ប្រធាន CIA អាមេរិកជួបប្រជុំជាសម្ងាត់ ជាមួយមេដឹកនាំតាលីបង់ នៅទីក្រុងកាប៊ុល

0
70

មន្ត្រីក្រោមរដ្ឋបាលរបស់លោក ចូ បៃដិន មានទំនាក់ទំនងជាប្រចាំជាមួយមន្រ្តីតាលីបង់ ទាំងនៅក្នុងទឹកដី អាហ្វហ្កានីស្ថាន និងនៅទីក្រុងដូហា ប្រទេសកាតា ក្នុងអំឡុងពេលបំពេញប្រតិបត្តិការជម្លៀសមនុស្សចេញពីទីក្រុងកាប៊ុល។ ប៉ុន្តែកិច្ចប្រជុំសម្ងាត់ រវាងប្រធាន CIA អាមេរិក ជាមួយសហស្ថាបនិកតាលីបង់ គឺជាកិច្ចពិភាក្សាដ៏ធំបំផុត រាប់ចាប់តាំងពីរដ្ឋធានីកាប៊ុលធ្លាក់ក្នុងដៃរបស់ពួកតាលីបង់ កាលពីថ្ងៃទី១៥ ខែសីហា។ កាសែត The Washington Post បានរាយការណ៍ជាលើកដំបូងបង្អស់ ពីជំនួបសម្ងាត់នេះ កាលពីថ្ងៃអង្គារ ទី២៤ ខែសីហា។ ប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកលោក វីល្លៀម បឺន ជាអ្នកការទូតដែលមានបទពិសោធន៍ខ្លាំងបំផុតម្នាក់របស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន។ ចំណែក លោក ម៉ុលឡា អាប់ឌុល ហ្កានី បារ៉ាដា វិញ ជាមេដឹកនាំកំពូលម្នាក់របស់របបតាលីបង់ និងជាអ្នកដែលបានដឹកនាំការិយាល័យនយោបាយរបស់ចលនាតាលីបង់នៅប្រទេសកាតា។ អ្នកនាំពាក្យ CIA មិនបានបញ្ជាក់ប្រាប់អ្វីសោះ ពីកិច្ចប្រជុំនេះ ដល់ទីភ្នាក់ងារព័ត៌មានបារាំង AFP និងបានប្រាប់ថា CIA  មិនដែលនិយាយ ឬ ក៏ពិភាក្សាអ្វីអំពី ការធ្វើដំណើររបស់ប្រធានខ្លួនឡើយ។ ចំណែក កាសែត The Washington Post ដែលបានដកស្រង់ប្រភពអនាមិកអាមេរិក អំពីកិច្ចប្រជុំខាងលើ ក៏មិនទទួលបានខ្លឹមសារនៃកិច្ចពិភាក្សា រវាងមេដឹកនាំតាលីបង់ និងមេ CIA អាមេរិកដែរ។ ប៉ុន្តែមានការលើកឡើងថា អ្នកទាំងពីរបានពិភាក្សាគ្នា ជុំវិញការពន្យារពេលនៃបេសកកម្មរបស់អាមេរិក ក្នុងការជម្លៀសមនុស្សចេញពីអាហ្វហ្កានីស្ថាន។ អាមេរិកបានកំណត់យកថ្ងៃទី៣១ ខែសីហា ជាថ្ងៃបិទបញ្ចប់ប្រតិបត្តិការដឹកជម្លៀសពលរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអាហ្វហ្កានីស្ថានរាប់ម៉ឺននាក់ ចេញពីទីក្រុងកាប៊ុល។ ប្រឈមនឹងស្ថានការណ៍ជ្រួលច្របល់ដែលកើតមានឡើងជារៀងរាល់ថ្ងៃ នៅព្រលានយន្តហោះក្រុងកាប៊ុល សហភាពអឺរ៉ុបបានអំពាវនាវឲ្យអាមេរិកពន្យារពេលបិទបញ្ចប់បេសកកម្ម ។ ប៉ុន្តែអ្នកនាំពាក្យរបបតាលីបង់បានព្រមានកាលថ្ងៃចន្ទដើមសប្តាហ៍នេះ មិនឲ្យអាមេរិកបន្តទុកកងទ័ពនៅព្រលានយន្តហោះលើសពីថ្ងៃទី៣១ ខែសីហាជាដាច់ខាត៕ AFP

LEAVE A REPLY

Please enter your comment!
Please enter your name here