អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានប្រគល់ជូនជនទី៩លាន នៃការចាក់វ៉ាក់សាំងកូវីដនៅស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ

0
41

ខេត្តត្បូងឃ្មុំៈ អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ត្រូវបានប្រគល់ជូនជនទី៩លាន នៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ តាមរយៈលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស និងឯកឧត្តមបណ្ឌិត ជាម​ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ​ នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ ។
ជនទី៩លាន ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នេះ ឈ្មោះ ព្រំ កួយ អាយុ៧៦ឆ្នាំ រស់នៅភូមិថ្មសំលៀង ឃុំមៀន ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ។ រូបគាត់បានចាក់វ៉ាក់សាំងនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១។ អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានផ្ដល់ជូននាឱកាសនោះ រួមមាន ថវិកាចំនួន១០លានរៀល និងគ្រឿងឧបភោគ បរិភោគជាច្រើនផ្សេងទៀតផងដែរ ។


ថ្លែងក្នុងឱកាសនោះ លោកស្រី ឱ វណ្ណឌីន ក៏បាននូវនាំការផ្ដាំផ្ញើសាកសាកសួរសុខទុក្ខពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជូនលោកយាយ ព្រំ កួយ ផងដែរ និងបានថ្លែងនូវការអបអរសាទរដែលលោកយាយ ទទួលបានអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ។
លោកយាយ ព្រំ កួយ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសម្ដេចតេជោ ហ៊ុន សែន ដែលបានអនុញ្ញាតឲ្យគាត់ទទួលបាននូវការចាក់វ៉ាក់សាំង ហើយថែមទាំងទទួលបានអំណោយដ៏ច្រើនបែបនេះថែមទៀតផង។ លោកយាយ ក៏សូមគោរពជូនពរសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមមានសុខភាពល្អ ដើម្បីបន្ដដឹកនាំនាវាកម្ពុជាឲ្យកាន់តែរីកចម្រើនទៅមុខទៀត ។


សូមជម្រាប មកទល់ពេលនេះ អ្នកដែលទទួលបានថវិការបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងលេខរៀងនៃការចាក់វ៉ាក់សាំងនេះ មានចំនួន៩នាក់រួមមាន៖
.អ្នកចាក់វ៉ាក់សាំងទី១លាន៖ គឺបានទៅលើ លោក ប៉ាន់ សុវណ្ណរិទ្ធិ ភេទប្រុស អាយុ ៣៦ឆ្នាំ មានទីលំនៅផ្ទះល្វែងលេខ២ ព្រែកព្រីង២ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។ លោក ប៉ាន់ សុវណ្ណរិទ្ធិ ជាអ្នកចាក់វ៉ាក់សាំងទី១លាន កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ ។


.អ្នកចាក់វ៉ាក់សាំងទី២លាន៖ គឺបានទៅលើស្ត្រីឈ្មោះ ទិត ចិន្តា អាយុ ២៣ឆ្នាំ ជាកម្មការរិនីរោងចក្រ រស់នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដែលបានចាក់វ៉ាក់សាំងនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ ។
.អ្នកចាក់វ៉ាក់សាំងទី៣លាន៖ គឺបានទៅលើលោកស្រី ស៊ុ សំអឿន អាយុ៤៨ឆ្នាំ ជាស្ត្រីមេម៉ាយរស់នៅមន្ទីរពេទ្យជ័យជំនះ ខេត្តកណ្តាល ដែលបានចាក់វ៉ាក់សាំងនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ។
.អ្នកចាក់វ៉ាក់សាំងទី៤លាន៖ គឺបានទៅលើលោក សូ សយ អាយុ៦៥ឆ្នាំ ជាអតីតយុទ្ធជន និងជាយុទ្ធជនពិការជើងឆ្វេងដែលសព្វថ្ងៃ រស់នៅភូមិប្រទាល ឃុំអណ្តូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង ដែលបានចាក់វ៉ាក់សាំងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ ។


.អ្នកចាក់វ៉ាក់សាំងទី៥លាន៖ គឺបានទៅលើលោក ណុប មាន អាយុ៧០ឆ្នាំ រស់នៅភូមិសែនសំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្ដឧត្ដរមានជ័យ ដែលបានចាក់វ៉ាក់សាំងនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ។
.អ្នកចាក់វ៉ាក់សាំងទី៦លាន៖ គឺបានទៅលើលោកស្រី ផេង សឿន អាយុ៦៧ឆ្នាំ ជាកសិករ រស់នៅភូមិតាអុង ឃុំតាអុង ស្រុកចំការលើ ខេត្ដកំពង់ចាម ដែលបានចាក់វ៉ាក់សាំងនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ។
.អ្នកចាក់វ៉ាក់សាំងទី៧លាន៖ គឺបានទៅលើលោកយាយឈ្មោះ ចាន់ ឃីម អាយុ៦៧ឆ្នាំ រស់នៅភូមិកន្ត្រក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ដែលបានការចាក់វ៉ាក់សាំងនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ។


.អ្នកចាក់វ៉ាក់សាំងទី៨លាន៖ គឺបានទៅលើស្ដ្រីឈ្មោះ ថឹង ថា អាយុ៥៦ឆ្នាំ ជនជាតិខ្មែរឡាវ រស់នៅភូមិដនឡុង ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ដែលបានចាក់វ៉ាក់សាំងនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ។
.អ្នកចាក់វ៉ាក់សាំងទី៩លាន៖ គឺបានទៅលើលោកយាយ ព្រំ កួយ អាយុ៧៦ឆ្នាំ រស់នៅថ្មសំលៀង ឃុំមៀន ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ដែលបានចាក់វ៉ាក់សាំងនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា តាមរយៈ Facebook កាលពីថ្ងៃទី២៨ ខែសីហាម្សិលមិញ បានឲ្យដឹងថា មកទល់ពេលនេះ កម្ពុជាសម្រេចបាននូវការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ចំនួន៩លាននាក់ គឺស្មើនឹង៩០% នៃប្រជាពលរដ្ឋ១០លាននាក់ ដែលត្រូវចាក់វ៉ាក់សាំង ។


ចំនួននេះមិនទាន់គិតពីការចាក់ជូនកុមារ និងយុវវ័យ ដែលមកដល់ពេលនេះចាក់បាន៦៩,៤៧ភាគរយ នៃចំនួន១,៩៦៦,៩៣១នាក់ដែលត្រូវចាក់ ព្រមទាំងបងប្អូនដែលបានចាក់ដូសទី៣ ឬដូសជំរុញនោះទេ។ ប្រសិននិយាយពីតួលេខសរុប កម្ពុជាចាក់បានលើស១០លាននាក់ ដែលប្រមាណ៦៥ភាគរយ នៃប្រជាជនសរុប១៦លាននាក់ ៕

សាន វិឡែម

LEAVE A REPLY

Please enter your comment!
Please enter your name here