សូមក្រឡេកមើលការប្រកួតជើងទី ២ នៅសប្តាហ៍នេះក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ៖
ថ្ងៃអង្គារ ៖
Man City vs PSG (២-១)
PSG បានដាក់កីឡាករល្អៗមួយចំនួនឱ្យសម្រាកកាលពីចុងសប្តាហ៍ដើម្បីទុកជើងវាយបកនៅជើងទីពីរដើម្បីយកឈ្នះលើបរាជ័យ ២-១ កាលពីជើងទីមួយ។
យោងតាមសៀវភៅប្រវត្តិសាស្ត្រនៃការប្រកួត CL ក្រុម Paris Saint-Germain មានឱកាសត្រឹមតែ ៧ ភាគរយប៉ុណ្ណោះក្នុងការឡើងទៅដល់វគ្គផ្តាច់ព្រ័ត្រជាលើកទី ២ ជាប់ៗគ្នានៅក្នុងការប្រកួត ដែលខ្លួនពិតជាត្រូវយកឈ្នះជាដាច់ខាត។
ក្រុម Manchester City ទំនងជាឡើងដល់វគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ជាលើកទីមួយរបស់ខ្លួន ហើយលោកប៉េប ហ្គាឌីអូឡា បានដាក់កីឡាករលំដាប់កំពូលរបស់ខ្លួនសឹងទាំងអស់ឱ្យសម្រាកកាលពីចុងសប្តាហ៍ ខណៈដែលពាន Premier League ក៏ជិតដណ្តើមយកបានផងដែរ។
ពាន EPL អាចនឹងយកបានកាលពីថ្ងៃអាទិត្យ ប្រសិនបើ Liverpool ផ្តួលក្រុមលេខ២ Manchester United ប៉ុន្តែការប្រកួតនេះត្រូវបានផ្អាក បន្ទាប់ពីអ្នកគាំទ្រសម្រុកចូលកីឡដ្ឋាននិងឡើងលើវាលស្មៅ ខណៈមនុស្សរាប់ពាន់នាក់ទៀតប្រមូលផ្ដុំគ្នានៅខាងក្រៅកីឡដ្ឋាន Old Trafford ដើម្បីទាមទារឱ្យក្រុមគ្រួសារត្រកូលក្លេសឺលក់ក្លិប។
គ្រូបង្វឹករបស់ក្រុម PSG លោក ម៉ូរីស៊ីអូ ផូឆេតទីណូ មិនអាចប្តូរជម្រើសដំបូងរបស់លោកបានច្រើនពេកនោះទេកាលពីចុងសប្តាហ៍ ពីព្រោះ PSG នៅកំពុងស្ថិតក្នុងចំណាត់ថ្នាក់លេខ ២ ក្នុងលីកកំពូលបារាំងនិងកំពុងស្ថិតក្រោមសម្ពាធដើម្បីរក្សាតំណែងជើងឯករបស់ខ្លួន។ ប៉ុន្តែគាត់សង្ឃឹមថា ខ្សែប្រយុទ្ធឆ្នើម ខាយលៀន អេមបាហ្វេ នឹងអាចចូលលេងវិញបាន បន្ទាប់ពីរូបគេបានរងរបួសកំភួនជើងស្តាំនៅជំនួបជើងទីមួយ។ ជាអ្នករកគ្រាប់បាល់បានច្រើនជាងគេរបស់ PSG ដែលមាន ៣៧ គ្រាប់ក្នុងរដូវកាលនេះ អេមបាហ្វេបានបង្ហាញសញ្ញានៃការជាសះស្បើយយ៉ាងឆាប់រហ័ស។
