters

LEAVE A REPLY

Please enter your comment!
Please enter your name here