លោក មុត ចន្ថា ៖ ១០ចំណុចដែល សម រង្ស៊ី រំលោភ​លក្ខន្តិកៈ និង បទបញ្ជាផ្ទៃក្នុង​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​

0
51

ភ្នំពេញៈ​លោក មុត ចន្ថា បាន​សរសេរ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ករ​បស់លោក​ដោយបង្ហាញ​ពី​ទង្វើ​រំលោភ​លក្ខន្តិកៈ​និង​បទបញ្ជាផ្ទៃក្នុង​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដោយ សម រង្ស៊ី ដែលមាន​ជា​បន្តបន្ទាប់​រហូតមក​។​

លោក​​ មុត ចន្ថា (រូបឯកសារ)

​លោក​បានសរសេរនៅព្រឹកថ្ងៃទី៣០ខែសីហាឆ្នាំ២០២១នេះថា ខ្ញុំ​បានកត់សម្គាល់​នូវ​អំពើ​រំលោភបំពាន​លក្ខន្តិកៈ និង​បទបញ្ជាផ្ទៃក្នុង របស់លោក សម រ​ង្ស៉ី ជាក់លាក់​មួយចំនួន នៅក្រោយ​ខែកញ្ញា ឆ្នាំ​២០១៧ ៖
១. លោក សម រ​ង្ស៉ី បាន​លាលែង​ពី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​សមាជិកភាព​ទាំងអស់​នៅក្នុង​គណបក្ស នៅ​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៧​។ គណៈ​ក​ម្មា​ធិ​នាយក​គណបក្ស​បានអនុម័ត​ទទួលយក​លិខិត​លាលែង​របស់លោក សម រ​ង្ស៉ី ជា​ផ្លូវការ ហើយ​ក្រោយមក​សមាជ​វិសាមញ្ញ​គណបក្ស​បាន​បោះឆ្នោត​ជ្រើសតាំង​លោក កឹម សុខា ជា​ប្រធាន​គណបក្ស នៅ​ខែមីនា ឆ្នាំ​២០១៧ និង​ត្រូវបាន​ទទួលស្គាល់​ជា​ផ្លូវការ​ដោយ​ក្រសួងមហាផ្ទៃ​។ ចំណុច​ទី​១​នេះ បញ្ជាក់ថា លោក សម រ​ង្ស៉ី ពុំមាន​តួនាទី ពុំមាន​សមាជិកភាព និង​ពុំមាន​សិទ្ធិ​និង​អំណាច​អ្វី​នៅក្នុង​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ឡើយ ។​

២.​លោក សម រ​ង្ស៉ី រំលោភ​លើ​សេចក្តីសម្រេច​របស់​គណៈ​ក​ម្មា​ធិ​ការ​អចិន្ត្រៃយ៍ ដែល​បាន​បង្កើត «​គណៈកម្មការ​ចំពោះ​កិច្ច​» ដែលមាន​សមាជិក ០៥​រូប (​កូតា​សមរ​ង្ស៉ី​+​សិទ្ធិមនុស្ស​) ដើម្បី​បន្ត​អនុវត្ត​កិច្ចការ​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​គាត់​មិន​ទទួលស្គាល់​គណៈកម្មការ​ចំពោះ​កិច្ច​ដែល​បណ្តាលឱ្យ​ដំណើរការ​និង​កិច្ចការ​យុទ្ធសាស្ត្រ​មួយចំនួន​ត្រូវបាន​លុបចោល​។ សមាសភាព​កូតា​សិទ្ធិមនុស្ស​មិន​ចូលរួម​ជាមួយ​លោក សម រ​ង្ស៉ី ដោយសារ​អំពើ​បំពាន​ច្បាប់​ផ្ទៃក្នុង​របស់គាត់ និង​ក្នុងនាម​គាត់​ជា​មេ​ចលនា​ខុសច្បាប់​។ ហេតុនេះ​បានធ្វើឱ្យ​បែកបាក់​ក្នុង​ក្របខ័ណ្ឌ​ថ្នាក់ដឹកនាំ​នៃ​ប៉ូល​នយោបាយ​ទាំងពីរ គឺ​គណបក្ស​សិទ្ធិមនុស្ស និង​គណបក្ស​សមរ​ង្ស៉ី ។​

