ភ្នំពេញៈ នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ពិសេសអ្នកដែលកំពុងប្រើប្រាស់ កម្មវិធីបណ្តាញទំនាក់ទំនងសង្គម មេត្តាប្រុងប្រយ័ត្ន នូវល្បិចកលឆបោក ដោយប្រើប្រាស់មធ្យោបាយ មនោសញ្ចេតនា (Romantic Scam) ដោយវាបាននិងកំពុងកើតឡើង ជាច្រើនករណីហើយ។
ពាក់ព័ន្ធនឹងការអំពាវនាវ ដែលបានធ្វើឡើង នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ នេះ នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានលើកយកល្បិចឆបោកមួយចំនួន ដែលជនខិលខូច បានប្រើប្រាស់ មានដូចជាៈ
១- ជនខិលខូចធ្វើការប្រមូលព័ត៌មាន ពាក់ព័ន្ធនឹងជនរងគ្រោះគោលដៅ (Target Victims) លើបណ្តាញអ៊ីនធឺណិត ដើម្បីរៀបចំគម្រោង ឆបោករបស់ពួកគេ។
២- ជនខិលខូច ចាប់ផ្តើមធ្វើការភ្ជាប់ទំនាក់ទំនង ជាមួយជនរងគ្រោះ តាមរយៈកម្មវិធីបណ្តាញ ទំនាក់ទំនងសង្គមផ្សេងៗ តួយ៉ាងដូចជា កម្មវិធីហ្វេសប៊ុក កម្មវិធីសារអឡិចត្រូនិក (Telegram, WhatsApp, Line, Messenger) ។
៣- ជនខិលខូច ធ្វើការតាមដានរាល់ព័ត៌មាន មតិយោបល់ ឬសកម្មភាពផ្សេងៗ របស់ជនរងគ្រោះ លើបណ្តាញអ៊ីនធឺណិត ដើម្បីសន្និដ្ឋានទឹកចិត្ត និងសតិអារម្មណ៍ របស់ជនរងគ្រោះ ។
៤- ជនខិលខូច ធ្វើការជជែកលេង ជាញឹកញាប់ ជាមួយជនរងគ្រោះ ពិសេសនៅពេលដែល ពួកគេមានបញ្ហាផ្លូវចិត្ត ក្នុងជីវិតឯកជន គ្រួសារ ឬជំនួញ ។ល។
៥- នៅពេលដែលជនរងគ្រោះ ធ្លាក់ក្នុងអន្លង់មនោសញ្ចេតនា ក្លែងក្លាយ ជនខិលខូច ចាប់ផ្តើមអនុវត្តគម្រោងទុច្ចរិត តួយ៉ាងដូចជា ការឆបោកប្រាក់ ដោយហេតុផលផ្សេងៗ ការលួងលោម ថតសកម្មភាព រូបភាពអាសអភាស ឬការណាត់ជួប និងបន្ទាប់មក ប្រព្រឹត្តសកម្មភាព ល្មើសផ្សេងៗ ជាដើម។
លើសពីនេះ ក្រុមការងារ ក៏បានសង្កេតឃើញផងដែរថាៈ មានជនខិលខូចមួយចំនួន កំពុងធ្វើសកម្មភាពល្មើស ពីក្រៅប្រទេស (ជនបរទេស) និងមានជនល្មើស មួយចំនួន (ជនបរទេស ឬជនជាតិខ្មែរ) ក៏កំពុងប្រព្រឹត្តសកម្មភាពទុច្ចរិតនេះ ក្នុងទឹកដីនៃ ព្រះរាជាណាចក្រកម្ពុជាផងដែរ ។
នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានអំពាវនាវ ជាថ្មីថាៈ អាស្រ័យដូចជម្រាបជូន ខាងលើ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ពិសេសអ្នកដែលកំពុងប្រើប្រាស់ កម្មវិធីបណ្តាញ ទំនាក់ទំនងសង្គម មេត្តាប្រុងប្រយ័ត្ន នូវល្បិចកលខាងលើ និងសូមធ្វើសេចក្តីរាយការណ៍ ជូនមន្ត្រីមានសមត្ថកិច្ច នៅពេលបានដឹង ជួបប្រទះ ឬសង្ស័យថា ជាប្រភេទបទល្មើស ខាងលើនេះ៕ប្រភព: រស្មីកម្ពុជា