ការសិក្សាមួយថា គ្រោះទឹកជំនន់នៅអឺរ៉ុប មានទំនាក់ទងនឹងការប្រែប្រួលអាកាសធាតុ

0
45

អ្នកព្យាករណ៍អាកាសធាតុ និងអាជ្ញាធរមូលដ្ឋានរបស់អឺរ៉ុប មានការភា្ញក់ផ្អើលខ្លាំងណាស់ ចំពោះគ្រោះទឹក ជំនន់ដ៏ធំ ដែលបានវាយប្រហារប្រទេសអាល្លឺម៉ង់ ប៊ែលហ្ស៊ិក និងកន្លែងផ្សេងទៀតនៅភាគខាងលិចអឺរ៉ុប   ព្រោះជាព្រឹត្តិការណ៍កម្រនឹងកើតឡើងនៅទីនោះណាស់។ មានមនុស្សចំនួនជិត ២៣០ នាក់ បានស្លាប់ នៅក្នុងគ្រោះទឹកជំនន់ ដែលបានកើតឡើងកាលពីថ្ងៃទី១២ ខែកក្កដា ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ នៅអាល្លឺម៉ង់ ប៊ែលហ្ស៊ិក លុចសំបួ និងហូឡង់។ អាល្លឺម៉ង់ ដែលជាប្រទេសរងគ្រោះពីទឹកជំនន់ខ្លាំងជាងគេ មានជនរងគ្រោះស្លាប់យ៉ាងហោច ១៩០ នាក់ ហើយមានមនុស្សយ៉ាងហោច ៣៨ នាក់ផ្សេងទៀត បានបាត់បង់ជីវិតនៅឯប្រទេសប៊ែលហ្ស៊ិក។ នេះរាប់ចាត់ទុកថា ជាគ្រោះធម្មជាតិទឹកជំនន់ដ៏កាចសាហាវបំផុត កម្រនឹងមានមែនទែន សម្រាប់ប្រទេសអភិវឌ្ឍន៍ ក្នុងតំបន់ភាគខាងលិចអឺរ៉ុប ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។ អ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញស្រាវជ្រាវ ចំនួន ៣៩ នាក់ មកពីគម្រោងព្យាករណ៍អាកាសធាតុពិភពលោក (World Weather Attribution) បានផ្តោតលើកម្រិតនៃការធ្លាក់ភ្លៀង រយៈពេលមួយថ្ងៃ និងពីរថ្ងៃ ហើយបានរកឃើញថា ការធ្លាក់ភ្លៀងមានទំហំធំខ្លាំងដែលមិនធ្លាប់មានពីមុនមកនោះទេ ហើយបានវិភាគលើកំណត់ត្រាអាកាសធាតុ និងធ្វើការពិសោធន៍ស្ថានការណ៍លើកុំព្យូទ័រ ដើម្បីប្រៀបធៀបកម្តៅផែនដីបច្ចុប្បន្ន ដែលមានកម្រិតប្រមាណ ១,២ អង្សា លើសសម័យបុរេឧស្សាហកម្ម និងបានកើតឡើងដោយសារស្នាដៃបំភាយឧស័្មនផ្ទះកញ្ចក់របស់មនុស្ស។ ក្រុមអ្នកស្រាវជ្រាវបានពង្រីកការវិភាគរបស់ពួកគេ និងពិនិត្យមើលទៅផ្នែកមួយចំនួនទៀតរបស់អឺរ៉ុបខាងលិច រួមមាន តំបន់ភាគខាងកើតប្រទេសបារាំង តំបន់ខាងលិចអាល្លឺម៉ង់ តំបន់ខាងកើតប៊ែលហ្ស៊ិក ហូឡង់ លុចសំបួរ និងតំបន់ខាងជើងប្រទេសស្វីស បានរកឃើញថា នៅក្នុងតំបន់លាតសន្ធឹងដ៏ធំខាងលើនេះ ការប្រែប្រួលអាកាសធាតុដែលបង្កឡើងដោយស្នាដៃមនុស្ស បានធ្វើឲ្យភ្លៀងធ្លាក់ខ្លាំង ក្នុងរយៈពេលតែមួយថ្ងៃ ទោះនៅក្នុងរដូវក្តៅក៏ដោយ។ ភ្លៀងធ្លាក់ដ៏ខ្លាំងមានចំនួនកើនឡើងពី ៣ ទៅ ១៩% ដោយសារតែការកើនឡើងកម្តៅផែនដី ដែលបង្កដោយមនុស្ស។ បើតាមលទ្ធផលនៃការសិក្សាដដែលនេះ ប្រសិនបើសីតុណ្ហភាពភពផែនដីនៅតែបន្តកើនឡើងដូចពេលបច្ចុប្បន្នទៀតនោះ គ្រោះទឹកជំនន់ធ្ងន់ធ្ងរដូចនៅអាល្លឺម៉ង់នាពេលនេះអាចកើនឡើង ៩ដង ក្នុងពេលអនាគតខាងមុខ។ ការប្រែប្រួលអាកាសធាតុ គឺជាបញ្ហាប្រឈមសកល និងបន្ទាន់ណាស់ ដូច្នោះហើយអ្នកជំនាញបានទាញសញ្ញាអាសន្នថា បើមេដឹកនាំពិភពលោកមិនព្រមគិតគូរ ដោះស្រាយនឹងវិបត្តិអាកាសធាតុឲ្យបានឆាប់ និងប្រកបដោយប្រសិទ្ធភាពនោះ គ្រោះមហន្តរាយអាកាសធាតុនឹងកើតមានកាន់តែញឹកញាប់ និងសាហាវខ្លាំងឡើង៕ AP

LEAVE A REPLY

Please enter your comment!
Please enter your name here