៣. បន្ទាប់មកទៀត លោក សម រ​ង្ស៉ី បាន​បំបែក​សាខា​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​សហរដ្ឋអាមេរិក ឬ CNRP-USA ជា​ពីរ​ចម្រៀក​ដោយ​បង្កើតឱ្យមាន​«​គណបក្ស​សង្គ្រោះ​ជាតិ​ក្រៅប្រទេស​» ឬ CNRP OVERSEA (CNRP-O) ដើម្បី​ដឹកនាំ ដោយ​បោះបង់ចោល​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​សហរដ្ឋអាមេរិក​ដែល​គាត់​យល់ថា​ក្បាលម៉ាស៊ីន​និង​មនុស្ស​ភាគច្រើន មកពី​ក្រុមគាំទ្រ​គណបក្ស​សិទ្ធិមនុស្ស​នៅ​សហរដ្ឋអាមេរិក ។ ជា​លទ្ធផល​នៃ​អំពើ​បំពាន​ច្បាប់​ផ្ទៃ​ក្នុងនេះ​បាន​បណ្តាលឱ្យមាន​ភាព​អានាធិបតេយ្យ និង​ការបែកបាក់​យ៉ាងធ្ងន់ធ្ងរ នៅ​សហរដ្ឋអាមេរិក ។

៤. លោក សម រ​ង្ស៉ី បាន​បង្កើត​ចលនា​ស្ត្រី​ថ្មី ប្រចាំ​សហរដ្ឋអាមេរិក និង​បានតែងតាំង​សមាសភាព​ដឹកនាំ​ថ្មី​ជំនួស​វិញ​។ ភរិយា​របស់លោក សម រ​ង្ស៉ី គឺ​លោកស្រី ជូ​ឡុង សូ​ម៉ា​រ៉ា បាន​ចុះហត្ថលេខា​លើ​លិខិត​មួយ​បញ្ចប់​តំណែង​លោកស្រី ចេ​និ​ត សេង (Janet Seng) ពី​ប្រធាន​ចលនា​ស្ត្រី​ចាស់ ខណៈដែល​គាត់​គ្មាន​សិទ្ធិ​និង​អំណាច​តែងតាំង​ឬ​ដោះដូរ​សមាសភាព ដឹកនាំ​អ្វី​ទាំងអស់​ក្នុង​គណបក្ស ។ នៅ​សហរដ្ឋអាមេរិក​មាន​ចលនា​ស្ត្រី​ដល់​ទៅ​ពីរ ប៉ុន្តែ​ចលនា​ស្ត្រី​ថ្មី​ដែលមាន​លោកស្រី ជូ​ឡុង សូ​ម៉ា​រ៉ា ជា​ខ្នងបង្អែក​បានក្លាយ​ជា​ក្រុម​ឆ្កែ​កាច​បាន​វាយប្រហារ​មករ​លើ​លោកស្រី ចេ​និ​ត សេង និង​លោក កឹម សុខា ព្រមទាំង​មនុស្ស​ជិតស្និទ្ធ​របស់លោក កឹម សុខា ។​

