អន្តរជាតិ :
ក្រុមតាលីបង់បានសម្លាប់តារាចម្រៀងអាហ្វហ្គានីស្ថានម្នាក់នៅក្នុងខេត្តតំបន់ភ្នំមួយ ដែលធ្វើឱ្យមានការព្រួយបារម្ភថាក្រុមបះបោរនឹងវិលត្រឡប់មករកការគាបសង្កត់វិញ។
គ្រួសាររបស់គាត់បាននិយាយកាលពីថ្ងៃអាទិត្យទី២៩សីហាថា លោក Fawad Andarabi ត្រូវបានបាញ់សម្លាប់កាលពីថ្ងៃសុក្រនៅជ្រលងភ្នំ Andarabi ដែលជាឈ្មោះឪពុកម្តាយដាក់តាមភ្នំនេះ។
តំបន់នេះស្ថិតនៅក្នុងខេត្ត Baghlan ចម្ងាយប្រហែល ១០០ គីឡូម៉ែត្រខាងជើងទីក្រុងកាប៊ុល ដែលត្រូវបានក្រុមតាលីបង់ដណ្តើមបាននៅថ្ងៃទី ១៥ ខែសីហា។
ជ្រលងភ្នំនេះបានជួបភាពចលាចលចាប់តាំងពីពួកតាលីបង់កាន់កាប់ ដោយស្រុកខ្លះស្ថិតនៅក្រោមការគ្រប់គ្រងរបស់យុទ្ធជនជីវពលដែលប្រឆាំងនឹងការគ្រប់គ្រងរបស់តាលីបង់។
ក្រុមតាលីបង់និយាយថាចាប់តាំងពីពេលនោះមកពួកគេបានដណ្តើមយកតំបន់ទាំងនោះមកវិញបើទោះបីជាខេត្តជិតខាងតំបន់ Panjshir នៅលើភ្នំ Hindu Kush នៅតែជាខេត្តតែមួយក្នុងចំណោមខេត្តចំនួន ៣៤ របស់អាហ្វហ្គានីស្ថាន ដែលមិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួនក៏ដោយ។
កូនប្រុសរបស់លោក Andarabi ឈ្មោះ Jawad បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Associated Press ថាក្រុមតាលីបង់មុននេះបានមកដល់ផ្ទះរបស់ពុកគាត់ហើយឆែកឆេរផ្ទះ និងថែមទាំងផឹកតែជាមួយតន្ត្រីកររូបនេះទៀត។ ប៉ុន្តែអ្វីៗបានផ្លាស់ប្តូរកាលពីថ្ងៃសុក្រ។
Jawad បាននិយាយថា “គាត់គ្មានកំហុសទេ ហើយជាតារាចម្រៀងម្នាក់គ្រាន់តែកំដរអារម្មណ៍ប្រជាជន ។ ពួកគេបានបាញ់គាត់ចំក្បាលនៅចម្ការ”។
Jawad បាននិយាយថាគាត់ចង់បានយុត្តិធម៌ ហើយក្រុមប្រឹក្សាតាលីបង់ក្នុងតំបន់បានសន្យាថានឹងដាក់ទោសឃាតករសម្លាប់ឪពុកគាត់។
អ្នកនាំពាក្យតាលីបង់លោក Zabihullah Mujahid បានប្រាប់ AP ថាក្រុមបះបោរនឹងស៊ើបអង្កេតហេតុការណ៍នេះ ប៉ុន្តែបាននិយាយថាលោកមិនមានព័ត៌មានលម្អិតផ្សេងទៀតអំពីការសម្លាប់នេះទេ៕