វិបត្តិអាហ្វហ្កានីស្ថានអាចបង្កនូវផលប៉ះពាល់អ្វីខ្លះ ដល់ទំនាក់ទំនងអាមេរិក-អង់គ្លេស?

0
55

កាលពី ២០ឆ្នាំមុន ក្រោយពីហេតុការណ៍ភេរវកម្ម១១កញ្ញា លោក តូនី ប៊្លែរ ជានាយករដ្ឋមន្រ្តីអង់គ្លេសបានសន្យាជាមួយលោក ប៊ូស ថា អង់គ្លេសនឹងឈរជាមួយអាមេរិកជានិច្ច ទោះជានៅក្នុងកាលៈទេសៈណាក៏ដោយ។ ទំនាក់ទំនងយ៉ាងជិតស្និទ្ធ ដែលគេតែងតែហៅថា “Special relationship» រវាងអាមេរិក និងអង់គ្លេស តាំងពីក្រោយសង្រ្គាមលោកលើកទី២ ជាទំនាក់ទំនងពិសេស ដែលនាំទៅដល់ការសហប្រតិបត្តិការទ្វេភាគី ទាំងក្នុងវិស័យនយោបាយ ការបរទេស ការពារជាតិ បច្ចកវិទ្យា និងវិស័យចារកិច្ច។ លោក តូនី ប៊្លែរ អតីតនាយករដ្ឋមន្រ្តីអង់គ្លេស និងជាអ្នកដែលបាននាំអង់គ្លេសទៅចូលរួមជាមួយអាមេរិក ក្នុងសង្រ្គាមអាហ្វហ្កានីស្ថាន និងសង្រ្គាមអ៊ីរ៉ាក់ បានហៅការដកទ័ពអាមេរិកចេញពីអាហ្វហ្កានីស្ថានថា ជា “យុទ្ធសាស្រ្តភ្លីភ្លើ”។ ចំណែក រដ្ឋាភិបាលអង់គ្លេសបច្ចុប្បន្ននេះវិញ ថ្វីដ្បិតតែមិនបានចេញមុខនិយាយចំៗជាសាធារណៈ ប៉ុន្តែមន្រ្តីជាន់ខ្ពស់ក្នុងរដ្ឋាភិបាលរបស់លោក បូរីស ចនសុន បានប្រាប់បណ្តាញព័ត៌មាន ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដោយបរិហាររិះគន់ធ្ងន់ៗ ចំពោះយុទ្ធសាស្រ្តរបស់លោក បៃដិន នៅអាហ្វហ្កានីស្ថាន។ ការដកទ័ពចេញពីអាហ្វហ្កានីស្ថានឲ្យអស់ ជារឿងដែលអង់គ្លេសមិនយល់ស្របមួយទៅហើយ ប៉ុន្តែថែមទាំងការសម្រេចដកទ័ពដោយ ឯកឯង មិនបានជជែកពិភាក្សាជាមួយប្រទេសសម្ព័ន្ធមិត្ត ដែលខំបញ្ជូនទ័ពទៅជួយធ្វើសង្រ្គាម តាំងពីពេលចាប់ផ្តើមដំបូង ហើយទីបំផុត អង់គ្លេសត្រូវរងថ្មបាក់ ដោយត្រូវប្រឈមនឹងភាពចលាចលក្នុងការជម្លៀសប្រជាជនដោយតក់ក្រហល់ចេញពីក្រុងកាប៊ុល។ យោងតាមកាសែត The Sunday Times ចុះផ្សាយកាលពីថ្ងៃទី២២ ខែសីហា មន្រ្តីរដ្ឋាភិបាលអង់គ្លេសដែលសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ក្រោយពីក្រុមតាលីបង់ចូលដល់ក្រុងកាប៊ុលហើយ ប្រឈមនឹងប្រតិបត្តិការជម្លៀសស្ថានទូតដោយតក់ក្រហល់ លោក បូរីស ចនសុន បានព្យាយាមទូរសព្ទទៅជជែកជាមួយលោក ចូ បៃដិន ប៉ុន្តែត្រូវរង់ចាំរហូតដល់ ២៤ម៉ោងក្រោយ ទើបលោកប្រធានាធិបតីអាមេរិកឆ្លើយតបមកវិញ។ ដោយមើលឃើញអំពីមេរៀននៅអាហ្វហ្កានីស្ថាននៅពេលនេះ នៅអង់គ្លេស មានអ្នកខ្លះបានទាមទារឲ្យរដ្ឋាភិបាលពិចារណាឡើងវិញ ទៅលើទំនាក់ទំនងពិសេស ជាមួយអាមេរិក ដោយថ្លឹងថ្លែងរវាងម្ខាងផលប្រយោជន៍ និងម្ខាងទៀត ហានិភ័យនៃការដើរតាមបន្ទាត់នយោបាយ ការបរទេសរបស់អាមេរិក។ ប៉ុន្តែនេះអាចមិនមែនជារឿងងាយស្រួលនោះទេ ពីព្រោះបញ្ហាដែលចោទ គឺនៅត្រង់ថា ក្រោយពេលចាកចេញពីសហភាពអឺរ៉ុប ដោយឆ្លងកាត់នូវដំណើរការចរចាដ៏វែងអន្លាយ និងដ៏ជូរចត់ជាមួយសម្ព័ន្ធមិត្តនៅអឺរ៉ុប គឺទំនាក់ទំនងពិសេសជាមួយអាមេរិកនេះហើយ ដែលលោក បូរីស ចនសុន តែងតែយកមកធ្វើជាក្តីរំពឹង ដើម្បីជាបង្អែកសម្រាប់អង់គ្លេសនៅលើឆាកអន្តរជាតិ៕ AP

LEAVE A REPLY

Please enter your comment!
Please enter your name here