បច្ចុប្បន្ន សំរាមនៅតាមមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩ នៅទូទាំងប្រទេស មានប្រមាណ១០០តោន ក្នុង១ថ្ងៃ

0
69

(កំពត)៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា យោងតាមរបាយការណ៍ផ្តល់ពីមន្ទីរបរិស្ថានទាំង២៥ ខេត្ត-រាជធានី សំណល់រឹងសំរាម ដែលបានបង្កើតឡើងនៅតាមមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩ មានប្រមាណ ១០០តោនក្នុងមួយថ្ងៃ នាពេលបច្ចុប្បន្ន តែចំនួននេះអាចមានការធ្លាក់ចុះដោយសារតែអាត្រាឆ្លងជំងឺកូវីដ១៩ មានការធ្លាក់ចុះដែរ។

ការឱ្យដឹងដឹងបែបនេះរបស់ លោក នេត្រ ភក្ត្រា បានធ្វើឡើងនាពីព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ នៅអំឡុងពេលដែលលោក និងលោក សោម ពិសិដ្ឋ អភិបាលខេត្តកែប និងមន្ត្រីពាក់ព័ន្ធចុះពិនិត្យការដ្ឋានសាងសង់ឡដុតសំណល់រឹងសំរាមមួយកន្លែង ស្ថិតនៅភូមិដំណាក់ចង្អេីរ សង្កាត់ព្រៃធំ ក្រុងកែប។

ឡដុតសំណល់រឹងសំរាម៥០ ដែលក្រសួងបរិស្ថាន បានបំពាក់ទៅដល់២១ រាជធានី-ខេត្ត (៤៩ស្រុក) បាននិងកំពុងចូលរួមដុតកម្ទេចសំណល់វេជ្ជសាស្ត្រពីមណ្ឌលព្យាបាលជំងឺកូវីដ១៩ និងមណ្ឌលធ្វើចត្តាឡីស័កដែលជាជំនួយបន្ថែមលើឡដុតសំណល់វេជ្ជសាស្ត្រដែលមានស្រាប់នៅតាមមន្ទីរពេទ្យ និងតាមមណ្ឌលសុខភាពនានា នៅទូទាំងប្រទេសកម្ពុជា។ នេះគឺជាការថ្លែងឱ្យដឹងបន្ថែមរបស់ លោក នេត្រ ភក្ត្រា។

មន្ត្រីជាន់ខ្ពស់រូបនេះ បានបន្តថា ការគ្រប់គ្រង និងវេចខ្ចប់សំណល់រឹងសំរាមពីមណ្ឌលចត្តាឡីស័ក និងកន្លែងព្យាបាលអ្នកជំងឺកូវីដ១៩ និងពីអ្នកជំងឺព្យាបាលតាមផ្ទះបានល្អប្រសើររួមនឹងការបាញ់អាល់កុលសម្លាប់មេរោគផងនោះនឹងចូលរួមបង្ការការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។

លោក នេត្រ ភក្ត្រា បានបន្តថា នៅតាមបណ្តាខេត្តមួយចំនួនដូចជាសៀមរាប មណ្ឌលគិរី បាត់ដំបងជាដើម បានប្រើប្រាស់ឡដុតសំណល់រឹងសំរាមដែលមានបច្ចេកវិទ្យាខ្ពស់ដុតកម្ទេចសំណល់វេជ្ជសាស្ត្រ ដែលមកពីមណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩ និងពីមណ្ឌលចត្តាឡីស័ក។

បើតាមការបញ្ជាក់របស់ លោក នេត្រ ភក្ត្រា ក្រសួងបរិស្ថាន, តាមរយៈមន្ទីរបរិស្ថាន បានផ្តល់ការគាំទ្រផ្នែកបច្ចេកទេសលើការងារគ្រប់គ្រងសំណល់រឹងសំរាមដែលចេញពីមណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩នេះ។ រហូតមកទល់បច្ចុប្បន្ននេះ ក្រសួងបរិស្ថានបានបំពាក់ឡដុតសំរាមសំណល់រឹងចំនួន ៥០គ្រឿងទៅដល់២១ រាជធានី-ខេត្ត (៤៩ស្រុក)។

ជាមួយគ្នានេះដែរ អ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា ការបំពាក់ឡដុតសំរាមសំណល់រឹងនេះ ជាវិធានការបន្ទាន់ចំពោះមុខ រីឯការគ្រប់គ្រងសំរាមសំណល់រឹងតាមលក្ខណបច្ចេកទេស ដែលមានធុងដាក់សំរាមត្រឹមត្រូវមធ្យោបាយដឹកសំរាមគ្រប់គ្រាន់ និងទីលានចាក់សំរាមតាមខ្នាតបច្ចេកទេស ទើបជាវិធានការជាយុទ្ធសាស្ត្រនៃគោលនយោបាយស្តីពីការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន។

