អ៊ុយក្រែនរៀបចំវេទិកាអន្តរជាតិ ស្តីពីគ្រីមៀរ ម៉ូស្គូស្រែកប្រឆាំង

0
25

“កិច្ចខិតខំប្រឹងប្រែងរួមរបស់អន្តរជាតិត្រូវតែរុញរុស្ស៊ីឱ្យចូលមកអង្គុយចរចា អំពីដែនដីគ្រីមៀររបស់អ៊ុយក្រែន។ អ៊ុយក្រែនតែម្នាក់ឯងមិនអាចយកគ្រីមៀរបានមកវិញទេ ត្រូវតែមានការគាំទ្រកំរិតអន្តរជាតិ ទើបអាចរំដោះតំបន់គ្រីមៀរបាន”។ នេះជាសុន្ទរកថារបស់លោក Volodynmyr Zelenski ប្រធានាធិបតីអ៊ុយក្រែន នាឱកាសបើកវេទិកាអន្តរជាតិ ស្តីពីគ្រីមៀរ ដោយបានទទួលការគាំទ្រពីប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប លោក Charles Michel ថា អ៊ុយក្រែននឹងមិនឯកា ហើយគ្រីមៀរ គឺជារបស់អ៊ុយក្រែន។ “ការក្រសោបយកគ្រីមៀរ” ជាទង្វើរំលោភបំពានសន្តិសុខអឺរ៉ុបយ៉ាងងងើលបំផុត។ នេះបើតាមប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រីស៊ុយអែត។ នេះជាលើកទីមួយ គិតចាប់តាំងពីគ្រីមៀរធ្លាក់ក្នុងកណ្តាប់ដៃរុស្ស៊ីមក ដែលមានការរៀបចំវេទិកាអន្តរជាតិ ដើម្បីគ្រីមៀរនៅលើទឹកអ៊ុយក្រែន ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃចន្ទ ទី២៣ ខែសីហា មានការចូលរួមពីតំណាងជាច្រើនប្រទេស និងប្រមុខរដ្ឋ-រដ្ឋាភិបាល ១៥ ប្រទេស មានជាអាទិ៍ ប៉ូឡូញ ម៉ុលដាវី ឬស៊ុយអែត ជាដើម។ ចំណែកបារាំង អាល្លឺម៉ង់ សហរដ្ឋអាមេរិក និងតួកគី បានបញ្ជូនតំណាងត្រឹមជារដ្ឋមន្ត្រី ឬ ប្រធានសភាមកចូលរួម។ ប៉ុន្តែដោយគ្មានការភ្ញាក់ផ្អើល ក្រឹមឡាំងបានបញ្ចេញប្រតិកម្មបរិហារភ្លាម ដោយចាត់ទុកវេទិកាអន្តរជាតិ ស្តីពីគ្រីមៀរ ជាព្រឹត្តិការណ៍ប្រឆាំងនឹងរុស្ស៊ី។ បើតាមសារព័ត៌មានអ៊ុយក្រែន រុស្ស៊ីបានដាក់សម្ពាធលើបណ្តាប្រទេសជាច្រើន តាំងពីមុនវេទិកាបើកមិនឱ្យមកចូលរួម ក្នុងជំនួបអន្តរជាតិនេះទេ និងថែមទាំងបានដាក់ទណ្ឌកម្មលើរូបលោករដ្ឋមន្ត្រីក្រសួងការបរទេសអ៊ុយក្រែន Dmytro Kouleba ដើម្បីសងសឹក ចំពោះសកម្មភាពរៀបចំវេទិកាអន្តរជាតិ ស្តីពីគ្រីមៀរនេះ។ សូមរំឭកថា គ្រីមៀរបានធ្លាក់ក្នុងកណ្តាប់ដៃរុស្ស៊ី នៅខែមីនា ឆ្នាំ២០១៤ ក្រោយមានផ្ទុះចលនាបដិវត្តនៅទីក្រុងគៀវ ដែលម៉ូស្គូចាត់ទុកជារដ្ឋប្រហារ។ ហេតុការណ៍នោះបានជំរុញឱ្យមានសង្គ្រាមនៅភាគខាងកើតអ៊ុយក្រែន ទល់នឹងចលនាទាមទារផ្តាច់ទឹកដីគាំទ្រដោយរុស្ស៊ីទៀតផង៕ AFP

LEAVE A REPLY

Please enter your comment!
Please enter your name here