នាង ជេននីហ្វើ ឡូប៉េស នៅតែស្រឡាញ់អតីតមិត្តប្រុស លោក បិន អាហ្វភ្លិច “អស់ពីបេះដូង” ដដែល។ តារាក្នុងរឿង Hustlersរូបនេះត្រូវគេប្រទះឃើញចំណាយពេលជាមួយតារាសម្តែងវ័យ ៤៨ ឆ្នាំកាលពីចុងសប្តាហ៍ ហើយពេលនេះប្រភពមួយចំនួននិយាយថាអ្នកទាំងពីរនៅតែកោតសរសើរចំពោះគ្នានិងរក្សាចំណងមិត្តភាពជិតស្និទ្ធ ចាប់តាំងពីទំនាក់ទំនងរបស់អ្នកទាំងពីរបានបញ្ចប់នៅឆ្នាំ ២០០៤ ។
ប្រភពមួយបានប្រាប់ទស្សនាវដ្តី People ថា “ពួកគេបានចំណាយពេលជាមួយគ្នានៅទីក្រុងឡូសអែនជើឡេសកាលពីសប្តាហ៍មុន។ ពួកគេនៅតែស្រឡាញ់គ្នាខ្លាំងដដែល។ពួកគេតែងតែកោតសរសើរចំពោះគ្នាទៅវិញទៅមក”។
ជេននីហ្វើអាយុ ៥១ ឆ្នាំបានចំណាយពេលជាមួយលោកបិន បន្ទាប់ពីនាងបានចែកផ្លូវគ្នាពីអតីតគូដណ្តឹងឈ្មោះ អាឡិច រ៉ូឌ្រីហ្គេសដែលអ្នកទាំងពីរបានបញ្ជាក់កាលពីខែមេសាបន្ទាប់ពីរួមរស់ជាមួយគ្នាអស់រយៈពេល ៤ ឆ្នាំ។
ហើយថ្មីៗនេះមានសេចក្តីរាយការណ៍ថា ម្ចាស់បទ On The Floorដ៏ល្បីរូបនេះក៏បានពឹងពាក់លើអតីតស្វាមីរបស់នាងគឺលោក ម៉ាក អានថូនី ផងដែរ ដែលនាងមានកូនភ្លោះជាមួយ អាយុ ១៣ ឆ្នាំឈ្មោះ អេមមេ និង ម៉ាក់ ក្រោយពេលនាងចែកផ្លូវគ្នាពីលោកអាឡិច ខណៈលោកបានឈានជើងចូលដើម្បីជួយថែរក្សាកូនៗរបស់ពួកគេក្នុងពេលដែលនាងកំពុងរវល់ការងារសិល្បៈរបស់នាង៕
ប្រភព :រស្មីកម្ពុជា