Pacquiao ត្រៀមប្រកាសពីការសម្រេចចិត្តឈរឈ្មោះ ជាប្រធានាធិបតីហ្វីលីពីន នៅខែកញ្ញា

0
34

លោក Manny Pacquiao នឹងប្រកាសពីការសម្រេចចិត្ត ជុំវិញការឈរឈ្មោះជាប្រធានាធិបតីហ្វីលីពីន នាខែកញ្ញាខាងមុខ។ ការលើកឡើងបែបនេះធ្វើឡើង បន្ទាប់ពីលោកចាញ់ការប្រកួតដណ្ដើមខ្សែក្រវាត់សមាគមប្រដាល់ពិភពលោក WBA ទល់នឹងកីឡាករប្រដាល់សញ្ជាតិគុយបាលោក Yordenis Ugas កាលពីថ្ងៃអាទិត្យ។ សមាជិកព្រឹទ្ធសភាហ្វីលីពីនរូបនេះ បានថ្លែងនៅក្នុងសន្និសីទកាសែតបញ្ចប់ការប្រកួតថា៖ «ខ្ញុំនឹងធ្វើសេចក្ដីប្រកាសចុងក្រោយ នៅខែក្រោយនេះ ខ្ញុំដឹងថា ខ្ញុំកំពុងតែប្រឈមមុខនឹងពិភពលោកដ៏ពិបាក ជាងពិភពប្រដាល់នេះទៅទៀត តែខ្ញុំចង់ជួយប្រជាជនរបស់ខ្ញុំ»។ បុរសវ័យ ៤២ ឆ្នាំរូបនេះ បន្ថែមថា «ពួកយើងបានសម្រេចក្ដីសុបិន ក្នុងនាមជាអ្នកប្រដាល់។ ខ្ញុំជាអ្នកប្រដាល់ទាំងក្នុងសង្វៀន និងក្រៅសង្វៀន។ ខ្ញុំរីករាយនឹងត្រឡប់ទៅកាន់ហ្វីលីពីនវិញ ដើម្បីបម្រើប្រជាជនរបស់ខ្ញុំ»។ ចំពោះស្ថានភាពនយោបាយហ្វីលីពីននៅពេលនេះវិញ លោក Pacquiao កំពុងតែមានទំនាក់ទំនងប្រេះឆា ជាមួយនឹងលោកប្រធានាធិបតី Rodrigo Duterte ខណៈបុរសទាំង២ រូបនេះ មានទំនាក់ទំនងល្អូកល្អិនណាស់ នៅមុនឆ្នាំ ២០២១ នេះ។ ដំណើរនយោបាយរបស់លោក Pacquiao មានសភាពរលូន និងឡើងខ្ពស់បានយ៉ាងលឿន។ លោកឡើងធ្វើជាសមាជិកសភាជាន់ទាបរបស់ហ្វីលីពីន នៅឆ្នាំ២០១០ ហើយនៅឆ្នាំ២០១៦ លោកក៏បានជាប់ឆ្នោត ធ្វើជាសមាជិកព្រឹទ្ធសភា ថែមទាំងបានធ្វើជាប្រធានគណៈកម្មការទទួលបន្ទុកលើផ្នែកសីលធម៌ និងភាពថ្លៃថ្នូររបស់សមាជិកព្រឹទ្ធសភាទៀត។ ការស្ទង់មតិរបស់ក្រុមហ៊ុនស្រាវជ្រាវរបស់ហ្វីលីពីន PulseAsia កាលពីខែមិថុនាកន្លងទៅ បានឱ្យដឹងថា កីឡាករប្រដាល់ប្រែក្លាយជាអ្នកនយោបាយលោក Manny Pacquiao ស្ថិតក្នុងចំណោមបេក្ខជន/បេក្ខនារី នាំមុខទាំង ៥ រូប។ តាមលទ្ធផលស្ទង់មតិនេះ លោកទទួលបានការគាំទ្រតែ ៨ ភាគរយប៉ុណ្ណោះ ខណៈលោកស្រី Sarah Duterte កំពុងឈរលេខ ១ ដោយមានការគាំទ្រ ២៨ ភាគរយ។ អភិបាលក្រុងម៉ានីលក្នុងពេលបច្ចុប្បន្ននេះ ក៏ដូចជា កូនប្រុសរបស់អតីតមេដឹកនាំផ្ដាច់ការហ្វីលីពីន Ferdinand Marcos សុទ្ធតែនាំមុខលោក Pacquiao នៅក្នុងការស្ទង់មតិនេះ។ លោក Richard Heydarian  អ្នកអត្ថាធិប្បាយនយោបាយហ្វីលីពីន បានសរសេរនៅក្នុងវិចារណកថាមួយ នៅសារព័ត៌មាន Nikkei Asian Review ថា លោក Pacquiao កំពុងតែក្លាយជាសម្ព័ន្ធមិត្តដ៏មានសក្ដានុពល សម្រាប់ក្រុមអ្នកប្រឆាំងលោក Duterte។ ប្រសិនលោកឈរឈ្មោះជាមួយគូប្រជែង Duterte លោកអាចនឹងប្រមូលសំឡេងគាំទ្រពីមូលដ្ឋានភាគខាងត្បូងហ្វីលីពីន។ លោកស្រី Clarita Carlos សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ នៃសាកលវិទ្យាល័យហ្វីលីពីន យល់ឃើញថា លោក Pacquiao ជាអ្នកនយោបាយចិត្តធម៌ ១ រូប ដែលមានបំណងបម្រើប្រជាជន បើតាមការសង្កេតមើលតាមរយៈសកម្មភាព ដែលលោកបានធ្វើនាពេលកន្លងមក៕ AFP

LEAVE A REPLY

Please enter your comment!
Please enter your name here