វ៉ាក់សាំងស៊ីណូវ៉ាក់ ២លានដូសបន្ថែមទៀត បានដឹកមកដល់ប្រទេសកម្ពុជាហើយ ដើម្បីចាក់ដូសជំរុញជូនប្រជាពលរដ្ឋ

0
61

(ភ្នំពេញ)៖ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ស៊ីណូវ៉ាក់ (Sinovac) ប្រមាណពីរលានដូសបន្ថែមទៀត បានដឹកមកដល់ប្រទេសកម្ពុជាហើយ នៅព្រឹកថ្ងៃអង្គារ ទី៣១ ខែសីហា ឆ្នាំ២០២១នេះ ដើម្បីបម្រើដល់ដំណើរការចាក់ដូសជំរុញជូនប្រជាពលរដ្ឋ។

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានប្រាប់ Fresh News ឱ្យដឹងថា វ៉ាក់សាំងស៊ីណូវ៉ាក់ ដែលដឹកមកដល់ប្រទេសកម្ពុជានេះ គឺជាវ៉ាក់សាំងដែលរាជរដ្ឋាភិបាលបានបញ្ជាទិញ ដើម្បីយកមកបម្រើដល់ការចាក់ដូសជំរុញជូនប្រជាពលរដ្ឋ។

វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គឺជាវីធីសាស្ត្រដ៏ចម្បងមួយ សម្រាប់រាជរដ្ឋាភិបាលកម្ពុជា បន្ទាប់ពីវិធាននានារបស់ក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំងការរាតត្បាតជំងឺកូវីដ១៩។ រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានស្វះស្វែង និងប្រឹងប្រែងជាខ្លាំងក្នុងការរកវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចាក់ជូនប្រជាពលរដ្ឋ។

មកដល់ពេលនេះកម្ពុជា មានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រមាណ ២៥លានដូសរួចហើយ។ វ៉ាក់សាំងនេះ គឺមានទាំងជំនួយពីប្រទេសជាមិត្ត និងការបញ្ជាទិញរបស់រាជរដ្ឋាភិបាលពីក្រុមហ៊ុនរបស់ចិន។

តាមរយៈវត្តមានវ៉ាក់សាំងដែលរកបាននេះ កម្ពុជាបានចាក់ជូនប្រជាពលរដ្ឋអាយុចាប់ពី ១២ឆ្នាំឡើង សរុបជាង ១០លាននាក់ហើយ។ ទន្ទឹមនឹងការចាក់វ៉ាក់សាំងជុំទី១ជូនប្រជាពលរដ្ឋប្រមាណ ១២លាននាក់ ជិតរួចរាល់ហើយនោះ កម្ពុជា ក៏កំពុងដំណើរការចាក់ដូសជំរុញជូនប្រជាពលរដ្ឋក្រុមជួរមុខ ហើយក៏ត្រៀមចាក់ដូសជំរុញនេះជូនប្រជាពលរដ្ឋទូទៅផងដែរ។

កម្ពុជា បានក្លាយទៅជាប្រទេសមួយ ក្នុងចំណោមប្រទេសតិចតួចប៉ុណ្ណោះ ដែលសម្រេចបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋបានលឿន។

មិនត្រឹមតែប្រជាពលរដ្ឋកម្ពុជាប៉ុណ្ណោះដែលបានកោតសរសើរលើចំណាត់ការរបស់រាជរដ្ឋាភិបាលលើការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នេះ អង្គារសុខភាពពិភពលោក ប្រទេសជាមិត្ត និងអង្គការដៃគូអភិវឌ្ឍន៍នានា សុទ្ធតែបានកោតសរសើរលើលទ្ធផលកម្ពុជាសម្រេចបាន។

លទ្ធផលចាក់វ៉ាក់សាំងដែលកម្ពុជាសម្រេចបាន ត្រូវបានគេមើលឃើញថា ប្រទេសចិន ជាអ្នករួមចំណែកដ៏សំខាន់ ព្រោះចិន បានធានាដល់ការផ្គត់ផ្គង់វ៉ាក់សាំង តាមតម្រូវការរបស់កម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here