សមាជិកសហភាពអឺរ៉ុបជំរុញឱ្យអង្គការសហប្រជាជាតិ បញ្ចេញសកម្មភាពទប់ស្កាត់លំហូរជនអន្តោប្រវេសន៍

0
50

នាយករដ្ឋមន្ត្រីប៉ូឡូញ ឡេតូនី លីទុយអានី និងអេស្តូនី បានចេញសេចក្តីថ្លែងការណ៍រួមថា “រដ្ឋាភិបាលរបស់លោក អាឡិចសង់ លូកាឆេនកូ បានរៀបគម្រោង និងរៀបចំឱ្យមានចរន្តអន្តោប្រវេសន៍ហូរចូលអឺរ៉ុប ជាស្វ័យ ប្រវត្តិ។ នារយៈពេលប៉ុន្មានខែចុងក្រោយនេះ មានអន្តោប្រវេសន៍រាប់ពាន់នាក់ ភាគច្រើនជាពលរដ្ឋមានដើមកំណើតនៅតំបន់ដើមបូព៌ា បានរត់ឆ្លងចូលមកក្នុងទឹកដីសហភាពអឺរ៉ុប តាមព្រំដែនបេឡារុស។ សម្រាប់សហភាពអឺរ៉ុប នេះជាទម្រង់មួយនៃការវាយប្រហារសងសឹកពីសំណាក់បេឡារុសចំពោះសហភាពអឺរ៉ុប ដែលទើបបានដាក់ទណ្ឌកម្មរបបដឹកនាំបេឡារុសយ៉ាងចាស់ដៃ។ ក្រុមប្រទេសទាំងបួន យល់ថា ទង្វើមិនល្អរបស់បេឡារុសលើជនអន្តោប្រវេសន៍ គួរតែត្រូវបញ្ជូនទៅឱ្យអង្គការសហប្រជាជាតិ ជាពិសេស ក្រុមប្រឹក្សាសន្តិសុខចាត់ចែង។ នេះបើតាមសេចក្តីថ្លែងការណ៍ដែលបានគូសបញ្ជាក់ និងស្នើសុំឱ្យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន ចាត់វិធានការ ដើម្បីសម្រួលស្ថានការណ៍ និងជំរុញឱ្យបេឡារុសគោរពច្បាប់អន្តោប្រវេសន៍អន្តរជាតិ។

ជាមួយនឹងពាក្យប្តេជ្ញាការពារជនអន្តោប្រវេសន៍ទាំងនោះស្របតាមច្បាប់អន្តរជាតិ បើពួកគេបានឆ្លងមកដល់ក្នុងទឹកដីខ្លួន ប្រទេសទាំងបួនក៏បានជំរុញឱ្យសហភាពអឺរ៉ុបរឹតបន្តឹងវិធានការដែរ ដើម្បីកុំឱ្យមានករណីលំហូរអន្តោប្រវេសន៍រៀបចំដោយបេឡារុសទៀត។ រដ្ឋមន្ត្រីក្រសួងការពារជាតិប៉ូឡូញ បានថែមទាំងប្រកាសតាមប្រព័ន្ធសង្គមថា ប៉ូឡូញនឹងសាងសង់ជញ្ជាំងកម្ពស់ ២ម៉ែត្រកន្លះ នៅតាមបណ្តោយព្រំដែនជាមួយបេឡារុស ប្រវែង ៤០៧ គីឡូម៉ែត្រ ដើម្បីកុំឱ្យជនអន្តោប្រវេសន៍អាចឆ្លងចូលទឹកដីប៉ូឡូញបាន។ ប៉ូឡូញ ឡេតូនី និងលីទុយអានី ជាសមាជិកសហភាពអឺរ៉ុប ដែលមានព្រំដែនជាប់ជាមួយបេឡារុស។ អាជ្ញាធរបេឡារុសតែងតែរុញអន្តោប្រវេសន៍ចេញពីប្រទេសឆ្ពោះទៅព្រំដែនអឺរ៉ុប ជាហេតុធ្វើឱ្យពួកគេធ្លាក់ក្នុងស្ថានភាពទ័លច្រក។ ក្រុមជនភៀសខ្លួនអាហ្វហ្កានីស្ថានមួយក្រុមកំពុងជាប់កុនតាំងពី ពីរសប្តាហ៍មកហើយ នៅចំណុចព្រំដែនរវាងប៉ូឡូញ និងប៉េឡារុស៕ AP

LEAVE A REPLY

Please enter your comment!
Please enter your name here