អ្នកជំនាញបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងមមាញឹកក្នុងការងារជួសជុល ដើម្បីជួយសង្គ្រោះប្រាសាទតាដុង នៅជើងភ្នំគូលែន !

0
28

លោក ពុទ្ធ សុទ្ធ មន្ត្រីបច្ចេកទេស នៃនាយកដ្ឋានអភិរក្សប្រាសាទ ក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរា មានឱ្យដឹងនៅរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១នេះថា ក្រុមអ្នកបច្ចេកទេស នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ របស់អាជ្ញាធរជាតិអប្សរា បាននឹងកំពុងមមាញឹកក្នុងការចាត់វិធានការទល់ទ្រពង្រឹង ដើម្បីជួយសង្រ្គោះប្រាសាទតាដុងនេះ ឱ្យជៀសផុតពីហានិភ័យ ក្នុងដំណាក់កាលទី១។ ការងារនេះត្រូវបានធ្វើឡើងបន្ទាប់ពីក្រុមការងារបានមើលឃើញ ពីហានិភ័យរបស់ប្រាសាទតាដុងនេះ។

មន្ត្រីបច្ចេកទេសរូបនេះ បានឲ្យដឹងបន្ថែមថា ការងារនេះធ្វើឡើងក្នុងគោលបំណងអភិរក្ស និងអភិវឌ្ឍន៍ប្រាង្គប្រាសាទបុរាណមួយនេះ បានគង់វង្សយូរអង្វែងជាកេរតំណែលទុកអោយកូនចៅជំនាន់ក្រោយបានស្គាល់ និងទស្សនា។ ចំពោះការទល់ទ្រប្រាសាទនេះក្រុមការងារបច្ចេកទេស បានចាប់ផ្ដើមដំណើរការពីថ្ងៃទី២៤ ខែកក្កដាមកម្លេះដោយក្រុមការងារបានរៀបចំទល់ទ្រសង្រ្គោះបន្ទាន់ នៅតាមផ្នែកជញ្ជាំងខាងកើត ខណ:ដែលឥដ្ឋប្រាសាទ ដែលមានសភាពចាស់ពុកផុយបម្រុងជ្រុះធ្លាក់ និងសម្អាតបរិវេណជុំវិញប្រាសាទ។ ជាមួយគ្នានោះ ក្រុមអ្នកបច្ចេកទេសក៏បានធ្វើការសិក្សា និងលើកគម្រោងជួសជុល ដើម្បីលើកតម្លៃប្រាសាទតាដុងសម្រាប់ផែនការឆ្នាំខាងមុខបន្ថែមទៀត។

សូមបញ្ជាក់ថា ប្រាសាទតាដុងកសាងឡើងអំពីឥដ្ឋ បែរមុខទៅទិសខាងកើត ក្នុងរចនាបទគូលែន នាអំឡុងសតវត្សរ៍ទី៩ នៃគ.ស មានទីតាំងស្ថិតនៅភាគខាងកើតនៃ ជម្រាលជើងភ្នំគូលែន ក្នុងភូមិជប់លើឃុំស្វាយលើ ស្រុកស្វាយលើ។ បច្ចុប្បន្ន ឥដ្ឋ នៃខឿនមួយផ្នែករបស់ប្រាសាទនេះបានពុកផុយជ្រុះធ្លាក់យ៉ាងខ្លាំង ដោយសារតែមានដើមឈើដុះលើជញ្ជាំង និងដំបូលប្រាសាទ។ ចំណែករួតទី១ ផ្នែកខាងកើតក៏ជ្រុះធ្លាក់ដោយ សារដើមឈើរលំលើ បណ្ដាលឱ្យមានស្នាមប្រេះហែកជញ្ជាំងទាំងបីជ្រុង៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here