អាជ្ញាធរសុខាភិបាលបារាំង កំណត់ការចាក់វ៉ាក់សាំងដូសទី៣ ចាប់ពីខែកញ្ញា ចំពោះមនុស្សដែលប្រឈមខ្លាំង

0
90

លោក Olivier Véran រដ្ឋមន្ត្រីសុខាភិបាលបារាំង បានបញ្ជាក់ឲ្យដឹងកាលពីថ្ងៃអង្គារ ទី២៤ សីហាថា ការចាក់វ៉ាក់សាំងដូសទី៣ នឹងចាប់ផ្តើមចាប់ពីថ្ងៃទី១ ខែកញ្ញា ដោយយោងទៅតាមអនុសាសន៍របស់អាជ្ញាធរ ជាន់ខ្ពស់សុខាភិបាលបារាំង។ ក្រុមមនុស្សដែលពាក់ព័ន្ធក្នុងដំណាក់កាលដំបូង គឺជាមនុស្សចាស់ជរា អាយុចាប់ពី ៨០ឆ្នាំឡើងទៅ អ្នករស់នៅតាមមណ្ឌលចាស់ជរា និងអ្នកជំងឺនៅតាមមន្ទីរពេទ្យ ដែលត្រូវការការព្យាបាលជាប្រចាំ។ ដំណាក់កាលបន្ទាប់ គឺមនុស្សចាស់ អាយុចាប់ពី ៦៥ឆ្នាំ ព្រមទាំងអ្នកដែលមានបញ្ហាសុខភាពងាយប្រឈមគ្រោះថ្នាក់។ ជាសរុប គឺមានមនុស្សប្រមាណ ១៨លាននាក់ ដែលនឹងត្រូវចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ដូសទី៣។ វ៉ាក់សាំងដូសទី៣ គឺជាវ៉ាក់សាំងប្រភេទ ARN Messager របស់មន្ទីរពិសោធន៍ Pfizer/BioNTech ឬ Moderna។ ចំពោះអ្នកដែលចាក់វ៉ាក់សាំងតែ មួយដូស របស់មន្ទីរពិសោធន៍ Janssen ក៏នឹងត្រូវចាក់រំលឹកមួយដូសទៀតដែរ។ នេះបើផ្អែកតាមអនុសាសន៍របស់អាជ្ញាធរជាន់ខ្ពស់សុខាភិបាល។ អាជ្ញាធរនេះផ្តល់អនុសាសន៍ថា វ៉ាក់សាំងរំលឹកបន្ថែម មួយដូសទៀត គឺត្រូវចាក់នៅរវាង ៦ខែក្រោយការចាក់ដូសទី១។ យោងតាមការពន្យល់របស់លោករដ្ឋមន្ត្រីសុខាភិបាលបារាំង គឺអាជ្ញាធរជាន់ខ្ពស់សុខាភិបាលបារាំង បានផ្អែកលើលទ្ធផលស្រាវជ្រាវមួយចំនួន ដែលបានបង្ហាញថា កម្រិតអង់ទីក័រប្រឆាំងមេរោគជម្ងឺកូវីដ១៩ អាចធ្លាក់ចុះខ្សោយ ជាពិសេសជាមួយកូវីដ១៩ ទម្រង់បំប្លែងខ្លួនដែលតា។ ដូច្នេះ ដើម្បីជាការបង្ការ គឺជាការចាំបាច់ដែលត្រូវចាក់វ៉ាក់សាំងដូសទី៣ រំលឹកដាស់ឲ្យសរីរាង្គផលិតអង់ទីក័របន្ថែមទៀត។ អ្នកជំនាញលើកឡើងថា ការថយចុះនូវកម្លាំងអង់ទីក័រប្រឆាំងមេរោគនេះ គឺស្តែងឡើងតែក្នុងកត្តាចម្លងរាលដាល និងទម្រង់អាការៈជំងឺតែប៉ុណ្ណោះ ចំពោះកម្រិតនៃការធ្លាក់ទៅជាឈឺធ្ងន់ធ្ងរ គឺមិនប្រែប្រួលប៉ុន្មានទេ។ កូវីដ១៩ ទម្រង់បំប្លែងខ្លួនដែលតា កំពុងវាយលុកខ្លាំងនៅបារាំង លោករដ្ឋមន្ត្រីសុខាភិបាលបារាំង បានថ្លែងការព្រួយបារម្ភថា រលកឆ្លងរាលដាលទី៤ នឹងខិតមកដល់ក្នុងពេលដ៏ឆាប់ខាងមុខនេះ។ បើគិតពីដើមខែកក្កដាមក ចំនួនអ្នកជំងឺកូវីដ១៩ ដែលមានអាការៈធ្ងន់ធ្ងរខ្លាំង ត្រូវសង្គ្រោះបន្ទាន់បានកើនឡើងមួយទ្វេជាពីរ គឺមានសរុបប្រមាណ ២២០០នាក់៕ AFP

LEAVE A REPLY

Please enter your comment!
Please enter your name here