៥. លោក សម រ​ង្ស៉ី បាន​ប្រើប្រាស់​រចនាសម្ព័ន្ធ​ថ្មីៈ «​គណបក្ស​សង្គ្រោះ​ជាតិ​ក្រៅប្រទេស​» ដើម្បី​រៀបចំ​សន្និសីទ​ពិភពលោក នៅ​ទីក្រុង​អា​តល្លង់​តា (Atlanta) សហរដ្ឋអាមេរិក នៅ​ថ្ងៃទី​១-២ ខែធ្នូ ឆ្នាំ​២០១៨ ដើម្បី​ជ្រើស​តាំងខ្លួន​គាត់​ជា «​ប្រធានស្តីទី​» នៃ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ផ្ទុយ​ពី​លក្ខន្តិកៈ​បក្ស​។ ផ្អែក​តាម​លក្ខន្តិកៈ​បក្ស មានតែ​អង្គសមាជ ឬ​សមាជ​វិសាមញ្ញ​គណបក្ស ប៉ុណ្ណោះ ដែលមាន​អំណាច​បោះឆ្នោត​អនុម័ត​លើ​គោលនយោបាយ កម្មវិធី​នយោបាយ និង​សមាសភាព​ដឹកនាំ​គណបក្ស ដូច្នេះ​អ្វីដែល​ហៅថា​សន្និសីទ​ពិភពលោក​នេះ គឺ​មិនមែនជា​សមាជ ឬ​សមាជ​វិសាមញ្ញ​គណបក្ស​ឡើយ ប៉ុន្តែ​វា​ជា​អំពើ​បក្ស​ប្រហារ​។ ការបែកបាក់​ផ្ទៃក្នុង​កាន់តែខ្លាំង​ឡើងៗ​។​

៦. បន្ទាប់ពី​បាន​ឡើង​ធ្វើជា​ប្រធានស្តីទី​គណបក្ស​ដោយ​រំលោភបំពាន​លក្ខ​ន្តិ​កៈរួ​ចមក លោក សម រ​ង្ស៉ី​បាន​រុះរើ​រចនាសម្ព័ន្ធ និង​សមាស​ដឹកនាំ​ចាស់​រួច​រៀបចំ​រចនាសម្ព័ន្ធ​ថ្មី និង​តែងតាំង​សមាសភាព​ដឹកនាំ​ថ្មី​ជំនួស​នៅ​អាមេរិក អាមេរិក​ខាងជើង (​កាណ​សដា​) អូស្ត្រាលី ជប៉ុន កូរ៉េខាងត្បូង ។​ល​។ ដែល​បាន​បណ្តាលឱ្យមាន​ការបែកបាក់​ធ្ងន់ធ្ងរ ។​

