អេមីរ៉ាត អារ៉ាប់រួម បើកទទួលទេសចរពិភពលោក អឺរ៉ុបបង្រួមច្រកកាន់តែតូច

0
26

នៅមួយខែគត់មុនការបើកពិព័រណ៍សកលឆ្នាំ២០២០ និងដើម្បីលើកស្ទួយសេដ្ឋកិច្ចឱ្យមានកំណើនជានិរន្តរ៍ អេមីរ៉ាត អារ៉ាប់រួម បានសម្រេចបើកសេវាផ្តល់ទិដ្ឋាការទេសចរណ៍ ដល់គ្រប់បណ្តាជនទូទៅលើពិភពលោកឡើងវិញ ចាប់ពីថ្ងៃចន្ទ ទី៣០ ខែសីហាតទៅ។ ដើម្បីអាចធ្វើដំណើរមកកំសាន្តនៅអេមីរ៉ាត អ្នកដំណើរ ឬ ទេសចរត្រូវបំពេញលក្ខខណ្ឌចាំបាច់មួយ គឺចាក់ថ្នាំបង្ការប្រឆាំងកូវីដ១៩ បានពេញលេញ (គ្រប់ ពីរដូស) ដែលជាថ្នាំបង្ការទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក គឺ AstraZeneca Pfizer Moderna Johnson &Johnson Sinopharm និង Sinovac ហើយអ្នកកាន់វីសាទេសចរណ៍ទាំងអស់ត្រូវធ្វើតេស្តកូវីដ១៩ មុនឡើងយន្តហោះនៅអាកាសយានដ្ឋាន។ ជាមួយនឹងសេចក្តីសម្រេចនេះ ឌូបៃសង្ឃឹមថា នឹងអាចទាក់ទាញទេសចរច្រើនមកចូលរួមពិធីតាំងពិព័រណ៍សកលឆ្នាំ២០២០ ដែលលើកពេលអស់មួយឆ្នាំ មកធ្វើនៅខែតុលា ឆ្នាំ២០២១ វិញ ដោយហេតុកូវីដ១៩។ មានអ្នកឆ្លងកូវីដ១៩ សរុបជាង ៧១ម៉ឺនករណី និងស្លាប់ជាង ២ពាន់នាក់ អេមីរ៉ាត អារ៉ាប់រួម ចាប់មានជីវិតរស់នៅស្ទើរតែជាធម្មតាឡើងវិញ ដោយគ្រាន់តែនៅប្រកាន់ខ្ជាប់ការរក្សាគម្លាត និងបន្តពាក់ម៉ាសនៅតាមគ្រប់ទីកន្លែងសាធារណៈបិទជិត ឬ ទីវាល។ ឯនៅសហភាពអឺរ៉ុបវិញ ច្រកព្រំដែនរួមកាន់តែតូច ដោយបានសើរើបញ្ជីសម្រេចដកប្រទេសចំនួន ៦បន្ថែមទៀត រាប់ទាំងសហរដ្ឋអាមេរិកផង ចេញពីបញ្ជីបៃតងប្រទេសមានសុវត្ថិភាពកូវីដ១៩ អាចធ្វើដំណើរចូលអឺរ៉ុបបាន។ ចាប់ពីថ្ងៃទី៣០ ខែសីហាទៅ ក្រុមប្រទេសដែលដកចេញពីបញ្ជីបៃតងអាចធ្វើដំណើរចូលសហភាពអឺរ៉ុប តែក្នុងករណីចាំបាច់តែប៉ុណ្ណោះ។ តាំងពីខែមិថុនា ឆ្នាំ២០២០ មក អឺរ៉ុបបានធ្វើបញ្ជីដាក់ពណ៌ប្រទេសទៅតាមកំរិតសុវត្ថិភាពកូវីដ១៩ ៖ ក្រហមមិនឱ្យចូល លឿងទុំត្រូវជាប់លក្ខខណ្ឌខ្លះ និងបៃតងអាចចូលបានដោយសេរី។ គិតមកទល់នឹងពាក់កណ្តាខែកក្កដា ឆ្នាំ២០២១ ក្រុមបៃតង មានយ៉ាងច្រើនតែ ២៤ ប្រទេសប៉ុណ្ណោះក្នុងបញ្ជីអឺរ៉ុប។ ប្រទេសទាំងនោះភាគច្រើនជាបណ្តាប្រទេសនៅអឺរ៉ុបខាងកើត តំបន់បាល់កង់ ដើមបូព៌ា និងមជ្ឈិមបូព៌ា ហើយគ្មានមួយសោះនៅទ្វីបអាហ្វ្រិក។ សហភាពអឺរ៉ុបបើកចំហព្រំដែនតែក្នុងរង្វង់ប្រទេស ជាសមាជិកសហភាពអឺរ៉ុបទាំង២៧ ព្រមទាំងស្វីស ន័រវែស និងអ៊ីស្លង់ ព្រមទាំងកូនប្រទេសតូចៗក្នុងអឺរ៉ុបតែប៉ុណ្ណោះ៕ AP

LEAVE A REPLY

Please enter your comment!
Please enter your name here