ភ្នំពេញៈ ការដេញថ្លៃ ឈ្នួល គន្លង ដាយ ត្រី ធ្វើ អាជីវកម្ម នេសាទ លើក ទី ២ នៅ ភ្នំពេញ គ្មាន អ្នកដាក់ពាក្យ ដេញ ។ នៅ ខេត្តកណ្តាល មាន អ្នក ដាក់ ដេញថ្លៃ ចំនួន ៣ នាក់ គន្លង ដាយ នៅសល់ ត្រូវបាន រដ្ឋបាល ជល ផល ចេញប្រកាស លើក ទី ៣ ដាក់ឱ្យ ជួល ទៅតាម តម្លៃ ព្រមព្រៀង ។
លោក ងិន ឌី នាយ ខណ្ឌ រដ្ឋបាល ជល ផល រាជធានី ភ្នំពេញ បាន ប្រាប់ ឱ្យ រស្មី កម្ពុជា ដឹង នៅ ថ្ងៃទី ២៦ ខែសីហា ថាៈ ការដេញ ថ្លៃឈ្នួល អាជីវកម្ម នេសាទ តាម គន្លង ដាយ ត្រី លើក ទី ២ នៅក្នុង ភូមិសាស្ត្រ រាជធានី ភ្នំពេញ ដែល ត្រូវ ប្រព្រឹត្តទៅ នៅ ថ្ងៃទី ២៦ ខែសីហា នេះ គ្មាន អ្នកដាក់ពាក្យ ដេញថ្លៃ ទេ ។ គន្លង ដាយ ត្រី ដែល ត្រូវ ដាក់ឱ្យ ដេញថ្លៃ លើក ទី ២ មាន ចំ នួន ៩ គន្លង ។ គន្លង ដាយ ត្រី នៅ រាជធានី ភ្នំពេញ សរុប មាន ចំនួន ២២ មាន អ្នកដេញថ្លៃ យក ធ្វើ អាជីវកម្ម ចំនួន ១៣ នៅសល់ ៩ ដែល ត្រូវ ប្រកាស ដាក់ ឱ្យ ជួល ដោយ រដ្ឋបាល ជលផល នៅពេល ខាងមុខនេះ ។
លោក ហេង សុភា រិ ទ្ធ នាយ ខណ្ឌ រដ្ឋបាល ជល ផល ខេត្តកណ្តាល បាន ប្រាប់ ឱ្យ រស្មី កម្ពុជា ដឹង នៅ ថ្ងៃទី ២៦ ខែសីហា ថាៈ ការដេញ ថ្លៃឈ្នួល គន្លង ដាយ ត្រី លើក ទី ២ ដែល បាន ប្រព្រឹត្តទៅ កាលពី ថ្ងៃទី ២៣ ខែសីហា មាន អ្នកដាក់ពាក្យ ដេញថ្លៃ ចំនួន ៣ នាក់ ។ គន្លង ដាយ ដែល គ្មាន អ្នកដាក់ពាក្យ ដេញថ្លៃ លើក ទី ២ នៅ ខេត្តកណ្តាល នៅសល់ ចំនួន ១៨ ។ កាលពី ថ្ងៃទី ២៥ ខែសីហា កន្លងទៅនេះ រដ្ឋបាល ជលផល ចេញប្រកាស លើក ទី ៣ ដាក់ឱ្យ ជួល សម្រាប់ធ្វើ អាជីវកម្ម រយៈពេល ពីរ រដូវ (២០២១-២០២២ និង ២០២២- ២០២៣ ។
រដ្ឋបាល ជលផល កាលពី ថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២១ បាន ជូនដំណឹង ស្តីពី ការជួល ដាយ ត្រី តាម ការព្រមព្រៀង សម្រាប់ធ្វើ អាជីវកម្ម ក្នុង រដូវ នេសាទ ឆ្នាំ ២០២១- ២០២២ និង ឆ្នាំ ២០២២-២០២៣ ដោយ ចាប់ ទទួល ពាក្យ ពីថ្ងៃ ជូនដំណឹង រហូតដល់ ថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២១ នៅ ខេត្តកណ្តាល ។
ក្នុង សេចក្តីជូនដំណឹង ដែល ចុះហត្ថលេខា ដោយ លោក ពុំ សុថា ប្រតិភូ រាជរដ្ឋាភិបាល ទទួលបន្ទុក ជា ប្រធាន រដ្ឋបាល ជលផល បាន សរសេរ ទៀតថា អ្នក ដែលមាន បំណង ជួល ដាយ ត្រី ត្រូវដាក់ ពាក្យ សុំ ជួល មិនឱ្យ ហួស ពីថ្ងៃ ទី ១ ខែកញ្ញា ឆ្នាំ ២០២១ គន្លង ដាយ ដែល ត្រូវ ដាក់ឱ្យ ជួល នៅក្នុង ខេត្តកណ្តាល មាន ចំនួន ១៨ គន្លង ដាយ ។
គន្លង ដាយ ត្រី នៅ រាជធានី ភ្នំពេញ ខេត្តកណ្តាល និង ខេត្តព្រៃវែង នៅក្នុង រយៈពេល ពីរ បី ឆ្នាំ ចុងក្រោយ ពិបាក រក អ្នកដេញថ្លៃ និង គន្លង ដាយ ខ្លះ គ្មាន អ្នកដេញថ្លៃ គ្មាន អ្នក ជួល ដោយសារ ស្ថានភាព ទឹកតូច រាល់ ឆ្នាំ ធ្វើឱ្យ អ្នកធ្វើអាជីវកម្ម នេសាទ មានការ ខាតបង់ រាល់ ឆ្នាំ ។ នៅ ឆ្នាំនេះ តាម ការ ព្យាករ ទឹកទន្លេ នឹង ជន់ ឡើង ខ្ពស់ នៅក្នុង ខែកញ្ញា ខាងមុខនេះ ៕
ប្រភព : រស្មីកម្ពុជា