លោកផូឆេតទីណូបានដាក់ឱ្យសម្រាកខ្សែបម្រើ លីនដ្រូ ផារ៉េដេស និងខ្សែការពារស្លាបស្តាំ អាឡេសសាន់ដ្រូ ផ្លរិនហ្ស៊ី កាលពីចុងសប្តាហ៍ ដែលនេះបញ្ជាក់ថា អ្នកទាំងពីរនឹងលេងនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ គាត់បានប្រើខ្សែការពារកណ្តាល ម៉ាកូ វើរ៉ាទី តែ ៣០ នាទីប៉ុណ្ណោះទល់នឹង Lens កាលពីថ្ងៃសៅរ៍ដើម្បីដើម្បីទុកជើងខ្លះឱ្យរូបគេលេងទល់នឹង Man City ។
ថ្ងៃពុធ ៖
Chelsea vs Real Madrid (១-១)
Real Madrid អាចឃើញការវិលត្រឡប់មកវិញរបស់ប្រធានក្រុមសឺជីអូ រ៉ាម៉ូស សម្រាប់ជើងទីពីរទល់នឹង Chelsea ។ ខ្សែការពារកណ្តាលរូបនេះបានវិលត្រឡប់មកហ្វឹកហាត់វិញ បន្ទាប់ពីរងរបួសសាច់ដុំហើយអាចនឹងវិលត្រឡប់មកក្នុងក្រុមវិញសម្រាប់ការប្រកួតនៅថ្ងៃពុធនៅកីឡដ្ឋាន Stamford Bridge ។ រ៉ាម៉ូសគឺជាកីឡាករដ៏សំខាន់សម្រាប់ Real Madrid នៅ Champions League ។ រូបគេខកខានការប្រកួតនៅវគ្គ ១៦ ក្រុមចុងក្រោយនៅទីក្រុងម៉ាឌ្រីដចំនួនពីររដូវកាលចុងក្រោយ ដោយសារតែការផ្អាក។
ក្រុមបាល់ទាត់គីឡូយក្សរបស់អេស្ប៉ាញមួយនេះកំពុងព្យាយាមវិលត្រឡប់ទៅកាន់វគ្គផ្តាច់ព្រ័ត្រជាលើកដំបូងចាប់តាំងពីខ្លួនបានឈ្នះ CL ចុងក្រោយក្នុងឆ្នាំ ២០១៨ ។ ខ្សែការពារស្លាបឆ្វេង ហ្វើលែន មែនឌី ក៏អាចនឹងវិលត្រឡប់មកកាន់ក្រុមវិញដែរ បន្ទាប់ពីខកខាននៅជើងទីមួយ ដោយសារបញ្ហារបួស ហើយ អេដិន ហាហ្សាដអាចនឹងចាប់ផ្តើមជម្រើសដំបូងទល់នឹងអតីតក្លិបរបស់ខ្លួន បន្ទាប់ពីលេងបានតែប៉ុន្មាននាទីកាលពីសប្តាហ៍មុននៅទីក្រុងម៉ាឌ្រីដ។
គ្រូបង្វឹក ហ្ស៊ីណេឌីន ហ្ស៊ីដាន់ អាចនឹងមិនមានខ្សែការពារកណ្តាលទៀងទាត់ផ្សេងទៀតរបស់គាត់គឺ រ៉ាហ្វាអែល វ៉ារ៉ាន់ ដែលរងរបួសផងដែរ។ កីឡាករសំខាន់សង្ស័យមួយទៀតគឺខ្សែបម្រើ ហ្វេដេរីកូ វ៉ាល់វើដេ ដោយសារតែរូបគេតេស្តិ៍វិជ្ជមានកូវីដ១៩។
ក្រុមតោខៀវ Chelsea ដែលការបង្ហាញខ្លួននៅវគ្គផ្តាច់ព្រ័ត្រចុងក្រោយរបស់ពួកគេគឺនៅពេលដែលពួកគេឈ្នះពានរង្វាន់អឺរ៉ុបនេះក្នុងឆ្នាំ ២០១២ នឹងមានវត្តមានកីឡាករជម្រើសដំបូងទាំងអស់សម្រាប់ការប្រកួតនេះ។
កូនក្រុមរបស់លោក ថូម៉ាស់ ធូខល់ គ្របដណ្តប់លើការប្រកួតភាគច្រើននៅទីក្រុងម៉ាឌ្រីដកាលពីសប្តាហ៍មុន៕
ប្រភព :រស្មីកម្ពុជា