ក្រុមហ៊ុន ថា មិនបាន លួចដឹកប្រេងពីកម្ពុជាទេ និង សោកស្តាយ ចំពោះ អាជ្ញាធរ ឥណ្ឌូណេស៊ី ដែល ចាប់ កប៉ាល់ខ្លួន

0
40

ក្រុមហ៊ុន World Tankers Management ដែលជាប្រតិបត្តិករ កប៉ាល់ដឹកប្រេង MT Strovolos បានច្រានចោល ការចោទប្រកាន់ ថា មិនបាន លួចដឹកប្រេងចេញ ពីកម្ពុជានោះទេ និង បង្ហាញ ការសោកស្តាយ ចំពោះ អាជ្ញាធរ ឥណ្ឌូណេស៊ី ដែលចាប់ កប៉ាល់ ខ្លួន។

សេចក្តីថ្លែងការណ៍ របស់ ក្រុមហ៊ុន លើកឡើងថា៖ «យើងបានសោកស្តាយ ចំពោះ របាយការណ៍ ដែល ថា សមាជិកនាវិក មួយ ចំនួន ត្រូវបានឃុំខ្លួន ដោយ អាជ្ញាធរ ឥណ្ឌូណេស៊ី ខណៈ នាវិក មួយ ចំនួន ទៀត ត្រូវជាប់គាំងលើ កប៉ាល់ មិនអាចចុះគោកបាន»។
ក្រុមហ៊ុននេះ អះអាងថា កប៉ាល់ MT Strovolos បាន ដឹកប្រេង ប្រហែល ៣០ម៉ឺនបារ៉ែល ក្នុងតំបន់អប្សរា កាលពីថ្ងៃទី២១ឧសភា ក្រោម កិច្ចព្រមព្រៀង ជួល ដោយ ក្រុមហ៊ុនរុករក ប្រេង KrisEnergy។
World Tankers រៀបរាប់ ថា ក្រុមហ៊ុន KrisEnergy មិន បានបង់ថ្លៃជួល ហើយបាន បញ្ចប់ នូវសេវាកម្មរបស់ ខ្លួន ស្របពេល ជាមួយគ្នានោះ កប៉ាល់ MT Strovolos ត្រូវបាន បញ្ជូនទៅប្រទេស ថៃ ដើម្បីប្តូរនាវិក និងចាក់សាំង ប៉ុន្តែ ត្រូវ បរាជ័យ។ កប៉ាល់ ក៏ បន្ត ដំណើរ ទៅកាន់ ក្រុងកំពង់ផែ Batam ប្រទេស ឥណ្ឌូណេស៊ី ដើម្បីផ្លាស់ប្តូរនាវិក ប៉ុន្តែក៏ត្រូវចាប់ឃាត់ដោយ អាជ្ញាធរ ឥណ្ឌូណេស៊ី តែម្តង។

បើតាម លោក ជៀប សួរ អគ្គនាយក នៃអគ្គនាយកដ្ឋាន ប្រេងកាត បាន ប្រាប់ AFP ថា ក្រុមហ៊ុន KrisEnergy បាន រាយការណ៍ មករាជរដ្ឋាភិបាល កម្ពុជា ថា កប៉ាល់ MT Strovolos បាន លួចប្រេងឆៅ ប្រហែល ២៩ម៉ឺនបារែល។
លោកបន្ថែមថា ប្រទេស កម្ពុជា និង ឥណ្ឌូណេស៊ី កំពុងធ្វើការជាមួយគ្នា ដើម្បីយកប្រេងនោះមកវិញ។
ទ័ព ជើងទឹក ឥណ្ឌូណេស៊ី បាន ចាប់ ឃាត់កប៉ាល់ MT Strovolos កាលពីថ្ងៃទី២៥ សីហាម្សិលមិញ។ ពួកគេនិយាយថា កប៉ាល់នេះ បាន ចាកចេញពីកោះសូម៉ាត្រា នៅថ្ងៃទី២៧ កក្កដា ប៉ុន្មាន ថ្ងៃ ប៉ុណ្ណោះ បន្ទាប់ពី កម្ពុជា បាន ផ្តល់សញ្ញាក្រហម ទៅប៉ូលិសអន្តរជាតិអាំងទែប៉ូល ដើម្បីតាមចាប់នាវាខាងលើ។
ទ័ពជើងទឹកបញ្ជាក់ ថា កប៉ាល់នេះ បាន បិទប្រព័ន្ធកំណត់អត្តសញ្ញាណ ហើយ ដាក់យុថ្កាខុស្បាប់ ក្នុងដែន ទឹកនៃកោះ Batam។ «ទ័ពជើងទឹក ឥណ្ឌូណេស៊ី មិនស្ទាក់ស្ទើរ ក្នុងការចាត់វិធានការ ប្រឆាំង នឹងឧក្រិដ្ឋកម្ម ណាមួយ នៅលើអធិបតេយ្យ របស់ខ្លួននោះទេ»៕

ប្រភព : ខ្លីខ្លី

LEAVE A REPLY

Please enter your comment!
Please enter your name here