៧. លោក សម រ​ង្ស៉ី បាន​ផាត់​សមាសភាព​ដឹកនាំ​នៃ​កូតា​សិទ្ធិមនុស្ស​ចេញពី​ការធ្វើ​សេចក្តីសម្រេចចិត្ត​និង​កិច្ចប្រតិបត្តិការ របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងអស់ ដែល​បាន​បណ្តាលឱ្យមាន​ការបែកបាក់​កាន់តែ​ធ្ងន់ធ្ងរ​និង​បានធ្វើឱ្យ​កិច្ចខិតខំ ប្រឹងប្រែង​រួម​ត្រូវបាន​បញ្ចប់​។ គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវបាន​ចែកចេញជា​ពីរ គឺ​មួយ​ដឹកនាំ​ដោយ​ប្រធានស្តីទី​ខុសច្បាប់ និង​មួយទៀត​ដឹកនាំ​ដោយ​សមាសភាព​ដឹកនាំ​មកពី​កូតា​សិទ្ធិមនុស្ស​ដែល​បាន​បង្កើតឱ្យមាន​ភាពច្របូកច្របល់​ក្នុងចំណោម​សមាជិក​សហគមន៍​អន្តរជាតិ ដោយ​មិន​ច្បាស់​ថា​មួយណា​តំណាងឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ពិតប្រាកដ​និ​ហ​ផ្លូវការ ដែល​ធ្វើឱ្យ​ពួកគេ​ពិបាក​សហការ​ផ្នែក​ការទូត​ផ្សេងៗ ខណៈដែល​ពួកគេ​ដកខ្លួន​ឆ្ងាយ​ពី​លោក​សម រ​ង្ស៉ី​ដោយសារ​គាត់​ជា មេដឹកនាំ​ចលនានយោបាយ​ខុសច្បាប់​ដែល​បានប្រកាស​ប្រើប្រាស់​ហិង្សា​ដើម្បី​ចាប់ខ្លួន​មេដឹកនាំ​ប្រទេស​និង​ផ្តួលរំលំ​រាជ​រដ្ឋា​បាល ។​
៨.​លោក​សម​ ​រ​ង្ស៉ី បាន​ចូល​រូ​ម​បំបែក​ចលនា​យុវជន​នៅ​ប្រទេស​កូរ៉េខាងត្បូង​ជា​ពីរ​ចម្រៀក​ដោយ​គាត់​បានទទួល​ស្គាល់ និង​តែងតាំង សមាសភាព​ដឹកនាំ​ចលនា​យុវជន​ថ្មី ដែល​ដឹកនាំ​ដោយ​«​អាស​ង្ហា​»​និង​ចលនា​យុវជន​ចាស់​បន្ត​ដឹកនាំ​ដោយ ស្ថាបនិក លោក យឹម ស៊ី​ណន ដដែល រហូតដល់​លោក​បាន​លាឈប់​។ ចលនា​យុវជន​ដែល​រឹងមាំ​នៅ​កូរ៉េខាងត្បូង​ត្រូវបាន បែកបាក់​ខ្ទេចខ្ទាំ​និង​ចុះខ្សោយ​ដោយសារ​ស្នាដៃ​បំបែកបំបាក់​របស់លោក សម រ​ង្ស៉ី ដោយផ្ទាល់ ។ លោក សម រ​ង្ស៉ី បាន​សងគុណ​លោក​យឹម​ស៊ី​ណន​ដែល​បានរៀបចំ​សមាជ​អ្នកប្រជាធិបតេយ្យ​នៅ​កូរ៉េខាងត្បូង​និង​បាន​តស៊ូ​មតិ​និង​ឧទ្ទិស​នាម​ឱ្យ​គាត់​ទទួលបាន​នូវ​ពានរង្វាន់​ជើងឯក​ប្រជាធិបតេយ្យ ពី​អង្គការក្រៅរដ្ឋាភិបាល​កូរ៉េ​មួយ​តាមរយៈ​ការ​បំបែក​ចលនា​យុវជន ដឹកនាំ​ដោយ​លោក យឹម ស៊ី​ណន ។

៩. ដោយសារ​លោក សម រ​ង្ស៉ី ជា​មេ​ចលនា​សង្គ្រោះ​ជាតិ​ដែល​ត្រូវបាន​រាជរដ្ឋាភិបាល​ចាត់ទុក​ក្រុម​ឧទ្ទាម​ក្រៅច្បាប់ និង​ដោយសារ​គាត់​ត្រូវបាន​កាត់ទោស​ជាច្រើន​បទល្មើស បាន​បង្ខំ​ឱ្យ​សហគមន៍​អន្តរជាតិ​ដកខ្លួន​ឆ្ងាយ​។​តំណាង រដ្ឋាភិបាល​បរទេស​មិន​អាចមាន​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​លោក សមរ​ង្ស៉ី​ដោយសារ​ឋានៈ​ច្បាប់​របស់គាត់ ជា​ជន​មាន​ពិរុទ្ធ ឬ​ជា​ទណ្ឌិត​តាម​អំណាច​សាលក្រម​និង​សាលដីកា​ចុងក្រោយ​។ គាត់​អាច​ជួប​បានត្រឹមតែ​សមាជិកសភា ឬ​ព្រឹទ្ធសភា​បរទេស​ខ្លះ​ដែល​មិន​តំណាងឱ្យ​រដ្ឋ​អធិបតេយ្យ​ប៉ុណ្ណោះ​។​ដោយសារ​មូលហេតុ​ទាំងនេះ​បានធ្វើឱ្យ​កិច្ចខិតខំ​ប្រឹងប្រែង​ផ្សេងៗ​ជួប​ផល​លំបាក និង​មិន​ដំណើរការ​ទៅមុខ ។​