«ក្រសួងបរិស្ថានបន្តគាំទ្រ និងពង្រឹងសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងសំណល់រឹងសំរាម»។ ក្នុងមួយថ្ងៃកម្ពុជាបង្កើតសំរាមជាង ១ម៉ឺនតោន ហើយក្នុងមួយឆ្នាំប្រមាណជិត ៤លានតោន ដែលក្នុងនោះសំណល់សរីរាងប្រមាណ ៦៨% សំណល់ប្លាស្ទិកប្រមាណជាង ២០% និងសំណល់រឹង/សំណល់គ្រោះថ្នាក់ប្រមាណជាង ១០%»។ នេះគឺជាការគូសបញ្ជាក់របស់លោក នេត្រ ភក្ត្រា។

បើតាមការឱ្យដឹងរបស់រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបន្ថែមពីការបំពាក់ឡដុតសំណល់រឹងសំរាម ក្រសួងបរិស្ថានក៏បានផ្តល់នូវមធ្យោបាយ និងសម្ភារមួយចំនួនដល់រដ្ឋបាលខេត្ត ក្នុងនោះរួមមានទី១៖ រថយន្តដឹកសំរាមចំនួន១៧គ្រឿង ជូនទៅខេត្តចំនួន៩ (១៥ក្រុង-ស្រុក), ទី២៖ ម៉ូតូកង់បីដឹកសំរាម ចំនួន១១៨គ្រឿង ជូនទៅខេត្តចំនួន២១ (៥៤ក្រុង-ស្រុក), ទី៣៖ គ្រឿងចក្រចូកសំរាម «សាស័រ» ចំនួន២គ្រឿង ជូនទៅខេត្តព្រះសីហនុ, ទី៤៖ ធុងសំរាមខ្នាតធំ (៥-១១តោន) ចំនួន៦៨ធុង ជូនទៅខេត្តចំនួន៨, ទី៥៖ ធុងញែកសំរាម ចំនួន៥០០ធុង ជូនទៅសួនសាធារណៈ វិមានឈ្នះឈ្នះ បុរីប៉េងហួត និងសាលារៀន, ទី៦៖ ធុងចម្រោះទឹកស្អាត ចំនួន៩១ធុង ជូនទៅខេត្តចំនួន៥ (១៥ក្រុង-ស្រុក) និងសាលារៀន, ទី៧៖ កញ្ចប់សម្អាតសំរាម ក្នុងក្របខណ្ឌគម្រោងជំរុញបរិយាកាសអំណោយផលដល់ការអភិវឌ្ឍដោយនិរន្តរភាព ជូនទៅ២៥រាជធានី-ខេត្ត (មានធុងចម្រោះទឹកស្អាត៥០ និងធុងសំរាម៣០០) និងទី៨៖ វគ្គបណ្តុះបណ្តាល ចំនួន៣វគ្គដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងក្របខណ្ឌកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។

បន្ថែមពីនេះ លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា ក្រសួងបរិស្ថានបានផ្តល់វគ្គបណ្តុះបណ្តាលបច្ចេកទេសដល់មន្ត្រីមូលដ្ឋានដោយ៖ ១) ផ្តល់លទ្ធភាពដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីធ្វើជាម្ចាស់ក្នុងការគ្រប់គ្រងសំរាមសំណល់រឹង នៅតាមមូលដ្ឋានសាម៉ី។ ២)ពង្រឹងសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីគ្រប់គ្រងសំរាមសំណល់រឹង នៅតាមមូលដ្ឋានសាម៉ី ឱ្យមានប្រសិទ្ធភាពខ្ពស់។ ៣) លើកកម្ពស់គុណភាពបរិស្ថាន ដើម្បីចូលរួមការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ប្រកបដោយនិរន្តរភាព។

បើតាមលោក សោម ពិសិដ្ឋ បានថ្លែងអំណរគុណចំពោះក្រសួងបរិស្ថានជាពិសេស លោករដ្ឋមន្ត្រី សាយ សំអាល់ ដែលបានយកចិត្តទុកដាក់ខ្ពស់លើការងារគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន និងបានផ្តល់នូវការគាំទ្រផ្នែកបច្ចេកទេសក៏ដូចជាផ្តល់នូវមធ្យោបាយដើម្បីរដ្ឋបាលខេត្តអនុវត្តដោយជោគជ័យលើការគ្រប់គ្រងសំណល់រឹងសំរាមទីប្រជុំជន។

