ផ្ទុះឆ្លងកូវីដ-១៩នៅស្រុកកោះញែក លើពលរដ្ឋជនជាតិដើមភាគតិច បឺតស្រាពាងរួមគ្នា អាជ្ញាធរពន្លឿនការសាងសង់កន្លែងបូជាសព ក្រោយអ្នកជំងឺកូវីដ-១៩ម្នាក់បានស្លា.ប់

0
118

(ខេត្តមណ្ឌលគិរី)៖ ឯកឧត្តមម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សា និងឯកឧត្តមស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី រួមទាំងសហការី និងអាជ្ញាធរស្រុកកោះញែក បានចុះពិនិត្យ និងរៀបចំទីតាំងដី សម្រាប់សាងសង់កន្លែងបូជាសព និងកន្លែងបញ្ចុះសព សម្រាប់អ្នកដែល បាត់បង់ជីវិត ដោយសារជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រស្រុកកោះញែក ខេត្តមណ្ឌលគិរី នៅថ្ងៃពុធទី២៥ ខែសីហា ឆ្នាំ២០២១នេះ…។

លោកនាង វណ្ណៈមន្ត្រីនាំពាក្យខេត្តមណ្ឌលគិរី បានផ្តល់បទសម្ភាសតាមទូរសព្ទនៅល្ងាចថ្ងៃដដែលនេះថា ដោយសារតែស្រុកកោះញែកទើបតែមានករណីស្លា.ប់ដំបូងក្នុងចំណោមអ្នកស្លា.ប់៤នាក់ទូទាំងខេត្ត ទើបឯកឧត្តមអភិបាល ក៏ដូចជាឯកឧត្តមប្រធាមក្រុមប្រឹក្សាខេត្តចុះទៅត្រួតពិនិត្យទីតាំង ក៏ដូចជាពន្លឿនការសាងសង់ឈាបនដ្ឋានផងដែរ។ ទន្ទឹមនឹងនោះ ឯកឧត្តមអភិបាលក៏បានពាំនាំយកគ្រឿងឧបភោគបរិភោគ និងសម្ភារបរិក្ខាការពារជំងឺកូវីដ-១៩មួយចំនួន ទៅចែកជូនប្រជាពលរដ្ឋចំនួន១១៣គ្រួសារ ដែលកំពុងស្ថិតនៅតំបន់បិទខ្ទប់ បណ្តោះអាសន្នមួយផ្នែក ស្ថិតនៅក្នុងឃុំស្រែហ៊ុយ និងឃុំរយ៉ នៃស្រុកកោះញែក។

មន្រ្តីនាំពាក្យខេត្តមណ្ឌលគិរីរូបនេះ បន្តថាបច្ចុប្បន្នខេត្តមណ្ឌលគិរី បានឆ្លងចូលក្នុងសហគមន៍ហើយ ព្រោះប្រជាពលរដ្ឋជនជាតិដើមយើងម្នាក់បានធ្វើដំណើរទៅចូលរួមបុណ្យសពបងប្អូននៅឯខេត្តក្រចេះ ហើយបានឆ្លងពីខេត្តនោះមកចូលក្នុងសហគមន៍ភូមិឈួលរបស់ខ្លួន រហូតអាជ្ញាធរខេត្ត បានសម្រេចបិទខ្ទប់ ភូមិទាំងមូលបណ្តោះអាសន្នរយៈពេល២១ថ្ងៃ។ លោកបញ្ជាក់ថា « បើតាមរបាយការណ៍ ពីអាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា ពលរដ្ឋជនជាតិភាគតិចខ្មែរដើម ម្នាក់បានឆ្លងពីខេត្តក្រចេះ ហើយមកចូលរួមបុណ្យសពក្នុងភូមិ ដោយមានរៀបចំពិធីជួបជុំផឹកស្រាពាងបឺតតាមទុយោឫស្សីតគ្នាពីម្នាក់ទៅម្នាក់ ក្នុងសហគមន៍របស់ពួកគាត់ បណ្តាលឱ្យឆ្លងជាង១០០នាក់ ហើយត្រូវបានអាជ្ញាធរបិទខ្ទប់ភ្លាមៗតែម្ដង។» លោកថា ដោយមើលឃើញពីការលំបាកផ្នែកជីវភាពរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខាងលើ លោកអភិបាលខេត្តបាននាំយកអំណោយទៅចែកជូន ជាជំនួយបណ្តោះអាសន្ន ដើម្បីសម្រាលទុក្ខលំបាករបស់ពួកគាត់។


លោកនាង វណ្ណៈ មន្រ្តីនាំពាក្យរូបនេះ បញ្ជាក់បន្ថែមថា បច្ចុប្បន្នខេត្តមណ្ឌលគិរីមានអ្នកឆ្លងជំងឺ កូវីដ-១៩ សរុបចំនួន៨៥៩នាក់ (ប្រភេទដែលតា៦នាក់) ជាសះស្បើយចំនួន៣៥២នាក់ ស្លា.ប់៤(គិតទាំងថ្ងៃនេះម្នាក់) និងកំពុងសម្រាកព្យាបាល៥០៤នាក់។ ហើយនៅថ្ងៃនេះដែរ បើតាមតួលេខមិនទាន់ផ្លូវការដែលលោកទទួលបាន គឺអាចមានករណីឆ្លងជាង៣០នាក់ បន្ថែមទៀតហើយ។ ដូចនេះ ជំនួសមុខឱ្យឯកឧត្តមអភិបាលខេត្ត និងអាជ្ញាធរពាក់ព័ន្ធ លោកសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ក្នុងខេត្តមណ្ឌលគិរី សូមគោរពវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន និងអនុវត្តវិធានការពារ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោហ៊ុន សែន គឺ៣កុំ និង៣ការពារឱ្យបានពេញលេញ ដើម្បីការពារខ្លួនពីជំងឺកាចសាហាវមួយនេះ និងដើម្បីទប់ស្កាត់ការឆ្លងចូលសហគមន៍ជាទ្រង់ទ្រាយធំ ដូចករណីភូមិឈួលនេះជាឧទាហណ៍ស្រាប់..៕

LEAVE A REPLY

Please enter your comment!
Please enter your name here