១០. ក្រុមមនុស្ស​ជេរប្រមាថ​ដោយ​ភាសា​អសុរោះ​និង​អសីលធម៌​មកលើ​លោក កឹម សុខា និង​មនុស្ស​ជិត​ស្និ​ទ្ធិ​របស់គាត់ នៅ​អាមេរិក កាណាដា ជប៉ុន នៅតែ​បន្ត​ស្ថិតក្នុង​ស្លា​កលោក សម រ​ង្ស៉ី ដែលជា​ក្រុមមនុស្ស​ត្រូវបាន​បណ្តុះ​ចិញ្ចឹម និង​ការពារ​ឱ្យ​បន្ត​យុទ្ធនាការ​ជេរប្រមាថ​និង​បង្ខូច​កេរ្តិ៍ឈ្មោះ ដើម្បី​បំបែកបំបាក់ ។

​លោក មុត ចន្ថា បន្តថា ខ្ញុំ​យល់ថា លោក សម រ​ង្ស៉ី គួរតែ​មើលឃើញ​កំហុស​ដឹកនាំ​របស់គាត់​ច្បាស់​ហើយ​គាត់​មិនគួរ​បង្វែ និង​ទម្លាក់កំហុស​ឱ្យ​អ្នកគាំទ្រ​ទទួលខុសត្រូវ​ចំពោះ​ការបែកបាក់​ផ្ទៃក្នុង​ធ្ងន់ធ្ងរ​ដែល​ទំនង​មិនអាច​មាន​អ្វី​មក​បិទ​ភ្ជិត​បានឡើយ​។ តាម​អង្គហេតុ​ពិត​ខាងលើ​ទាំងនេះ គឺ​លោក សម រ​ង្ស៉ី ត្រូវ​ទទួលខុសត្រូវ​ទាំងស្រុង​លើ​ការបែកបាក់​នេះ​។​

​ទោះបី​កំហុស​ដឹកនាំ​ផ្ទៃក្នុង​របស់គាត់​មិន​ត្រូវបាន​កាត់ទោស ដូចនឹង​បទល្មើស​ប្រឆាំងនឹង​ច្បាប់​រដ្ឋ ក៏ដោយ ប៉ុន្តែ​លោក សម រ​ង្ស៉ី គួរ​មាន​ភាពក្លាហាន​សារភាព ឬ​ទទួលស្គាល់​ពី​កំហុស​ដឹកនាំ​របស់គាត់ ដើម្បី​ជា​គំរូ​ដល់​អ្នកដឹកនាំ​ជំនាន់​ក្រោយ ។ លោក សម រ​ង្ស៉ី មិនគួរ​ចាត់ទុក​ខ្លួន​គាត់​នៅ​ពីលើ​ច្បាប់​ឡើយ ហើយ​អ្វីៗ​ដែល​គាត់​បានធ្វើ​សុទ្ធតែ​ត្រឹមត្រូវ​ឡើយ​។ អស់​រយៈពេល ២៨​ឆ្នាំ​មកនេះ អ្នកគាំទ្រ​របស់គាត់​ចាត់ទុក​គាត់​ជា​មនុស្ស​ម្នាក់​ធ្វើ​អ្វី​មិនចេះ​ខុស ហើយ​បើ​មានការ​រិះគន់​គាត់​ពី​កំហុស​ផ្សេងៗ ពួកគេ​បាន​វាយ​តបត​ការពារ​គាត់​ដោយ​ចង្អុល​ម្រាមដៃ​ដាក់​អ្នក​ដឹក​ជាតិ​បច្ចុប្បន្ន​៕សរន

LEAVE A REPLY

Please enter your comment!
Please enter your name here