ដ្រូ​ន​សម្លាប់​ជន​អត្តឃាត​ជន​មួយ​ឡាន​ដែល​ប្រុង​បំផ្ទុះ​គ្រាប់បែក​នៅ​អាកាសយានដ្ឋាន​ក្រុង​កា​ប៊ុល​

0
453

កា​ប៊ុល​៖​ការវាយប្រហារ​ដោយ​ដ្រូ​ន​កាលពី​ថ្ងៃអាទិត្យ​ទី​២៩​សីហា បាន​ចំ​រថយន្ត​មួយ​ដែល​ដឹក​”​អ្នក​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ជាច្រើន​នាក់​” មក​ពី​ក្រុម​រដ្ឋ​អ៊ីស្លាម​អា​ហ្វ​ហ្គានី​ស្ថាន​​មុន​ពេល​ពួកគេ​វាយប្រហារ​លើ​មនុស្ស​នៅ​អាកាសយានដ្ឋាន​ក្រុង​កា​ប៊ុល នេះ​បើ​តាម​ការបញ្ជាក់​ពី​មន្ត្រី​អាម៉េរិក​។​

​មាន​ព័ត៌មាន​លម្អិត​តិចតួច​ជុំវិញ​ឧបទ្ទវហេតុ​នេះ ព្រមទាំង​គ្រាប់​រ៉ុក្កែត​មួយ​ដែល​បាន​ធ្លាក់ចំ​សង្កាត់​ប្រជាជន​រស់នៅ​មួយ​នៅ​ភាគ​ពាយព្យ​អាកាសយានដ្ឋាន​ដែល​បាន​សម្លាប់​ក្មេង​ម្នាក់​។​ក្រុម​​តា​លី​បង់​ដំបូង​បាន​ពណ៌នា​ការវាយប្រហារ​ទាំងពី​ថា​ដាច់ពីគ្នា តែ​សាក្ស៊ី​បាន​ឮ​សម្លេង​ផ្ទុះ​ខ្លាំង​តែ​មួយ​កាលពី​ថ្ងៃអាទិត្យ​នៅក្នុង​រដ្ឋធានី​អា​ហ្វ​ហ្គានី​ស្ថាន​។​

​ការវាយប្រហារ​តាម​ផ្លូវអាកាស​នេះ​កើត​ឡើង​នៅ​ពេល​អាម៉េរិក​ត្រៀម​បញ្ចប់​ការជម្លៀស​មនុស្ស​ជា​ប្រវត្តិសាស្ត្រ​មួយ​ដែល​បាន​នាំ​មនុស្ស​រាប់​ម៉ឺន​នាក់​ចេញពី​អាកាសយានដ្ឋាន​ក្រុង​កា​ប៊ុល​ទាំង​​ចលាចល​ចាប់តាំងពី​ក្រុម​តា​លី​បង់​ដណ្តើម​បាន​រដ្ឋធានី​កា​ប៊ុល​កាលពី​២​សប្តាហ៍​មុន​

​ក្រោយ​ពី​ពួក​ភេរ​វករ​ក្នុង​ក្រុម​រដ្ឋ​អ៊ីស្លាម​អា​ហ្វ​ហ្គានី​ស្ថាន​បំផ្ទុះ​គ្រាប់​សម្លាប់​មនុស្ស​ជាង​១៨០​នាក់ ក្រុម​តា​លី​បង់​បាន​បង្កើន​សន្តិសុខ​របស់​ខ្លួន​នៅ​ជុំវិ​អាកាសយានដ្ឋាន​នៅពេល​អង់គ្លេស​បញ្ចប់​​ការជម្លៀស​របស់ខ្លួន​កាលពី​ថ្ងៃ​សៅរ៍​។​តែ​យន្តហោះ​ដឹកជញ្ជូន​យោធា​អាម៉េរិក​បន្ត​ហោះហើរ​ចូល​អាកាសយានដ្ឋាន​នេះ​កាលពី​ថ្ងៃអាទិត្យ មុន​កាលកំណត់​ចុង​ក្រោយ​ថ្ងៃ​អង្គារ ដែល​កំណត់​ដោយ​​ប្រធានាធិបតី ចូ បៃ​ដិន​ដើម្បីដ​កទាហាន​អាម៉េរិ​ក​ទាំងអស់​ចេញពី​សង្គ្រាម​យូរ​បំផុត​របស់​អាម៉េរិក​នេះ​។​

​ទោះជា​យ៉ាងណា ជន​អា​ហ្វ​ហ្គានី​ស្ថានដែល​ត្រូវ​គេ​ទុក​ចោល​ក្នុងប្រ​ទេសនេះ កំពុង​ព្រួយបារម្ភ​ខ្លាចក្រែង​ពួក​តា​លី​បង់វិល​ទៅ​គ្រប់គ្រង​ប្រទេស​បែប​ជិះជាន់​ដូច​កាលពី​មុន​។​

​មន្ត្រី​យោធា​អាម៉េរិក​២​នាក់ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ហៅ​ការវាយប្រហារ​តាម​ផ្លូវអាកាស​នេះ​ថា​ជោគជ័យ និង​ថា​រថយន្ត​បាន​ដឹក​អត្តឃាត​ជន​ជាច្រើន​នាក់​។​អ្នកនាំពាក្យ​បញ្ជាការ​​កណ្តាល​អាម៉េរិក បាន​ហៅ​ការវាយប្រហារ​ដោយ​ដ្រូ​ន​នេះ​ថា​ជា​ចំណាត់ការ​ការពារ​ខ្លួន​។​

​ក្នុងពេល​ជាមួយគ្នា អ្នកនាំពាក្យ​តា​លី​បង់​បាន​និយាយថា ការវាយប្រហារ​របស់​អាម៉េរិក​ផ្តោតលើ​អ្នក​វាយប្រហារ​ដោយ​គ្រាប់បែក​អត្តឃាត​នៅ​ពេល​ជន​នេះ​បើករថយន្ត​ផ្ទុក​គ្រឿងផ្ទុះ​ពេញ​សំដៅ​​អាកាសយានដ្ឋាន​៕

ប្រភព : រស្មីកម្ពុជា

LEAVE A REPLY

Please enter your comment!
Please enter your name here