លោកអភិបាលខេត្តបានបង្ហាញមោទកភាពដែលខេត្តកែបបានទទួលនូវការយកចិត្តទុកដាក់ និងបានទទួលនូវពានរង្វាន់បរិស្ថានអាស៊ានផងដែរ។

លោក សោម ពិសិដ្ឋ បានថ្លែងថា ឡដុតសំណល់រឹងសំរាមដែលនឹងដាក់ឱ្យប្រើប្រាស់ក្នុងរយៈពេល ២សបា្តហ៍ទៀតនេះ នឹងត្រូវប្រើប្រាស់ដើម្បីដុតកម្ទេចសំណល់ផ្សេងៗ មកពីមណ្ឌលធ្វើចត្តាឡីស័ក និងមណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩ ជាពិសេសវេជ្ជសាស្ត្រនឹងត្រូវយកមកដុតកម្ទេចនៅក្នុងឡនេះដើម្បីគ្រប់គ្រងឱ្យមានប្រសិទ្ធភាពខ្ពស់នូវសំណល់គ្រោះថ្នាក់នេះ។ ជាមួយគ្នានេះ លោក សោម ពិសិដ្ឋ បានបន្តថា ការវេចខ្ចប់ទុកដាក់សំរាមឱ្យបានត្រឹមត្រូវនាំមកនូវបរិស្ថានស្អាត ខ្យល់បរិសុទ្ធ និងសុខភាពល្អ។

ទន្ទឹមនឹងការថ្លែងកោតសរសើររដ្ឋបាលខេត្តកែប រដ្ឋលេខាធិការក្រសួងបរិស្ថានបានលើកឡើងថា ក្រសួងបរិស្ថានសូមអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមវេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវ និងញែកសំរាមតាមប្រភេទ ជាពិសេសត្រូវវេចខ្ចប់សំណល់សំរាមពីមណ្ឌលព្យាបាលអ្នកជំងឺឱ្យបានត្រឹមត្រូវជៀសវាងការបោះសំរាមចោលផ្តេសផ្តាសដែលធ្វើឱ្យប៉ះពាល់ដល់សោភណ្ឌភាព និងផាសុកភាព។ លោកបានថ្លែងថា «ភូមិឃុំ សហគមន៍យើងស្អាតគឺចាំបាច់ត្រូវការចូលរួមពីយើងទាំងអស់គ្នា»

គួរបញ្ជាក់ថា ដើម្បីគ្រប់គ្រងកាកសំណល់ឱ្យបានត្រឹមត្រូវ និងបង្ការការឆ្លង រដ្ឋបាលរាជធានីបានណែនាំឱ្យអ្នកជំងឺត្រូវដាក់សម្រាមនៅក្នុងស្បោងពណ៌លឿង ឬសរសេរស្លាកសញ្ញាបញ្ជាក់នៅលើស្បោង និងដាក់ដាច់ដោយឡែកពីសំរាមរបស់អ្នកដទៃ ដើម្បីងាយស្រួលក្នុងការប្រមូល។

រដ្ឋបាលរាជធានីភ្នំពេញ បន្តថាត្រូវបាញ់ថ្នាំ ឬអាល់កុលសម្លាប់មេរោគកូវីដ១៩ នៅលើសម្រាមទាំងក្នុង និងក្រៅស្បោង ហើយទុកសម្រាមដោយឡែកប្រហែលប្រាំថ្ងៃមុនពេលបញ្ចេញមកខាងក្រៅ។ រដ្ឋបាលរាជធានីភ្នំពេញ បានស្នើដល់ប្រជាពលរដ្ឋត្រូវប្រើប្រាស់ស្បោងដែលមានចំណុះ១៥គីឡូក្រាម ដើម្បីផ្ទុកបរិមាណសំរាមឱ្យបារយៈពេល ៥ថ្ងៃយ៉ាងតិច ដើម្បីជៀសវាងបញ្ចេញសម្រាប់ជារៀងរាល់ថ្ងៃ។

រដ្ឋបាលរាជធានីភ្នំពេញ បានព្រមានថាក្នុងករណីមិនសហការ និងមិនអនុវត្តតាមការណែនាំខាងលើ ហើយបង្កឱ្យមានការឆ្លងជំងឺកូវីដ១៩ ដល់អ្នកដទៃបុគ្គលដែលប្រព្រឹត្តត្រូវទទួលខុសត្រូវតាមមាត្រាទី០៩ នៃច្បាប់ស្តីពីវិធានការទប់ស្កាតការឆ្លងរាលដាលជំងឺកូវីដ១៩៕

 

ប្រភព : FRESH NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here