អ្នកបើកបររថយន្តងងុយដេក រេចង្កូតធ្លាក់ផ្លូវបុកដើមឈើ ធ្វើឲ្យឆេះឡានខ្ទេច

0
254

លោកវរសេនីយ៍ឯក ពេទ ពុំសែន អធិការនគរបាលស្រុកពួក បានឲ្យដឹងថា កាលពី៊ព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១នេះថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយខ្លួនឯង នៅលើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រ លេខ 334-335 ស្ថិតនៅក្នុងភូមិទួលរវៀង ឃុំល្វា ស្រុកពួក ខេត្តសៀមរាប ដោយសារអ្នកបើកបររថយន្តម៉ាកហ៊ីយ៉ាន់ដាយ ចំណុះ 2,5 តោន ពណ៌ស ពាក់ផ្លាកលេខ កំពង់ស្ពឺ 3A.1335 មានសភាពងងុយដេក ហើយរ៉េចង្កូតធ្លាក់ផ្លូវ ទៅបុកនឹងដើមពុទ្រា ធ្វើឱ្យឆេះរថយន្ត បណ្តាលមនុស្សម្នាក់រងរបួសស្រាល ។

លោកវរសេនីយ៍ឯក ពេទ ពុំសែន បានឲ្យដឹងទៀតថា អ្នកបើកបររថយន្តឈ្មោះ លី សុខា ភេទប្រុស អាយុ ២៩ ឆ្នាំ រស់នៅភូមិស្រែ១០០ ឃុំចំការសំរោង ស្រុកបាត់ដំបង ខេត្តបាត់ដំបង បានដឹកអ្នករួមដំណើរចំនួន ៣នាក់ ដែលរស់នៅភូមិស្រែ១០០ ជាមួយគ្នា គឺ ៖ ១.ឈ្មោះ ជួន សុចិន អាយុ ១៨ឆ្នាំ , ២. ឈ្មោះ សុខ លីន ភេទប្រុសអាយុ ១៨ឆ្នាំ និង ៣. ឈ្មោះ សុគុណ ភេទប្រុស អាយុ ១៨ឆ្នាំ រងរបួសស្រាល រថយន្តបានបើកបរមកពីទិសដៅខាងលិចឆ្ពោះទៅកើត ដោយសារមានសភាពងងុយដេក រថយន្តបានរ៉េចង្កូតធ្លាក់ទៅប្រឡាយផ្លូវខាងត្បូង បុកដើមពុទ្រា បណ្តាលឱ្យឆេះរថយន្តខ្ទេចអស់ទាំងស្រុងតែម្តង សំណាងល្អមានតែមនុស្សម្នាក់ប៉ុណ្ណោះ ដែលរងរបួសស្រាល ។

លោកអធិការនគរបាលស្រុក បានបញ្ជាក់ទៀតថា ក្រោយកើតហេតុ លោកបានបញ្ជាកម្លាំងអធិការដ្ឋាននគរបាលស្រុកពួក យករថយន្តពន្លត់អគ្គិសនីជួយសង្គ្រោះ ចំនួន ១ឡាន ដើម្បីជួយអន្តរាគមន៍។ ក្នុងនោះ ប្រើប្រាស់ឡានទឹកអស់ ១ឡាន ទើបពន្លត់បាន។ រីឯអ្នកបើកបរ និងអ្នករួមដំណើរ ត្រូវបានកម្លាំងនគរបាលជំនាញ ធ្វើកំណត់ហេតុ ប្រគល់ឱ្យម្ចាស់យកមនុស្សទៅផ្ទះវិញ ទាំងរថយន្តដែលឆេះ ហៅរថយន្តស្ទួចយកទៅផងដែរ កាលពីព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១នេះរួចរាល់អស់ហើយ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here