ផ្លូវមួយខ្សែប្រវែងជាង១៤គីឡូម៉ែត្រ ជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែនផ្តល់ជូនប្រជាពលរដ្ឋក្នុងស្រុកសៀមប៉ាង

0
55

នៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញចុះពិនិត្យស្ថានភាព ជាក់ស្តែង នៃការស្ថាបនាផ្លូវលំ ១ ខ្សែក្រាលក្រួសក្រហម ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្តល់ជូនមករដ្ឋបាលខេត្តស្ទឹងត្រែង តាមរយៈមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត។ មានការអញ្ជើញចូលរួមពី ប្រធានក្រុមប្រឹក្សា គណៈអភិបាលស្រុកសៀមប៉ាង ប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធ កងកម្លាំងទាំង៣ប្រភេទ ព្រមទាំងអាជ្ញាធរភូមិ ឃុំ ផងដែរ។

ផ្លូវលំក្រាលគ្រួសក្រហម ១ ខ្សែនេះ មានប្រវែង ១៤គីឡូម៉ែត្រ នឹង ២៦០ ម៉ែត្រ ទទឹង ០៦ ម៉ែត្រ ចាប់ផ្តើមពីចំណុច ភូមិសេកុង ឃុំសេកុង ស្រុកសៀមប៉ាង ដល់ភូមិចន្ទុ ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង កៀកនឹងព្រំប្រទល់ ស្រុកវើនសៃខេត្តរតនគិរី ដោយត្រូវស្ថាបនាជាពីដំណាក់កាលតាមកាលកំណត់។

ដើមឡើយភូមិសេកុង និងភូមិចន្ទុ នេះមិនមានផ្លូវសម្រាប់ តភ្ជាប់គ្នា ក្នុងការធ្វើដំណើរ នឹងដឹកជញ្ជូនកសិផលមកកាន់ទីរួមស្រុកឡើយ ដោយប្រជាពលរដ្ឋ បានធ្វើដំណើរតាម ផ្លូវ គោយន្តកន្រៃ្ត ដែលមានសភាពពិបាកខ្លាំង និង ចំណាយពេលវេលាយូរក្នុងការធ្វើដំណើរផងដែរ។ ដោយមើលឃើញដូច្នេះហើយទើបសម្ដេចតេជោ នាយករដ្ឋមន្រ្តី បានសម្រេចផ្ដល់ជាអំណោយ នូវផ្លូវលំក្រាលគ្រួសក្រហម ១ខ្សែ នេះ តាមរយៈ មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ជូនដល់រដ្ឋបាលខេត្ត ក្នុងស្ថាបនាផ្លូវនេះ ដើម្បីបង្ករភាព ងាយស្រួលជាងមុន ដល់ប្រជាពលរដ្ឋ ទាំងមូល ។

មានប្រសាសន៍នាឱកាសនេះ ឯកឧត្តម ម៉ុម សារឿន គូសបញ្ជាក់ថា÷ ក្រោមការដឹកនាំដ៏ឆ្លាតវៃប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ នាយករដ្ឋមន្រ្តី ក្នុងការរក្សាឲ្យបាននូវសន្តិភាព ក្នុងប្រទេសកម្ពុជា សម្តេចបានបន្តជំរុញការរួមចំណែកអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជាដំណាក់កាលទី៤ នីតិកាលទី៦ នៃរដ្ឋសភា នឹងបានចាត់ទុកហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពានជាសសៃឈាមក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋតាមរយៈការដឹកជញ្ជូនកសិផលផ្សេងៗ ដែលប្រមូលផលបានទៅកាន់ទីផ្សារ ក៏ដូចជាភាពងាយស្រួល ក្នុងការដឹក សម្ភារឧបភោគបរិភោគ និងសម្ភារសំណង់ ដែលផ្គត់ផ្គង់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនពីទីផ្សារ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានណែនាំដល់ក្រុមបច្ចេកទេស ត្រូវអនុវត្តន៍ទៅតាមលក្ខខណ្ឌបច្ចេកទេស ធ្វើយ៉ាងណាឲ្យដំណើរស្ថាបនាផ្លូវ១ខ្សែនេះឡើងប្រកបដោយគុណភាព នឹងដើម្បីធានាដល់ការប្រើប្រាស់របស់ប្រជាពលរដ្ឋបានយូរអង្វែងផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here