«ទស្សនវិជ្ជា ស៊ី ជីនភីង» ត្រូវបានដាក់ចូលក្នុងកម្មវិធីសិក្សាចិន តែបង្កជាការយល់ឃើញខុសៗគ្នា

0
82

ក្រសួងអប់រំចិន កាលពីសប្ដាហ៍មុន បានចេញឯកសារណែនាំឱ្យដាក់បញ្ចូលទស្សនវិជ្ជា ស៊ី ជីនភីង ទៅលើ សង្គមនិយម និងចរិតលក្ខណៈចិនសម្រាប់ជំនាន់ថ្មី ទៅក្នុងកម្មវិធីសិក្សារបស់ចិន តាំងពីថ្នាក់បឋម រហូតដល់ថ្នាក់ឧត្ដមសិក្សា និងតាំងពីថ្នាក់អប់រំក្នុងប្រព័ន្ធ រហូតដល់វគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ ការដាក់បញ្ចូលទស្សនវិជ្ជារបស់លោក ស៊ី ទៅក្នុងកម្មវិធីសិក្សា គឺដើម្បីជួយក្មេងៗវ័យជំទង់ ក្នុងការបង្កើតជំនឿទៅលើលទ្ធិម៉ាក្សនិយម និងពង្រឹងភាពជឿជាក់ទៅលើមាគ៌ាទ្រឹស្ដីប្រព័ន្ធ និងវប្បធម៌នៃសង្គមនិយម ជាមួយនឹងចរិតលក្ខណៈចិន។ បើតាមការចុះផ្សាយរបស់សារព័ត៌មាន Global Times ទស្សនវិជ្ជារបស់លោក ស៊ី នឹងបែងចែកទៅតាមថ្នាក់សិក្សានីមួយៗ ដូចជា ថ្នាក់បឋមសិក្សា ការសិក្សានឹងផ្ដោតលើការបណ្ដុះទឹកចិត្តស្រឡាញ់ប្រទេស ស្រឡាញ់បក្សកុម្មុយនីស្តចិន និងទឹកចិត្តស្រឡាញ់ចំពោះសង្គមនិយម។ ថ្នាក់មធ្យមសិក្សា គឺការរៀនសូត្រ និងការបកស្រាយអំពីបទពិសោធ និងចំណេះដឹង ដើម្បីជួយកូនសិស្សឱ្យបង្កើតការវិនិច្ឆ័យនយោបាយថ្នាក់មូលដ្ឋាន និងបណ្ដុះការគិតផ្សេងៗ។ ចំណែកថ្នាក់សាកលវិទ្យាល័យវិញ ការសិក្សានឹងផ្ដោតខ្លាំង លើការបង្កើតការគិតបែបទ្រឹស្ដី។ កម្មវិធីសិក្សាអំពីទស្សនវិជ្ជារបស់លោក ស៊ី ចាប់ផ្ដើមបង្រៀនពីថ្នាក់ទី៣ រហូតដល់ថ្នាក់ឧត្ដមសិក្សា មានរយៈពេល ១ឆមាស ក្នុង ១ឆ្នាំ ដោយ ១ សប្ដាហ៍ ត្រូវរៀនម្ដង។ ប្រវត្តិវិទូបារាំងលោក Francois Godement បានប្រាប់វិទ្យុ The World ថា លោកមិនមានភាពភ្ញាក់ផ្អើលទេ ដែលចិនដាក់ទស្សនវិជ្ជាលោក ស៊ី ទៅក្នុងកម្មវិធីសិក្សារបស់ក្មេងៗជំនាន់ក្រោយ ដោយគ្រាន់តែជារឿងមួយ ក្នុងការបង្កើនការឃោសនា អំពីប្រវត្តិសាស្ត្រ និងមនោគមន៍វិជ្ជាប៉ុណ្ណោះ។ អ្នកនិពន្ធសៀវភៅ «ពាក្យពេចន៍របស់ ស៊ី ជីន ភីង» បានលើកឡើងថា៖«ទស្សនវិជ្ជារបស់លោកស៊ី បានសាយភាយទៅក្នុងសង្គមចិនអស់ទៅហើយ មានកម្មវិធីទូរស័ព្ទជាច្រើន ត្រូវបានទាញយកជាច្រើនរយលានដង ដែលផ្សព្វផ្សាយគំនិតរបស់លោក ហើយអាចឱ្យមនុស្សហ្វឹកហាត់ក្នុងការទន្ទេញរត់មាត់»។ លោក Godement បានបន្តថា នៅក្នុងស្រុកចិន មានទាំងមជ្ឈមណ្ឌលទស្សនវិជ្ជា ស៊ី ជីនភីង ទៀតផង។ សារព័ត៌មាន Financial Times បានសម្ភាសមាតាបិតាសិស្សមួយចំនួន នៅក្នុងប្រទេសចិន ដោយក្នុងនោះក៏មានមតិមិនសូវជាយល់ស្របនឹងការដាក់បញ្ចូលទស្សនៈប្រធានាធិបតីចិន ទៅក្នុងកម្មវិធីសិក្សាប៉ុន្មាននោះទេ។ មេដឹកនាំចិននីមួយៗ តែងតែបង្ហាញពីចក្ខុវិស័យ គោលនយោបាយ និងមនោគមន៍វិជ្ជារបស់ខ្លួន ក្នុងការដឹកនាំប្រទេសដោយផ្អែកលើសង្គមនិយម និងចរិតលក្ខណៈរបស់ចិន។ សម្រាប់លោក ស៊ី ជីនភីង វិញ ការដាក់ចេញឱ្យអនុវត្តនូវទស្សនវិជ្ជារបស់ខ្លួន ធ្វើឡើងនៅឆ្នាំ២០១៧។ ទស្សនវិជ្ជានេះ មានគោលការណ៍មូលដ្ឋាន ចំនួន ១៤ ចំណុច ដោយក្នុងនោះសង្កត់ធ្ងន់ថា បក្សកុម្មុយនីស្តចិន ជាអ្នកដឹកនាំគ្រប់ជាន់ថ្នាក់នៅក្នុងប្រទេសចិន ក៏ដូចជា ការគាំទ្រក្នុងកំណែទម្រង់ស៊ីជម្រៅ និងការដឹកនាំប្រទេសចិន ប្រកបដោយនីតិរដ្ឋ ព្រមទាំងដាក់គោលដៅក្នុងការបង្រួបបង្រួមជាតិ ដោយពេញលេញ និងលើកកម្ពស់ប្រព័ន្ធដឹកនាំរដ្ឋបែប «ប្រទេស១ ប្រព័ន្ធ ២»៕ AFP

LEAVE A REPLY

Please enter your comment!
Please enter your name here