តារាសម្តែងទូរទស្សន៍ចិនលំដាប់កំពូលម្នាក់ត្រូវបានអាជ្ញាធរទីក្រុងប៉េកាំងពិន័យប្រាក់ពន្ធ ៤៦លានដុល្លារហើយបញ្ជាឱ្យផលិតករទាំងអស់កុំជួលនាងថតកុនទៀត។
រដ្ឋាភិបាលក្រុងប៉េកាំងកំពុងបំពេញបេសកកម្មដើម្បីទប់ទល់នឹងអ្វីដែលខ្លួនហៅថា “វប្បធម៌អ្នកគាំទ្រដ៏វឹកវរ” និងភាពហួសហេតុរបស់តារាល្បីៗបន្ទាប់ពីមានរឿងអាស្រូវជាច្រើននៅប៉ុន្មានខែចុងក្រោយនេះដែលបានបំផ្លាញតារាសម្តែងល្បីបំផុតរបស់ចិនរួមទាំងតារាចម្រៀង គ្រីស វូ ដែលត្រូវបានចាប់ខ្លួនពីបទសង្ស័យរំលោភសេពសន្ថវៈកាលពីដើមខែនេះ។
អាជ្ញាធរពន្ធសៀងហៃកាលពីថ្ងៃសុក្រទី២៧សីហាបានពិន័យនាង ចេង សួង ចំនួន ២៩៩ លានយ័ន (៤៦ លានដុល្លារអាម៉េរិក) ពីបទគេចពន្ធនិងប្រកាសប្រាក់ចំណូលមិនពិតនៅចន្លោះឆ្នាំ ២០១៩ និង ២០២០ ខណៈកំពុងថតរឿងភាគទូរទស្សន៍។
នាងចេងអាយុ ៣០ ឆ្នាំបានក្លាយជាឈ្មោះល្បីល្បាញនៅក្នុងប្រទេសចិនបន្ទាប់ពីបានសម្តែងក្នុងរឿងភាគតៃវ៉ាន់ថតឡើងវិញ Meteor Shower កាលពីឆ្នាំ ២០០៩ព្រមទាំងរឿងភាគនិងខ្សែភាពយន្តជោគជ័យជាច្រើនទៀត។
និយតករការផ្សាយរបស់រដ្ឋចិនក៏បានដករឿងភាគរបស់នាងចេងចេញពីទូរទស្សន៍ផងដែរ និងបញ្ជាឱ្យផលិតករកុំជួលនាងថតរឿងនាពេលអនាគត។
រដ្ឋបាលវិទ្យុភាពយន្តនិងទូរទស្សន៍បានបន្ថែមថា ខ្លួនមិនអត់ឱនចំពោះការគេចពន្ធ ការបង់ប្រាក់ឈ្នួលថតខ្ពស់កប់ពពក និង”កិច្ចសន្យាយិនយ៉ាង”ដែលសំដៅលើកិច្ចសន្យាពីរផ្សេងគ្នាមួយចុះតំលៃខ្លួនពិត មួយទៀតក្លែងក្លាយដើម្បីបង់ពន្ធទាប។
ទន្ទឹមនឹងនេះ ពាក្យយោងណាមួយរបស់តារាភាពយន្ត ចាវ វៃ (ត្រចៀកាំ) ត្រូវបានលុបចេញពីវេបសាយវីដេអូទាំងអស់ ខណៈទីក្រុងប៉េកាំងបង្កើនយុទ្ធនាការប្រឆាំងវប្បធម៌ប្រជាប្រិយ។
ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋកំពុងបង្កើនការជម្រុញយ៉ាងខ្លាំងក្លាឱ្យមានការផ្លាស់ប្តូរវប្បធម៌កម្សាន្តរបស់ចិន។
ទូរទស្សន៍ CCTVបាននិយាយកាលពីថ្ងៃអង្គារសប្តាហ៍មុនថា “សម្រាប់បច្ចុប្បន្ន ការបរាជ័យខាងក្រមសីលធម៌របស់តារាសិល្បៈនិងការរំលោភច្បាប់ ការបណ្តុះឱ្យមានតារានិមិត្តរូបក្មេងៗ និង ក្រុមអ្នកគាំទ្រដ៏វឹកវរ បានទាក់ទាញការចាប់អារម្មណ៍យ៉ាងទូលំទូលាយនៅក្នុងសង្គម។ យើងត្រូវតែស្តារឡើងវិញជាដាច់ខាតនូវអក្សរសិល្ប៍ដ៏ស្អាតស្អំនិងខ្ពង់ខ្ពស់ឡើងវិញព្រមទាំងបរិយាកាសសិល្បៈដល់សាធារណជន”។
កាលពីថ្ងៃព្រហស្បតិ៍ ការស្វែងរកពាក្យ ចាវ វៃ ដែលគេស្គាល់ជាទូទៅថា វីកគី ចូវ (ត្រចៀកាំ) ត្រូវបានហាមឃាត់ពីវេបសាយវីដេអូធំៗរបស់ចិន៕