ក្រុមតាលីបង់គំរាមអំពីផលវិបាកធ្ងន់ធ្ងរ ប្រសិនបើអាមេរិកមិនដកទ័ពឲ្យអស់នៅថ្ងៃទី៣ ១ ខែសីហាទេនោះ

0
36

លោក ចូ បៃដិន បានបង្ហើបឲ្យដឹងកាលពីរសៀលថ្ងៃអាទិត្យ ទី២២ ខែសីហាថា លោកអាចនឹងសម្រេចអនុញ្ញាតឲ្យកងទ័ពអាមេរិកបន្តនៅយាមសន្តិសុខនៅព្រលានយន្តហោះក្រុងបាប៊ុល លើសពីថ្ងៃទី៣១ ខែសីហា ដើម្បីការពារប្រតិបត្តិការជម្លៀសមនុស្សចេញពីក្រុងកាប៊ុល។ ភ្លាមៗក្រោយដំណឹងនេះ អ្នកនាំពាក្យក្រុមតាលីបង់ឈ្មោះ Suhail Shaheen បាននិយាយប្រាប់ទូរទស្សន៍ Sky News ដោយបានដំឡើងសំឡេងគំរាមអាមេរិកថា មិនយល់ព្រមឲ្យអាមេរិកបន្តទុកកងទ័ពនៅព្រលានយន្តហោះ លើសពីថ្ងៃទី៣១ ខែសីហាជាដាច់ខាត ពុំនោះទេកងទ័ពអាមេរិកនឹងមានផលវិបាកធ្ងន់ធ្ងរ។ ដោយឡែក យោងតាមប្រភព ២ផ្សេងទៀត នៃសមាជិកក្រុមតាលីបង់ បានលើកឡើងថា ក្រុមតាលីបង់នឹងមិនរៀបចំរដ្ឋាភិបាលទេ ប្រសិនបើអាមេរិកនៅតែបន្តទុកកងទ័ពនៅលើដីអាហ្វហ្កានីស្ថាន។ កាលពីព្រឹកថ្ងៃចន្ទ ទី២៣ ខែសីហា ភាពចលាចលនៅព្រលានយន្តហោះក្រុងកាប៊ុលបានបង្កឲ្យមានការផ្ទុះអាវុធ ពីសំណាក់ទាហានអាមេរិក និងទាហានអាល្លឺម៉ង់ បាញ់ទៅលើជនក្រុមជនមិនស្គាល់មុខ បណ្តាលឲ្យស្លាប់មនុស្សម្នាក់។ កាលពីថ្ងៃអាទិត្យ មន្ត្រីតាលីបង់ម្នាក់ទៀត ឈ្មោះ Amir Khan Mutaqi បាននិយាយស្តីបន្ទោសកងទ័ពអាមេរិកថា គ្មានសមត្ថភាព មិនអាចរក្សាសណ្តាប់ធ្នាប់នៅក្នុងព្រលានយន្តហោះក្រុងកាប៊ុល ធ្វើឲ្យមានចលាចលកើតឡើង ខណៈដែលស្ថានភាពទូទៅនៅខាងក្រៅក្នុងក្រុងកាប៊ូលមានភាពស្ងប់ស្ងាត់ធម្មតា។ យោងតាមតួលេខផ្សាយ ដោយសេតវិមានអាមេរិក គិតចាប់ពីថ្ងៃទី១៤ ខែសីហាមក សហរដ្ឋអាមេរិកបានជួយជម្លៀសមនុស្សប្រមាណ ៣០ ៣០០នាក់ហើយ និងរំពឹងថា នឹងអាចជម្លៀសជនជាតិអាមេរិកឲ្យបាន ១៥០០០នាក់ និងប្រជាជនអាហ្វហ្កានីស្ថាន ពី ៥ ទៅ ៦ម៉ឺននាក់។ ដោយឡែក អាល្លឺម៉ង់ បានអះអាងថា គេបានជម្លៀសមនុស្សចេញពីក្រុងកាប៊ុល ប្រមាណ ២៥០០នាក់ ចំណែកអង់គ្លេសបានជួយជម្លៀសបានប្រហែល ៥៧០០នាក់ហើយ។ កាលពីថ្ងៃអាទិត្យ លោក បីរីស ចនសុន នាយករដ្ឋមន្ត្រីអង់គ្លេស បានលើកឡើងថា លោកនឹងដឹកនាំការប្រជុំ G7 ដើម្បីនិយាយគ្នា អំពីលទ្ធភាពនៃបន្តប្រតិបត្តិការជម្លៀសមនុស្សចេញពីក្រុងកាប៊ុលតាមផ្លូវអាកាស៕ AP

LEAVE A REPLY

Please enter your comment!
Please enter your name here