ក្រុមតាលីបង់បានធានាអះអាងថា ពលរដ្ឋអាហ្វហ្កានីស្ថានអាចចាកចេញពីប្រទេសនៅក្រោយថ្ងៃទី៣១ ខែសីហា

0
231

យោងតាមលិខិតប្រកាសមួយរបស់តំណាងរដ្ឋភិបាលអាមេរិក ព្រមទាំងប្រទេសសម្ព័ន្ធមិត្ត បានបញ្ជាក់ថា គេបានទទួលការធានាអះអាងយ៉ាងច្បាស់ពីក្រុមតាលីបង់ថា គេនឹងអនុញ្ញាតឲ្យជនបរទេស ក៏ដូចជាប្រជាជនអាហ្វហ្កានីស្ថានអាចធ្វើដំណើរចាកចេញពីអាហ្វហ្កានីស្ថានដោយសុវត្ថិភាព បើអ្នកនោះមានលិខិតស្នាមធ្វើដំណើរត្រឹមត្រូវ បន្ទាប់ពីថ្ងៃទី៣១ ខែសីហា។ លិខិតនោះបន្ថែមថា ប្រទេសហត្ថលេខី មាន បារាំង អង់គ្លេស អេស្ប៉ាញ អូស្ត្រាលី និងជប៉ុន នឹងបន្តចេញទិដ្ឋាការ និងឯកសារចាំបាច់នានា ជូនដល់ប្រជាជនអាហ្វហ្កានីស្ថានណាដែលចង់ធ្វើដំណើរចាកចេញពីប្រទេសនេះ។ ថ្លែងក្នុងបទសម្ភាសន៍មួយ ផ្តល់ឲ្យដល់ទូរទស្សន៍បារាំង TF1 កាលពីល្ងាចថ្ងៃអាទិត្យ ទី២៩ ខែសីហា លោក ម៉ាក្រុង ដែលកំពុងស្ថិតនៅប្រទេសអ៊ីរ៉ាក់ បានលើក ឡើងថា បារាំងរួមជាមួយសម្ព័ន្ធមិត្តកំពុងតែចរចាជាមួយក្រុមតាលីបង់ ដើម្បីធ្វើយ៉ាងណាឲ្យប្រជាជនអាហ្វហ្កានីស្ថានអាចចាកចេញពីប្រទេសដោយសុវត្ថិភាព នៅក្រោយថ្ងៃទី៣១ ខែសីហា។ លោក ម៉ាក្រុង បន្ថែមថា នៅមានប្រជាជនអាហ្វហ្កានីស្ថានជាច្រើនពាន់នាក់ទៀត ដែលត្រូវការការការពារ។ ប្រតិបត្តិការជម្លៀសមនុស្សតាមយន្តហោះរបស់ប្រទេសធំៗ ដូចជា បារាំង អង់គ្លេស អាល្លឺម៉ង់ ជាដើម ត្រូវបានបិទបញ្ចប់ហើយ គឺនៅសល់តែកងទ័ពអាមេរិកតែប៉ុណ្ណោះ ដែលនៅបង្ហើយកិច្ចការនៅទីក្រុងកាប៊ុល មុននឹងចាកចេញទាំងស្រុង នៅថ្ងៃទី៣១ ខែសីហា។ ទោះយ៉ាងនេះក្តី ប្រជាជនអាហ្វហ្កានីស្ថានរាប់ពាន់នាក់ នៅតែពពាក់ពពូនស្វែងរកវិធី ដើម្បីអាចធ្វើដំណើរចាកចេញពីប្រទេស ដោយម្នាក់ខ្លាចក្រែងរបបផ្តាច់ការរបស់ក្រុមតាលីបង់។ ទន្ទឹមគ្នានេះ បញ្ហាសន្តិសុខកំពុងចោទឡើងជាខ្លាំង ដោយគេភ័យបារម្ភពីការវាយប្រហារភេរវកម្មនៅតំបន់ក្បែរព្រលានយន្តហោះ។ កាលពីរសៀសថ្ងៃអាទិត្យ ទី២៩ ខែសីហា កងទ័ពអាមេរិកបានបញ្ជាយានដ្រូនកម្ទេចរថយន្តមួយគ្រឿង ដែលផ្ទុកទៅដោយគ្រាប់ផ្ទុះ ខណៈរថយន្តនោះកំពុងតែបើកសំដៅទៅកាន់ព្រលានយន្តហោះ ក្រុងកាប៊ុល។ ប្រតិបត្តិការនៅនាទីចុងក្រោយរបស់កងទ័ពអាមេរិកនេះ បានបញ្ចៀសអំពើភេរវកម្ម ដែលតាមការសង្ស័យ គឺជាគម្រោងរបស់ក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម៕ AP

LEAVE A REPLY

Please enter your comment!
Please enter your name here